បាត់ដំបង ៖ នាវេលាម៉ោងប្រមាណជា២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចសួននាគបាញ់ទឹក កណ្ដាលក្រុងបាត់ដំបង ម្តុំទីតាំងខនសឺតរបស់ស្រាបៀលីអូ បានកើតការប្រទូសរ៉ាយគ្នាមួយរវាងជនជាតិថៃ និងថៃ បង្កឲ្យមានរបួសស្នាម។
ហើយហេតុការណ៍នេះដែរ បណ្ដាលមកពីការស្រវឹងទាំងសងខាង រវាងក្រុមការងាររបស់ខនសឺតលីអូ ជាមួយក្រុមការងារលក់ផលិតផលក្បែរទីនោះ និងមានការវាយតប់គ្នាដួល តុ កៅអី ដែលដាក់តាំងសម្រាប់ឲ្យអតិថិជនផឹកស្រាបៀរាយពេញថ្នល់តែម្តង ធ្វើឲ្យសមត្ថកិច្ចនៃព្រហ្មទណ្ឌកម្រិតស្រាលបានចុះមកឃាត់នាំខ្លួនជនជាតិថៃចំនួន៥នាក់ ដែលពួកគេទាំងនោះសុទ្ធសឹងតែជាក្រុមការងាររបស់ខនសឺតស្រាបៀលីអូ យកទៅសាកសួរ។
ដោយឡែកភាគីម្ខាងទៀតមិនទាន់ឃើញមកដាក់ពាក្យបណ្តឹងនោះទេ ដូច្នេះវាជាផលវិបាកមួយសម្រាប់សមត្ថកិច្ចធ្វើការ ដោយសារនាំបានតែម្ខាង ឯម្ខាងទៀតមិនឃើញស្រមោលសោះ។
រហូតដល់ព្រឹកនេះទើបសមត្ថកិច្ចសួរចប់ ហើយដោយមានការបញ្ជាក់អះអាងពីលោក ម៉េង លាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បច្ចុប្បន្ននេះកំពុងតែធ្វើការស៊ើបអង្កេតសិន ដោយសារតែភាគីម្ខាងយើងនាំខ្លួនទៅសាកសួរមានតែភាគីម្ខាង ហើយភាគីម្ខាងទៀត គឺមិនទាន់ដឹងច្បាស់ទេ គ្រាន់តែដឹងថាជាជម្លោះព្រោះរឿងផឹកស៊ីបន្តិចបន្តួច ហើយមើលមុខគ្នាវាយប្រាវតែម្ដង៕
ជនជាតិថៃ២ក្រុម ផឹកស៊ីមើលមុខគ្នាតិចតួច វាយប្រាវផ្អើលក្រុងបាត់ដំបង
0 Comments