Ad Code

តារា​ខ្មែរ​ណាខ្លះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​រត់​គេច​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស?

ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គេ​សង្កេតឃើញ​មាន​សិល្បករ​ខ្មែរ​ប្រុស​-​ស្រី​ ភាគច្រើន​បាន​សម្រុក​ចេញទៅ​រក​ប្រាក់​តាមរយៈ​ការ​ច្រៀង និង​សម្តែង​នៅ​ក្រៅ​ប្រទេស​ផ្សេងៗ​គ្នា តប​តាម​ការ​អញ្ជើញ និង​ធានា​ពី​សំណាក់​ប្រធាន​សមាគម​ខ្មែរ​ ដែល​មាន​ទីតាំងនៅ​ទីនោះ ហើយ​ក៏បាន​ឆ្លៀត​ពេល​ដើរលេង​កម្សាន្ត និង​ស្វែងរក​ចំណូល​ផ្ទាល់ខ្លួន​ដើម្បី​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ។


ស្រប​ពេលដែល​ទីផ្សារ​សិល្បៈ​របស់​ខ្មែរ​បច្ចុប្បន្ន​កំពុង​តែ​មាន​ស្ទុះ​កើតឡើង​ និង​មានការ​គាំទ្រ​នេះដែរ ​ក៏មាន​តារា​ចម្រៀង​សម្តែង​របស់​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ប្រធាន​សមាគម​ខ្មែរ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​ធ្វើ​ការធានា​យកចេញ​ទៅ​សម្តែង​-​ច្រៀង​កម្សាន្ត​សប្បាយ​ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ទន្ទឹម​នឹង​ការធានា​ចេញទៅ​នេះ​ដែរ ​ក៏​មាន​តារា​ខ្មែរ​ខ្លះ​បាន​គោរព​ទៅតាម​គោលការណ៍​របស់​សមាគម​ តែ​ខ្លះ​ទៀត​ក៏បាន​បំពាន​មិន​គោរព​លើ​ច្បាប់កិច្ចសន្យា ខណៈ​ពេល​បាន​ចេញ​ទៅ​ហើយ ​បែរ​ជា​គេចវេះ​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​តាម​ការកំណត់​នោះ​ឡើយ។


តើ​ទស្សនិកជន​ចង់​ដឹង​ទេ​ថា​ មាន​តារា​ប្រុស​-​ស្រី​ណាខ្លះ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​រត់គេចខ្លួន​រស់នៅ​ក្រៅ​ប្រទេស​នោះ​? បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​៣៣​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​ថា គិត​រហូតមកទល់​ពេល​បច្ចុប្បន្ន​ បើតាម​លោក​ដឹង​ គឺមាន​ជាង​២០​នាក់​សម្រាប់​តារា​ខ្មែរ​ដែល​បានគេច​ខ្លួន​រស់នៅ​ក្រៅប្រទេស​ និងមាន​ផ្សេងៗ​គ្នា​។


ប៉ុន្តែ​លោក​សុំ​លើក​និយាយ​តែ​២​ប្រទេស​ប៉ុណ្ណោះ​ គឺ​សហរដ្ឋអាមេរិក​ និង​អូស្ត្រាលី​ ដែល​មាន​តារា​ប្រុស​-​ស្រី​ចំនួន​៥​រូប ​ដោយ​ក្នុង​នោះ​មាន​៣​នាក់ ​គឺ​ឆ្លងកាត់​ការ​ស៊ីញេ ​និង​បោះត្រា​ពី​លោក។​


លោក សុះ ម៉ាច បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មាន​តារា​ស្រី​ខ្មែរ​ចំនួន​៤​រូប​ ដែល​បាន​គេច​ខ្លួន​រស់នៅ​ទីនោះ​ គឺ​នាង ហង្ស ពិសី និង ស៊ិន សុ​ម៉ាលី​។ ​ចំណែក​២​នាក់​ផ្សេងទៀត ​គឺ​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ការ​ចេញទៅ​របស់​ពួកគេ​មិនបាន​ឆ្លងកាត់​ពី​លោក។


