ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលទាំងស្រុងតែម្តង ចំពោះការយកលុយពីយានយន្តអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ហើយការអនុវត្តជាក់ស្តែង នឹងចាប់ផ្តើមពីវេលាម៉ោង១២ និង០០ នាទីយប់ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ តទៅ។
សម្តេចតេជោ ហ៊ុន សែន សម្រេចបែបនេះ ខណៈពេលដែលសម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ សម្តេចមានប្រសាសន៍ថា សម្តេចសូមយកវេទិកាសភានេះ ដើម្បីប្រកាសចេញនូវការសម្រេចចិត្តដ៏សំខាន់មួយទាក់ទងជាមួយផ្លូវជាតិលេខ៤។
សម្តេចបញ្ជាក់យ៉ាងនេះថា “ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំប្រកាសជូនថា រាជរដ្ឋាភិបាលលុបចោលនូវកិច្ចសន្យាលើបញ្ហាផ្លូវជាតិលេខ៤ នេះ ហើយប្រសិទ្ធភាពនៃការអនុវត្តត្រូវចាប់ពីម៉ោងសូន្យតទៅ។ បានសេចក្តីន័យថា ម៉ោង១២ យប់ ថ្ងៃទី១៣ មករា នេះតទៅ”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការលុបចោលនូវកិច្ចសន្យានេះ គឺយកផ្លូវទាំងមូលមកគ្រប់គ្រង ដូច្នេះនឹងមិនមានការបង់ប្រាក់សម្រាប់រថយន្តទាំងអស់ ដែលធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤នេះ ហើយនឹងបានជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
សម្តេចបន្តថា “ពិតមែនហើយព្រឹកមិញនេះ ឯកឧត្តម សុន ឆ័យ ក៏បានលើក ប៉ុន្តែរឿងនេះ វាបានកើតឡើងតាំងពីយប់មិញ (១២ មករា) ម្ល៉េះ ដោយសារតែខ្ញុំបានទទួលនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមិនបានអនុវត្តនូវអ្វី ដែលខ្ញុំបានប្រកាសនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ថា ចាប់ពីសូន្យម៉ោង ថ្ងៃទី៦ ខែមករា បានន័យថា ឈានចូលថ្ងៃទី៧ មករា រថយន្តដែលនៅតាមផ្លូវជាតិលេខ៤ ទាំងប៉ុន្មាន គឺមិនត្រូវបង់ប្រាក់ទេ ពេលនោះយើងសង្កេតឃើញថា មានចំនួន ២៣០០០គ្រឿង ប៉ុន្តែបែរជានៅក្នុងស្រុកអង្គស្នួលមានការបង់ប្រាក់”។
សម្តេចតេជោមានប្រសាសន៍ទៀតថា “សូមបញ្ជូនសារនេះ ទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងបញ្ជូនសារនេះទៅប្រជាជននៅទូទាំងប្រទេសថា ចាប់ពីម៉ោង១២ យប់ ថ្ងៃទី១៣ ខែមករា នេះតទៅ មិនត្រូវបង់កម្រៃអ្វីទាំងអស់សម្រាប់ការធ្វើដំណើរលើផ្លូវជាតិលេខ៤ ប៉ុន្តែឥឡូវនេះ អ្នកដែលមិនបានបង់ប្រាក់ ធ្លាប់តែមិនបានបង់ប្រាក់ឲ្យផ្លូវជាតិលេខ៤ ឥឡូវបានឈប់បង់ប្រាក់ទៅហើយ សូមប្រើប្រាស់ប្រាក់នេះ ធ្វើជាកម្រៃសន្សំ ដើម្បីដំឡើងប្រាក់បៀវត្សឲ្យកម្មករ កម្មការិនី។ សូមជូនសារនេះ ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសថា ចាប់ពីពេលនេះតទៅ គឺធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់។ អ្វីដែលខ្ញុំសូមត្រឡប់មកវិញ គឺទាក់ទិនជាមួយនឹងការគោរពច្បាប់ចរាចរណ៍បើកបរឲ្យត្រូវល្បឿន កុំដឹកលើសចំណុះ កុំស្រវឹង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ជាមួយគ្នានោះ សម្តេចតេជោសង្ឃឹមថា គណបក្សក្រៅរដ្ឋាភិបាលនឹងមិនយកទៅឃោសនាថា “បើកុំបានអញនិយាយប្រហែលជាមិនបានទេ ក៏ប៉ុន្តែសូមបញ្ជាក់យើងទាំងអស់គ្នារួមទទួលខុសត្រូវ តែកុំកេងចំណេញ។ អ្នកសម្រេចនេះ ក៏ហ៊ុន សែន អ្នកស៊ីញ៉េក៏ ហ៊ុន សែន”។
ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរយ៉ាងនេះថា “ជនរួមជាតិជាទីស្រឡាញ់ ! កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងអស់គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់អំពីការពិបាកគ្រប់យ៉ាងក្នុងការបង់លុយសម្រាប់ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី គឺបានសម្រេចបញ្ឈប់មិនឲ្យយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពីម៉ោង១២ យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះតទៅ”។
