Ad Code

ចាក់​សម្លាប់​ឪពុក​ខ្លួនឯង ​ដោយសារ​ទំនាស់​ពាក្យ​សម្តី



សៀមរាប​ ៖​ ផឹកស៊ី​ស្រវឹង​មកដល់​ផ្ទះ​ខឹង​ឪពុក​ស្តីបន្ទោស​ខ្លាំងពេក​ ទ្រាំ​មិនបាន​ ក៏​ទាញ​កាំបិត​​កាប់​ឪពុក​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​រត់​គេច​ខ្លួនបាត់ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃទី​២៥ ​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប។

មន្ត្រីនគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ សុខ ប៉ក់ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​មុខរបរ​កសិករ​ នៅ​ភូមិ​ចាន់​ហៀរ ​ឃុំ​បឹងមាលា ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប បង្កឡើង​ដោយ​​ជនសង្ស័យ​ជា​កូនបង្កើត ឈ្មោះ ប៉ក់ ផាន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ​រស់​នៅ​ភូមិ​ឃុំ​ខាងលើ។

មន្ត្រីនគរបាល​ស្រុក​ស្វាយ​លើ បន្តថា អង្គហេតុ​នៃ​រឿង នៅ​ព្រឹក​ថ្ងៃទី​២៥​ខែឧសភា ​ឆ្នាំ​២០១៨​ ជន​រង​គ្រោះ ​មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​​ជនសង្ស័យ​អំពី​រឿង​ជន​​សង្ស័យ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ ដើរ​តែ​ផឹក​ពេល​ចូល​ផ្ទះ​ម្តងៗ​សុំ​តែ​លុយ ​ក៏​កើតរឿង​ឈ្លោះ​គ្នា​ ជនសង្ស័យ​ដើរ​ចេញពីផ្ទះ​បាត់ ​លុះដល់​ល្ងាច​ថ្ងៃ​ដដែល​​សង្ស័យ​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ​ដោយមាន​សភាព​ស្រវឹង​ ពេលនោះ​ជន​​សង្ស័យ​និង​ជនរងគ្រោះ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​បន្តទៀត ដោយ​ជនរងគ្រោះ​និយាយ​ដដែលៗ​អំពី​រឿង​​សង្ស័យ​ដើរ​ផឹក​ទើប​​ជនសង្ស័យ​ខឹង​ក៏បាន​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចាក់​មក​លើ​ជនរងគ្រោះ​ត្រូវ​ចំ​គល់​ដោះ​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សួន លាំ អាយុ​៥៧​ឆ្នាំ​ ជា​ប្រពន្ធ​ជនរងគ្រោះ ​និង​ជា​ម្តាយជនសង្ស័យ ​បាន​បំភ្លឺ​ទាំង​មិន​អស់​សេចក្តី​ថា ​ប្តី​របស់គាត់​ និង​កូន​ពិត​ជាមាន​ជម្លោះ​នឹង​គ្នា​មែន​អំពី​រឿង​កូន​ដើរ​ផឹក​ និង​កូនសុំ​លុយ​ទៅ​ធ្វើ​ប៉ាសស្ព័រ​ទៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ប្តី​របស់គាត់​មិន​ឲ្យ​លុយ​ ទើប​ទាស់​គ្នា​នៅពេល​កើតហេតុ​នេះ​គាត់​កំពុង​ដាំបាយ​នៅក្នុង​ផ្ទះ​ឮ​សំឡេង​កូន​ និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ​មួយ​សន្ទុះ​ក្រោយមក​ឃើញ​ប្តី​ដេក​ដួល​ក្រោយ​ផ្ទះ​ដោយមាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ ចំណែក​កូន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​មិនដឹង​មូលហេតុ ទើប​គាត់​ស្រែក​ប្រាប់​គេ​ឲ្យ​ជួយ ​ប៉ុន្តែ​ប្តី​បាន​ស្លាប់​បាត់​ហើយ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ហ៊ាង ធឿន អាយុ​១០​ឆ្នាំ​ត្រូវជា​ចៅ​ជនរងគ្រោះ​ស្នាក់​នៅផ្ទះ​ជាមួយ​បាន​បំភ្លឺ​ថា នៅ​ល្ងាច​ថ្ងៃ​២៥ ​នេះ​រូបគេ​ត្រូវ​បាន​យាយ​(​សួន លាំ​)​ប្រើ​ដាំបាយ​នៅ​ក្បែរ​ផ្ទះ ​ចំណែក​តា​(​សុខ ប៉ក់​)​គាត់​បោស​សំរាម​មុខផ្ទះ​ ពេលនោះ​មា​របស់គេ ប៉ក់ ផាន់ មិនដឹង​មកពី​ផឹកស្រា​ឯណា​ទេ ពេលមកដល់​គាត់​ឈ្លោះ​គ្នា​ជាមួយ​តា​ប៉ក់ តា​ប៉ក់​បាន​ស្តី​ឲ្យ​ថា​ដើរ​តែ​ផឹក​មិន​គិត​ការងារ​ផ្ទះ​ទេ មា ផាន់​តប​វិញ​ថា​កុំ​រអ៊ូ​ពេក ខ្ញុំ​ធំ​ខ្ញុំ​ដឹង​ហើយ ពួកគាត់​ឈ្លោះ​គ្នា​ទៅមក តា ប៉ក់​ក៏​និយាយថា អា​ហែង​ចូលមក​អញ​មិន​ខ្លាច​ងាប់​ទេ ឮ​ដូចនេះ​មា ផាន់​ក៏​ឡើង​ទៅយក​កាំបិត​នៅលើ​ជង្រុក​ស្រូវ​ដើរ​សំដៅទៅ​តា ប៉ក់។ ពេលនោះ​ដែរ យាយ លាំ បាន​ចូលទៅ​ឃាត់ ប៉ុន្តែ​ឃាត់ មា ផាន់​មិន​ឈ្នះ មា​ផាន់​ក៏​យក​កាំបិត​នោះ​ចាក់ទៅលើ​តា ប៉ក់ ត្រូវចំ​ដើមទ្រូង​ដួល​ដេក​ដី​ចេញឈាម នៅ​ក្បែរ​របង​មុខ​ផ្ទះ​ពេលនោះ​ខ្ញុំ​ខ្លាច​បាន​រត់​មក​ខាងកើត​ផ្ទះ មិនដឹង មា ផាន់​យក​កាំបិត​ទៅ​ទុក​ឯណា​ទេ បន្ទាប់មក យាយ​លាំ​និង​មា ផាន់​បាន​អូស តា ប៉ក់​មក​ក្រោយ​ផ្ទះ ហើយ​មា ផាន់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​លិច ចំណែក​យាយ​លាំ​ឲ្យ​ខ្ញុំ​រត់​ទៅប្រាប់​តា​យ៉យ​ឲ្យ​មកជួយ​មើ​លតា​ផាន់​ ហើយ​ខ្ញុំ​ក៏បាន​ដេក​នៅផ្ទះ​តា​យ៉យ​។

ដោយ​ផ្អែកលើ​ការបំភ្លឺ និង​វត្ថុតាង​(​កាំបិត​)​ចាប់យក​បាន​នៅ​កន្លែងកើតហេតុ​គឺ​ពិតជា​ជា​សង្ស័យ​បាន​ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាមច្បាប់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu