កណ្ដាល ៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ សម្រេចឃុំយុវជនម្នាក់ដាក់ពន្ធនាគារដើម្បីរង់ចាំស៊ើបអង្កេតករណីបើករ៉ឺម៉កម៉ូតូបុកប៉ូលិសចរាចរណ៍ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ជើងគោកថ្មីបណ្ដាលឲ្យរងរបួសធ្ងន់។
មន្ត្រីតុលាការថ្លែងថា យុវជនរូបនេះត្រូវបានចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្ដាលឲ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
យុវជនរូបនេះឈ្មោះ ឆាយ លីពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនភ្លាមៗ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លើលោក ហ៊ីង សុផល អាយុ៥០ឆ្នាំ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍លើការត្រួតពិនិត្យជាតិអាល់កុល និងការបើកបរមិនពាក់មួកសុវត្ថិភាព ស្រាប់តែម៉ូតូរ៉ឺម៉កបង្កបានបើកដឹកកម្មករជាង៥០នាក់ ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នបានមកបុកលើជនរងគ្រោះបណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ចំណុចក្បាលតែម្ដង៕
បើករ៉ឺម៉កម៉ូតូបុកប៉ូលិសចរាចរណ៍របួសធ្ងន់ ត្រូវបានតុលាការឃុំខ្លួន
0 Comments