សម្តេចបានបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ៤ មកកាន់កាប់ទាំងស្រុងចាប់ពីពេលនេះតទៅ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺទាំងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងពលរដ្ឋអ្នកធ្វើដំណើរទូទាំងប្រទេសឆ្លងកាត់ផ្លូវនេះទាំងអស់ គឺមិនត្រូវបង់លុយតទៅទៀតឡើយ។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋដែលតែងតែផ្តល់ព័ត៌មានពិត និងយោបល់ល្អៗមកខ្ញុំតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយ និងកសាងអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើនខ្លាំងទៅមុខ ដើម្បីប្រជាពលរដ្ឋមានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង។
ទាក់ទងបញ្ហានេះ បន្ទាប់ពីសម្តេចបានប្រកាសនៅក្នុងរដ្ឋសភា សម្តេចក៏បានចេញសេចក្តីសម្រេចជាផ្លូវការផងដែរ ដោយមានត្រា១ បានបញ្ជាក់ថា “លុបចោលនូវកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនអេហ្សិត ឌីស្ទ្រីប្យូហ្សិន (AZ Distribution Co. ) ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ ស្តីពីការយកកម្រៃសេវាថែទាំ និងជួសជុលផ្លូវជាតិលេខ៤ “។
មាត្រា២ បញ្ជាក់ថា “ក្រុមហ៊ុនអេហ្សិត ឌីស្ទ្រីប្យូហ្សិន ត្រូវបញ្ឈប់ការយកកម្រៃថែទាំ និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីម៉ោង១២ យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦តទៅ”។ មាត្រា៣ “ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំនីតិវិធីរំលត់កិច្ចសន្យាសម្បទាននេះជាមួយក្រុមហ៊ុន”។
គួររំលឹកថា ទាក់ទងបញ្ហានេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នោះ លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លុបចោលនូវកិច្ចសន្យាជាមួយក្រុមហ៊ុនអេហ្សិត របស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលកំពុងតែវិនិយោគផ្លូវជាតិលេខ៤ ដោយសំអាងថា គម្រោងនោះពុំមានការដេញថ្លៃត្រឹមត្រូវ និងប្រមូលចំណូលបានច្រើន។ លោក សុន ឆ័យ ថ្លែងថា រដ្ឋាភិបាលគួរលុបចោលគម្រោងវិនិយោគយកលុយផ្លូវជាតិលេខ៤ ពីព្រោះការវិនិយោគផ្លូវនោះ ពុំមានការដេញថ្លៃត្រឹមត្រូវ ហើយការប្រមូលចំណូលបានច្រើន តែការសាងសង់ជួសជុលតិចតួច ហើយម្យ៉ាងទៀត ផ្លូវមានតែមួយខ្សែ គួរតែដាក់ផ្លូវគ្រប់គ្រងដោយរដ្ឋ ហើយកុំយកលុយសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ហើយប្រសិនបើលុបចោលគម្រោងវិនិយោគនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់។
គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅថ្មីនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ ដែលមានដូចជា បញ្ហាប័ណ្ណបើកបរ, បញ្ហារថយន្តចង្កូតស្តាំ និងបញ្ហាផ្លូវជាតិលេខ៤ ហើយទាក់ទងផ្លូវជាតិលេខ៤ នេះ សម្តេចតេជោ សែន បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់សេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់កាត់ផ្លូវនេះ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ តទៅ៕
សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលទាំងស្រុងលើការយកលុយពីយានយន្តអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤
0 Comments