ប៉ៃលិន ៖ ប្រជាពលរដ្ឋដែលជាកសិករប្រកបរបរកសិកម្ម មានការត្អូញត្អែរយ៉ាងខ្លាំង ខណៈពេលដែលពួកគាត់ដល់ពេលប្រមូលផលដំឡូងមី បែរជាត្រូវបានឈ្មួញបញ្ចុះតម្លៃទាប ធ្វើឲ្យពួកគាត់មានការខកចិត្តជាខ្លាំង ព្រោះតែការប្រកបរបរដាំដំឡូងមីក្នុងឆ្នាំនេះចុះដើមទុនច្រើន។
ពលរដ្ឋបានរៀបរាប់ថា មានប្រជាពលរដ្ឋខ្លះដាំដំឡូងមីរហូតដល់ទៅ២ ឬ៣ដង ក្នុងមួយឆ្នាំ ព្រោះឆ្នាំនេះមានការរាំងស្ងួតច្រើន ហើយកន្លែងខ្លះភ្លៀងមិនសូវជាខ្លាំងទេ ប៉ុន្តែវារលួយ ប្រសិនបើទូទាត់ថ្លៃទុនចំណាយបានត្រឹមរួចខ្លួន និងខាតបង់ដើមទុនថែមទៀត។
ជាក់ស្ដែងនៅថ្ងៃនេះដែរ ដំឡូងមីស្ងួតតម្លៃ៤.៧បាត(ប្រាក់ថៃ) ស្មើប្រាក់ខ្មែរប្រហែល៥០០រៀល ចំណែកដំឡូងស្រស់វិញតម្លៃ១.៧បាត(ប្រាក់ថៃ) ស្មើលុយខ្មែរ២០០រៀល តែប៉ុណ្ណោះ។ កសិករឈ្មោះ អ៊ុក ទូច រស់នៅភូមិអូរអិល ឃុំស្ទឹងកាច ស្រុកសាលាក្រៅ បានរៀបរាប់ថា នាខែប្រមូលផលដំឡូងមីឆ្នាំនេះ មិនថារូបគាត់ ក៏ដូចជាប្រជាកសិករផ្សេងៗនៅតាមតំបន់ក្នុងខេត្តប៉ៃលិនទាំងមូលទេ សុទ្ធតែត្អូញត្អែរគ្រប់ៗគ្នា ព្រោះថាឆ្នាំនេះ តម្លៃដំឡូងមីមានការធ្លាក់ចុះខ្លាំង ធ្វើឲ្យរូបគាត់ ក៏ដូចជាកសិករដទៃទៀត មានការខាត់បង់ដើមទុនច្រើនផងដែរ។
សៃឡូអនុត្តរៈសាខាទី២ នៅភូមិប៉ាងរលឹម លោក ជា ហោ អាយុ៧០ឆ្នាំ បានឲ្យដឹងថា តម្លៃដំឡូងមីក្នុងឆ្នាំនេះ ពិតជាមានការធ្លាក់ចុះមែន បើប្រៀបធៀបទៅឆ្នាំមុន ហើយបើតាមសំដីកសិករបានប្រាប់គាត់ថាដំឡូងក្នុងមួយហិកតាបានតែ១០តោនតែប៉ុណ្ណោះ ចំណែកមើមមិនសូវធំនោះទេ។ លោកបន្តថា បើនិយាយពីតម្លៃប្រាកដជាធ្លាក់មែន តែមិនធ្លាក់ក្នុងស្រុកយើងនោះទេ គឺសូម្បីតែនៅប្រទេសជិតខាងក៏មានការធ្លាក់ចុះដែរ។
ចំណែកកសិករនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរិះគន់ថា ការប្រមូលផលនៅដើមដៃឆ្នាំ២០១៥នេះ ឈ្មួញបន្ថោកតម្លៃរហូតដល់៤.៧បាត(លុយថៃ) ស្មើលុយខ្មែរ៥០០រៀល ក្នុង១គីឡូក្រាមធ្វើឲ្យកសិកររាប់រយគ្រួសារក្នុងសង្កាត់អូរតាវ៉ៅត្អូញត្អែរយ៉ាងខ្លាំង ព្រោះបើទូទាត់ថ្លៃទុនចំណាយបានត្រឹមរួចខ្លួន និងខាតបង់ដើមទុនថែមទៀត។ ហើយប្រជាកសិករមួយចំនួនប្រើតែកម្លាំងពលកម្មធ្វើស្រែចម្ការប្រមូលយកផលិតផលកសិកម្មទុកលក់ឲ្យឈ្មួញជារៀងរាល់ឆ្នាំ ប៉ុន្តែចំណូលសេដ្ឋកិច្ចគ្រួសារនៅតែជួបការលំបាក រីឯពួកឈ្មួញកាន់តែមានលុយទៅៗ។
ប្រភពបន្តថា តម្លៃកសិផល ម្ដងថ្លៃ ម្តងថោក វាប្រែប្រួលតាមអំពើចិត្តជារៀងរាល់ឆ្នាំ មិនមានលទ្ធភាពរក្សាលំនឹងតម្លៃកសិផលជូនប្រជាកសិករខ្មែរនោះទេ។
ប្រភពព័ត៌មានពីមន្ត្រីកសិកម្មខេត្តបានឲ្យដឹងថា តម្លៃដំឡូងមីនៅដើមដៃនេះពិតជាមានតម្លៃធ្លាក់ចុះប្រាកដមែន ធៀបឆ្នាំ២០១៤ រយៈពេលដូចគ្នា វាមានតម្លៃជិត៥៥០រៀល ក្នុង១គីឡូក្រាម។ មូលហេតុមកពីតម្លៃទីផ្សារនៅថៃ និងវៀតណាម ក៏មានការចុះថោកដែរ។ រីឯកសិករដាំដំឡូងមីនៅទូទាំងខេត្តប៉ៃលិន មានការសង្ស័យថា វាជាលេសភូតកុហករបស់ក្រុមឈ្មួញនៅខេត្តប៉ៃលិន ថា តម្លៃដំឡូងមីនៅប្រទេសជិតខាងដូចជា វៀតណាម និងថៃ ចុះថោកខ្លាំងនៅឆ្នាំនេះ គឺតម្លៃទីផ្សារក្នុងស្រុកស្រេច តែលើបបូរមាត់ឈ្មួញជាអ្នកកំណត់ នេះជាវប្បធម៌អាក្រក់ធ្វើស្រែលើខ្នងប្រជាកសិករខ្មែរ គឺកេងប្រវ័ញ្ចញើស និងឈាមគ្នាឯងមិនឲ្យកសិករស្លូតត្រង់ងើបមុខរួច៕
ប្រជាពលរដ្ឋខេត្តប៉ៃលិនត្អូញត្អែរ ខណៈតម្លៃដំឡូងមីចុះថោក
0 Comments