តារា​ស្រី​ទាំងពីរ​ នាង ហង្ស ពិសី និង ស៊ិន សុ​ម៉ាលី នេះ​បាន​ចេញទៅ​ច្រៀង​សម្ដែង​នៅ​ទី​នោះ​អំឡុង​ឆ្នាំ​២០០៨​ តប​តាម​ការធានា​របស់​ប្រធាន​សមាគម​ខ្មែរ​នៅ​ទីនោះ ​ប៉ុន្តែ​ជិត​ដល់​ពេលវេលា​កំណត់​ត្រូវ​វិល​មកវិញ​ បែរជា​រត់គេចខ្លួន​រហូត​ដល់​សព្វថ្ងៃ។


លោក សុះ ម៉ាច បាន​បន្ត​ថា សម្រាប់​ប្រទេស​អូស្ត្រាលី​មាន​ចំនួន​១​រូប​ គឺ​លោក សា រ៉ាវុធ តារា​ចម្រៀង​ប្រុស​រូប​នេះ​ក៏​មិន​ខុសគ្នា​នឹង​តារា​ស្រី​ខាងលើ​ដែរ ​គឺ​បាន​បំពាន​លើ​កិច្ចសន្យា ដោយ​ការ​ព្យាយាម​រត់គេចខ្លួន​នៅ​ទីនោះ​អំឡុង​ពេល​ចេញទៅ​ច្រៀង​ និង​សម្តែង​ ដែល​ទង្វើ​បែបនេះ​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​សិល្បករ​ខ្មែរ​ឯទៀត​ ក៏ដូចជា​កិត្តិយស​ថ្លៃថ្នូរ​សិល្បៈ​ដទៃ​ផង​ដែរ។


ដោយឡែក​ ប្រធាន​សមាគម​ខ្មែរ​កាណាដា ​លោក ឃុន ដេ​វិត ក៏​ធ្លាប់​បាន​បង្ហាញ​ប្រាប់​ពី​ផង​ដែ​អំពី​ឈ្មោះ​របស់​តារា​ចម្រៀង​-​សម្ដែង​ខ្មែរ ដែល​បាន​ចេញ​ទៅ​ហើយ​ តែ​មិន​ត្រឡប់​មក​ខ្មែរ​វិញ​តាម​ការកំណត់​ ដែល​ក្នុង​នោះ​រួមមាន នូ វ៉ាន់ឌី​, ង៉ែត ម៉ា​រា​ឌី​, អ៊ឹង ស្រី​ពេជ្រ​, ម៉ា​យ៉ា​ដា​, អ៊ឹម លីដា​លី​, ពេជ្រ ចរណៃ​, វង្ស ម៉ា​លីន និង កញ្ញា លីន ធីតា ជាដើម​។

​លោក ឃុន ដេ​វិត បន្ថែម​ថា ​មូលហេតុ​នេះ​ហើយ ទើប​បច្ចុប្បន្ន​ធ្វើ​ឲ្យ​សមាគម​លោក​ពិបាក​ក្នុង​ការ​ធានា​យក​សិល្បករ​ខ្មែរ ចេញទៅ​សម្តែង​នៅ​ទីនោះ។​


គួរ​រម្លឹក​ថា ថ្មីៗ​មុននេះ​ ក៏​មាន​ព័ត៌មាន​ពី​ការបាត់​ខ្លួន​តារា​ចម្រៀង​ខ្មែរ​នាង យ៉ុង ចាន់​សុធាវី នៅ​លើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​ផង​ដែរ ខណៈ​ពេល​ដែល​តារា​រូប​នេះ​ចេញទៅ​ស្នាក់នៅ ​ច្រៀង​ និង​សម្តែង​ ដោយ​កាលនោះ​មាន​ប្រភព​ខ្លះ​បាន​ដាក់​ការ​សង្ស័យថា អាចជា​ការរត់​គេចខ្លួន​។ ​ប៉ុន្តែ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នោះ​ នាង យ៉ុង ចាន់​សុធាវី ក៏បាន​បង្ហាញខ្លួន​វិញ​ ហើយ​អះអាង​ប្រាប់​ទស្សនិកជន​ថា ​ខ្លួន​គ្មាន​ចេតនា​ព្យាយាម​រត់គេចខ្លួន​ទេ​ ហេតុផល​គឺ​នាង​ចេញទៅ​ដើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ ​ហើយ​ចៃដន្យ​ក៏​ខូច​ទូរស័ព្ទ​ទើប​មិន​អាច​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ផ្តល់​ដំណឹង៕
Pisey-2016-01-14-full-L51



តារា​ខ្មែរ​ណាខ្លះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​រត់​គេច​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស?

Post a Comment

0 Comments

Close Menu