ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន និងជាម្ចាស់ឧបត្ថម្ភធំរបស់ក្លឹបបាល់ទាត់ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ២០១៦ បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ដ៏ពិសេស ដែលក្រុម SCG MuangThong United នឹងប្រកួតជាមួយក្រុម K-Cement Cambodian All Stars នៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានអូឡាំពិក ហើយការប្រកួតនេះ ក៏នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ បាយ័នផងដែរ។
ការប្រកួតនេះជាការប្រកួតមួយ ដែលមានការទន្ទឹងរងចាំពីអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននៅក្នុងប្រទេសកម្ពុជា ពីព្រោះក្រុម K-Cement Cambodian All Stars គឺជាក្រុមមួយដែលបានជ្រើសរើសជាពិសេស ដោយសម្រិតសម្រាំងកីឡាករមានទេពកោសល្យ ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជាលោក ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។ ចំណែក ក្រុម SCG MuangThong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ។ នៅរដូវកាលនេះ ក្រុម SCG MuangThong United បានជាប់លេខពីរនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសថៃ។
ក្នុងសន្និសីទកាសែត លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជា បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ 2016 គឺជា “ការបង្ហាញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SCG ក្នុងការក្លាយជាក្រុមហ៊ុនអាជីវកម្មប្រកបដោយនិរន្តរភាព ឈានមុនគេមួយនៅតំបន់អាស៊ាន ។” លោកបន្ថែមថា “ខ្ញុំជឿថា ការប្រកួតនេះនឹងជួយពង្រឹងចំណងមិត្តភាពក្នុងចំណោមប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន ។ ហើយព្រឹត្តិការណ៍នេះ ក៏ដូចជាការស្វាគមន៍ចំពោះការចាប់ផ្តើសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬ AEC ព្រមទាំងអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនង កម្ពុជា-ថៃផងដែរ ។
លោក Pol ChomChuen អនុប្រធានចាត់ការទូទៅ របស់ក្រុម SCG MuangThong United បាននិយាយថា “ការប្រកួតនេះគឺជា ឱកាសសម្រាប់ល្អសម្រាប់ពួកយើង ក្នុងអំឡុងរដូវកាលមុនលីកអាស៊ាន AFC Champions League ។ យើងបានដាក់កីឡាករខ្លាំងៗរបស់ក្លឹបរបស់យើង សម្រាប់ការប្រកួតដ៏ពិសេសនេះ ។ វិស័យបាល់ទាត់នៅកម្ពុជាបានរីកចំរើនយ៉ាងច្រើន ដូច្នេះ ការប្រកួតនេះនឹងឲ្យវាយតម្លៃសមត្ថភាពរបស់កីឡាករយើង ក៏ដូចជាលើកកម្ពស់ស្តង់ដារវិស័យកីឡាបាល់ទាត់នៅក្នុងតំបន់អាស៊ានផងដែរ។
ចំណែកលោក រិទ្ធី សំណាង តំណាងប្រធានក្រុម K-Cement Cambodian All Stars និងជាប្រធានក្លិបភ្នំពេញក្រោនបាននិយាយថា “បន្ថែមពីការលើកកម្ពស់ស្តង់ដារបាល់ទាត់នៅកម្ពុជា នេះក៏ជាឱកាសសម្រាប់សកម្មភាពមនុស្សធម៌ផងដែរ។ ការដែលក្រុមហ៊ុន SCG រៀបចំកម្មវិធីដ៏ធំបែបនេះ ជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះប្រទេសកម្ពុជា ។ ហេតុនេះហើយ ខ្ញុំមានមោទនភាពដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ។”
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុម K-Cement Cambodian All Stars បានរៀបរាប់ថា លោកស្វាគមន៍ចំពោះការប្រកួតនេះ និងជឿរជាក់ថាការប្រកួតនេះនឹងល្អមើលជាក់ជាមិនខាន ។ លោកបន្ថែមទៀតថា “វិស័យកីឡាបាល់ទាត់កម្ពុជាកំពុងរីកចំរើនឡើងជាលំដាប់ ហើយនេះជាឱកាសល្អមួយសម្រាប់បង្ហាញសមត្ថភាពរបស់យើង។”
លោក Datsakorn Thonglao កាពីទែនក្រុម SCG MuangThong United និយាយថា “យើងមានអារម្មណ៍រំភើបខ្លាំងណាស់ ចំពោះការប្រកួតដ៏ពិសេស ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ នេះជាការបង្ហាញឲ្យឃើញថា វិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ានកំពុងរីកចំរើនឡើង។ កីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ចាប់ផ្តើមមានប្រជាប្រិយភាព ហើយខ្ញុំជឿថាអ្នកគាំទ្រដែលមកទស្សនាការប្រកួតនេះ ពិតជាមិនខកចិត្តឡើយ ។ យើងនឹងលេងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យការប្រកួតជក់ចិត្តដិតអារម្មណ៍។” ចំណែក លោក ធារី ចន្ថាប៊ីន កាពីទែនក្រុម K-Cement Cambodian All Stars បានលើកឡើងថា ការប្រកួតនេះជាឱកាសសម្រាប់លោកដុសខាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ។
តាមសេចក្តីប្រកាសបានបញ្ជាក់ដែរថា ជាផ្នែកនៃព្រឹត្តិការណ៍នេះ កីឡាករអាជីពក្នុងក្រុម SCG MuangThong United នឹងរៀបចំសកម្មភាពបណ្តុះបណ្តាលជំនាញបាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជាប្រមាណ ២០០នាក់ ក្នុងកម្មវិធី “Kick and Share by SCG” សំដៅជំរុញការលេងកីឡាក្នុងចំណោមកុមារ និងការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
សំបុត្រចូលទស្សនាការប្រកួតអាចរកបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ មករា ដោយតម្លៃសំបុត្រគឺ ១ ដុល្លារសម្រាប់សំបុត្រធម្មតា និង២ ដុល្លារសម្រាប់សំបុត្រវីអាយភី (កន្លែងអង្គុយដែលមានដំបូល) ។ បន្ថែមពីនេះ អ្នកចូលរួមអាចទិញអាវអនុស្សាវរីយ៍ មួយតម្លៃ៥ ដុល្លារ ឬអាវយឺតសុទ្ធរបស់ក្រុម SCG MuangThong United ដែលនឹងមានដាក់លក់តែចំនួន២៦០ អាវប៉ុណ្ណោះ ។ ថវិកាដែលទទួលបានពីការលក់សំបុត្រលក់អាវអនុស្សាវរីយ៍ និងអាវយឺតក្រុម SCG MuangThong United នឹងបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង៕
SCG MuangThong United ត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តការណ៍ ASEAN Tour ឆ្នាំ ២០១៦ នៅកម្ពុជា
0 Comments