Ad Code

លោក ZinedineZidane ទទួល​បាន​ការតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម Real Madrid

លោក ZinedineZidane អាច​ប្រឈម​នឹង​ការងារ​ប្រកួតប្រជែង​ដ៏​សំខាន់​បំផុត​មួយ ក្រោយពេល ដែល​លោក​ទទួលយក​ការងារ​គ្រូបង្វឹក​របស់​ក្រុម Real Madrid កាលពី​ថ្ងៃ​ចន្ទ​មុន​នេះ។


សូម​បញ្ជាក់​ថា គ្រូ​បង្វឹក ដែល​ពោ​ពេញ​ដោយ​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ និង​កីឡាករ​មួយចំនួន​ក្នុង​ក្រុម គឺ លោក Rafael Benitez ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​គ្រូបង្វឹក Real Madrid ហើយ ក្រោយពី​បាន​ដឹកនាំ​ក្រុម​ទើបតែ​បាន ៧ ខែ​។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង ជា​ផ្លូវការ​ពី​សំណាក់​ប្រធាន​ក្លិប​គឺ លោក Florentino Perez កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ទាត់​ស្មើ ២-២ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Valencia កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ពោល​គឺ​គេ​សរុប​ទាំង​បរាជ័យ ០-៤ ក្នុង​ជំនួប El Clasico កាលពី​ខែវិច្ឆិកា​កន្លងទៅ ជាមួយ​ក្រុម Barcelona។


អតីត​វីរបុរស​បាល់ទាត់​បារាំង លោក Zindine Zidane ដែល​ធ្លាប់​ជា​អតីត​ជំនួយ​ការ​លោកគ្រូ​បង្វឹក Carlo Ancelotti កាលពី​ឆ្នាំ ២០១៤ ស្រាប់​នោះ បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​រំភើប​ចំពោះ​តំណែង​នេះ ពីព្រោះ​វា​ជា​បទពិសោធន៍​ដឹកនាំ​ក្លិប​អាជីព​ធំ​បំផុត និង​ដំបូង​បំផុត បន្ទាប់ពី​ធ្លាប់​ជា​កីឡាករ​ជោគជ័យ​ម្នាក់​ដែរ នៅ​ក្លិប Real Madrid ដែល​បាន​បញ្ចប់​ទៅ នៅ​ឆ្នាំ ២០០៦។


គួរ​ឲ្យ​ដឹង​ថា ក្រោម​ការដឹកនាំ​របស់ Rafael Benitez រដូវ​កាល​នេះ ក្រោយ​លេង​បាន ១៨ ប្រកួត ក្រុម Real Madrid ឈរ​នៅ​លេខ ៣ មាន ៣៧ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ ២ Barcelona ២ ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​លេ ខ​១ Atletico Madrid ៤​ពិន្ទុ។


ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Real Madrid រកបាន​ជ័យជម្នះ ៧ លើក​ក្នុងចំណោម ៩ ប្រកួត​ចុងក្រោយ​របស់ខ្លួន តែ​ក្រុម​អ្នកគាំទ្រ​ហាក់​មិន​ពេញ​ចិត្តនឹង​របៀប​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះឡើយ ហើយ​តែងតែ​បង្ហាញ​ពាក្យ​រិះគន់​អំឡុង​ការប្រកួត​នីមួយៗ​របស់ Real Madrid។  ការប្រកួត​បន្ទាប់​រប​ស់​ក្រុម Real Madrid នៅ La Liga នឹង​ត្រូវ​ស្វាគមន៍ ក្រុម​ភ្ញៀវ Deportivo La Coruna នា​ចុង​សប្ដាហ៍​នេះ។


អាជីព​របស់ លោក Zidane ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​នឹង​ជំនាញ​លេង​បាល់​នៅលើ​ទីលាន​ប្រកួត​របស់គាត់ ពោលគឺ​ការគ្រប់គ្រង​បាល់​ដ៏​ស្ទាត់ជំនាញ​របស់​លោក​នេះ​តែម្តង ប៉ុន្តែ​លោក​ក៏​ធ្លាប់​អាប់ឱន​កេរ្តិ៍ឈ្មោះ​ម្តង​ដែរ សម្រាប់​ការ​យក​ក្បាល​ទៅ​អុក​ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី គឺ​កីឡាករ Marco Materazzi នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០០៦ ដែល​ជា​ការប្រកួត​ចុងក្រោយ នៅ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​របស់​គាត់ និង​ជាហេតុ​ការណ៍​មួយ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ផង​ដែរ​។ លោក​បាន​យក​ក្បាល​អុក​ចំ​ដើមទ្រូង​របស់​កីឡាករ Materazzi នៅ​ម៉ោង​បន្ថែម ហើយ​ធ្វើ​ឲ្យ​លោក​ទទួល​បាន​កាត​ក្រហម​ផង​ដែរ តែ​លោក​បាន​អះអាង​ថា មូលហេតុ ដែល​លោក​ធ្វើបែបនេះ គឺ​ដោយសារតែ Materazzi និយាយ​ដៀលត្មះ​ថា ប្អូនស្រី​របស់​លោក​គឺជា​ស្រី​ពេស្យាចារ ហើយ​អ្វី​ដែល​ប៉ះពាល់​បំផុត​ដល់​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​បារាំង​នោះ គឺ​ធ្វើ​ឲ្យ​ពួកគេ​ទទួលរង​បរាជ័យ នៅ​ការប្រកួត​មួយ​នេះ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី។


លោក Zidane ធ្លាប់​លេង​បាន ៥ រដូវ​កាល​ផងដែរ​ជាមួយ​ក្លិប Real Madrid ដោយបាន​ជួយ​ឲ្យ​ក្លិប​មួយ​នេះ ឈ្នះ​ជើងឯក Champions League នៅ​ឆ្នាំ ២០០២ និង​ជើងឯក​បាល់ទាត់​អេ​ស្ប៉ា​ញ​ឆ្នាំ ២០០៣ ស្ថិតនៅ​ក្នុងចំណោម​ជើងឯក​ជាច្រើន​ទៀត៕



លោក ZinedineZidane ទទួល​បាន​ការតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម Real Madrid

Post a Comment

0 Comments

Close Menu