Ad Code

នាំ​ជន​សង្ស័យ​ជំរិត​ទារ​ប្រាក់​ពី​ថៅកែ​​​ស្រូវ​ ទៅ​បង្ហាញ​ទីតាំង​លាក់​អាវុធ

កំពង់ស្ពឺ ​៖ ​ជន​សង្ស័យ​ចំនួន​២​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​លុយ​២​ម៉ឺន​ដុល្លារ​ពី​ថៅកែ​​​ស្រូវ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦ ហើយ​សមត្ថកិច្ច​កំពុង​ដឹក​ពួកគេ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​លាក់​អាវុធ។ ដោយឡែក​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ឃាត់ខ្លួន​បាន​កាលពី​លើក​មុន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​អស់​ហើយ ដោយសារ​មិន​ពាក់ព័ន្ធ។


លោក​ឧត្ដមសេនីយ៍​ សោម បូរ៉ា ស្នងការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​នៅ​មុន​នេះ​បន្តិច​ថា ជនសង្ស័យ​២​នាក់​ក្នុង​ករណី​ចាប់ចង​​​​​ថៅកែ​ស្រូវ​ និង​ចង​ការ​ប្រាក់​ជំរិត​យក​លុយ​២​ម៉ឺន​ដុល្លារ​នោះ ពិតជា​ត្រូវ​បាន​ចាប់ខ្លួន​មែន តែ​លោក​មិន​អាច​ទាន់​បង្ហើប​បានទេ ដោយសារតែ​សមត្ថកិច្ច​កំពុងតែ​ប្រតិបត្តិការ​រុករក​អាវុធ ដែល​ជនសង្ស័យ​ឆ្លើយ​សារភាព​លាក់​ទុក​នៅ​ក្រុងភ្នំពេញ​។ ពេលនេះ​កម្លាំង​កំពុង​ដឹក​ជនសង្ស័យ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​ចង្អុលបង្ហាញ​អាវុធ ដែល​លាក់​ទុក​នោះ។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​២​នាក់​នេះ ​មាន​ឈ្មោះ​ទី​១. សឿន ស៊ី អាយុ​៣០ រស់នៅ​ភូមិ ត្រពាំងវែង​ឃុំ​ដំណាក់​រាំង ស្រុក​ឧត្តុង្គ​​​ ទី​២. ​ឈ្មោះ ស៊ឹម សេម​ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ខ្សាច់​ពូន ស្រុក​ដំណាក់​រាំង​។ ពួកគាត់​ត្រូវ ឃាត់ខ្លួន​នៅ​ចំណុច ភូមិ ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង។


សេចក្ដីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ចំនួន​២​នាក់ ស្ត្រី​រងគ្រោះ​អាច​នឹង​ស្គាល់​ភិនភាគ​ច្បាស់ ព្រោះ​កាលពី​ចាប់ជំរិត​​ស្ត្រី​​​រងគ្រោះ​​នោះ ​មាន​ការ​​​​​ប្រតាយប្រតប់​គ្នា​រហូត​របើក​មួក និង​របាំង​ការពារ​មុខ។ ដូច្នេះ​មុខសញ្ញា ដែល​ឃាត់ខ្លួន​បាន​លើក​នេះ ​ជា​មុខសញ្ញា ពិតប្រាកដ៕


​ ​



នាំ​ជន​សង្ស័យ​ជំរិត​ទារ​ប្រាក់​ពី​ថៅកែ​​​ស្រូវ​ ទៅ​បង្ហាញ​ទីតាំង​លាក់​អាវុធ

Post a Comment

0 Comments

Close Menu