Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​កីឡាជាតិ​លើក​ទី​២



​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូរឡាំ​ពិ​ក។ នេះ​គឺជា​លើក​ទី​ពីរហើយ​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បានផ្ដល់កិត្តិយស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ ​ខណៈ​កាលពី​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ សម្ដេច​ទាំងពីរ​ក៏​ធ្លាប់បាន​អញ្ជើញ​ជា​អធិបតី​ផងដែរ​។

ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បានចាត់ទុក​ការផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​របស់សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គឺជា​ការផ្តល់​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់ក្រុម​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ ​និង​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនី ដែល​ត្រូវ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ភាពកក់ក្ដៅ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីជំរុញ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើនឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែលកម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។

​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ​ក៏មាន​កម្មវិធី​កាន់តែ​អស្ចារ្យ​ជាង​លើក​ទី១ ផងដែរ ដោយព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ភ្លើង​គប់​ដល់តំណាងកីឡាករ​ជាតិ នាំយក​ភ្លើង​គប់​ពី​ព្រះបរមរាជវាំង មក​ប្រគល់ជូន​សម្ដេច​តេ​ជោនាយករដ្ឋមន្ដ្រី ដើម្បី​ដុត​បំភ្លឺ​គប់​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​សូមបញ្ជាក់ថា ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ក្រោម​ប្រធានបទ «​កីឡា​នាំមក​នូវ​សន្តិភាព និងការអភិវឌ្ឍ​» ដែលមាន​រយៈពេល​មួយ​សប្តាហ៍​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​នឹង​ប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី​២៥ ខែឧសភា ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមាន​ កីឡាករ កីឡាការិនី ចូលរួម​ប្រកួត​បាន​កើនដល់​ជាង ៤ ពាន់​នាក់ ខណៈ​ប្រភេទ​កីឡា​បាន​កើនឡើង​ចំនួន ​២៧ និងវិញ្ញាសា​ប្រកួត​មាន​រហូតដល់ ២៧៤​ ត្រូវបាន​កំណត់​ដាក់​ឲ្យ​ប្រកួត​ក្នុង​គោលបំណង​វាស់​ស្ទង់គុណភាព​កីឡា​តាម​ប្រភេទកីឡា​នីមួយៗ ក៏ដូចជា​ការហ្វឹកហ្វឺន​របស់​មន្ដ្រី​រៀបចំ​ការប្រកួត មន្ដ្រីអាជ្ញាកណ្ដាល និង​ចៅក្រម ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​ ២០២៣​។ ចំពោះ​ទីកន្លែង​ប្រកួត សម្រាប់​រាជធានី​ភ្នំពេញ គឺ​ផ្ដោតលើការប្រើប្រាស់​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ​រីឯការប្រកួត​តាម​ខេត្ត រួមមាន​ខេត្ត​កែប​, ខេត្តកំពត​ និង​ខេត្តកំពង់ធំ​ជាដើម។

​​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ ក៏បាន​ត្រៀម​រៀបចំ​នូវ​កម្មវិធី​ប្លែកៗ និង អស្ចារ្យ​ជាច្រើនទៀត ដើម្បី​អបអរ​ពិធី​បើក​-​បិទ​កីឡា​ជាតិ រួមមាន​៖ ការសម្ដែង​ច​លន​កាយ​សមស្រប​របស់ក្រុមយុវជន និង ក្រុម​អ្នកជំនាញ​កីឡា ការសម្ដែង​សិល្បៈ​ បាញ់​កាំជ្រួច​ដ៏​កម្រ រួមទាំង​វត្តមានរបស់​កំពូល​តា​រាង​ចម្រៀង​ល្បីៗ​ប្រចាំ​កម្ពុជា​៣​រូប ដូចជា ​លោក ព្រាប សុវត្ថិ​, កញ្ញា មាស សុខ​សោភា និង​កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​លើកយក​បទ​ចម្រៀងពាក់ព័ន្ធ​កីឡា​ជាតិ ដើម្បី​ច្រៀងអបអរសាទរ​នាឱកាស​ដ៏​អធិកអធម​នេះ​ផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu