យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន អាអិហ្វប៉េ (AFP) ចេញផ្សាយនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៨នេះ បានឱ្យដឹងថា ប្រធានាធិបតីវេណេស៊ុយអេឡា ទើបជាប់ឆ្នោត លោក នីកូឡាស ម៉ាឌុយរ៉ូ (Nicola Maduro) បានប្រកាសទុកពេល៤៨ម៉ោង ឱ្យមន្ត្រីទូតអាមេរិកពីរនាក់ ចាកចេញពីប្រទេសវេណេស៊ុយអេឡា។
ប្រទេសវេណេស៊ុយអេឡាបានចោទប្រកាន់ថា មន្ត្រីទូតអាមេរិក ពាក់ព័ន្ធការរៀបចំចលនាប្រឆាំងរដ្ឋាភិបាល ទាំងនយោបាយ យោធា និងសេដ្ឋកិច្ច។
លោក ម៉ាឌូរ៉ូ បានប្រកាសចាត់ទុកមន្ត្រីទូតអាមេរិក ជាជនមិនគួរទទួលស្វាគមន៍ នៅតាមកញ្ចក់ទូរទស្សន៍ ក្រោយពេលដែលលោកប្រកាសពីជ័យជម្នះ ជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យទី២២ខែឧសភាឆ្នាំ២០១៨នេះ។
«ពួកគេត្រូវចាកចេញពីប្រទេស ក្នុងរយៈពេល៤៨ម៉ោង ដើម្បីការពារភាពថ្លៃថ្នូរ របស់ប្រទេសវេណេស៊ុយអេឡា។ វាគ្រប់គ្រាន់ហើយ សម្រាប់សកម្មភាពប៉ុនប៉ងប្រឆាំងរដ្ឋាភិបាលនេះ។» លោក ម៉ាឌូរ៉ូបាននិយាយ។
(រូបភាព៖ លោក នីកូឡាស ម៉ាឌុយរ៉ូ - Nicola Maduro)
គួរបញ្ជាក់ថា មន្ត្រីទូតពីរនាក់ ដែលត្រូវវេណេស៊ុយអេឡាបណ្តេញចេញនោះ រួមមានមន្ត្រីម្នាក់ជាភារៈធារី និងម្នាក់ទៀតជាអនុប្រធាន បេសកកម្មការទូតអាមេរិកផងដែរ។ ក្រោយមានការបណ្តេញចេញមន្ត្រីខ្លួន ក្រសួងការបរទេសអាមេរិក បានគំរាមប្រើប្រាស់វិធានការឆ្លើយតបវិញផងដែរ ប៉ុន្តែឥឡូវនេះ អាមេរិកមិនទាន់បានទទួលព័ត៌មានការទូត ពីខាងវេណេស៊ុយអេឡានៅឡើយទេ។
ជាការពិត ការសម្រេចបណ្តេញមន្ត្រីទូតអាមេរិកនេះ ត្រូវបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) សម្រេចបន្តឹងទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា។
គួរបញ្ជាក់ផងដែរថា ការសម្រេចដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងដើម្បីឆ្លើយតបនឹងការបោះឆ្នោតប្រធានាធិបតី ដែលគ្មានបក្សប្រឆាំងចូលរួម និងមានអ្នកទៅបោះឆ្នោតត្រឹម ៤៦,១ ភាគរយប៉ុណ្ណោះ ប៉ុន្តែ លោក ម៉ាឌូរ៉ូ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ហើយអាចកាន់កាប់តំណែងប្រធានាធិបតី ក្នុងរយៈពេលប្រាំមួយឆ្នាំទៀត ។
នៅចម្ងាយប្រមាណ១៧៧០០គីឡូម៉ែត្រ ភាគខាងកើតប្រទេសវេណេស៊ុយអេឡា នៅប្រទេសកម្ពុជាឯណេះវិញ ក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមប្រៀបធៀបការបោះឆ្នោត នៅប្រទេសអាមេរិកខាងត្បូងនេះ ជាមួយនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា ក្នុងខែកក្កដាខាងមុខនេះ។
ទោះបីជាយ៉ាងណា កាសែតកម្ពុជាថ្មី យល់ឃើញថា ការប្រៀបធៀបការបោះឆ្នោត នៅប្រទេសវេណេស៊ុយអេឡា ជាមួយការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាកំហុសឆ្គងទាំងស្រុង ដូចជាអតីតមន្ត្រីគណបក្សប្រឆាំងធ្លាប់ប្រៀបធៀប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) អតីតប្រធានាធិបតីហ្ស៊ីមបាបវ៉េ និងមេដឹកនាំដទៃទៀត ដោយខុសឆ្គងកន្លងមកនោះដែរ។
ជាការពិតណាស់ ដូចសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថ្មីៗនេះ ការបោះឆ្នោតនៅកម្ពុជា និងវេណេស៊ុយអេឡា មិនដូចគ្នានោះទេ។ សម្ដេចតេជោ បានចាត់ទុកការបោះឆ្នោត នៅវេណេស៊ុយអេឡា និងការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ គឺជារឿងពីរផ្សេងគ្នា ពីព្រោះការបោះឆ្នោតនៅកម្ពុជា នឹងមានអ្នកចូលរួមបោះឆ្នោតច្រើន បើគិតជាភាគរយនៃចំនួនអ្នកមានសិទ្ធបោះឆ្នោតនោះ។
«អ្នកត្រូវចាំឱ្យច្បាស់ ចាំមើលបើកភ្នែកឱ្យធំៗ រង់ចាំថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ អ្នកចាំមើលទៅ រឿង(បោះឆ្នោត) នៅវេណេស៊ុយអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គឺសមាជិកគណបក្សប្រជាជនទាំងអស់ គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោត វាគ្រប់គ្រាន់និងច្រើនលើសលប់ ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះឱ្យច្បាស់។ យុទ្ធសាស្ត្របាតដៃស្អាត របស់អ្នកនឹងមានកំហុស។» សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ ទៅកាន់កម្មកររោងចក្រ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ខែឧសភានេះ។
លើសពីនេះទៅទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកមិនគាំទ្រគណបក្សប្រជាជន មិនទៅបោះឆ្នោត ក៏គ្មានរឿងអ្វីប៉ះពាល់ដល់ការបោះឆ្នោតដែរ ពីព្រោះទោះបីជាមានតែអ្នកគាំទ្រគណបក្សប្រជាជន ៥លាននាក់ចូលរួមនោះ វាបង្ហាញភាពស្របច្បាប់ តាមលក្ខណៈបច្ចេកទេសបោះឆ្នោតទៅហើយ។
ជាការពិតណាស់ ដូចសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង សកម្មភាពរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលអំពាវនាវឱ្យពលរដ្ឋ កុំទៅបោះឆ្នោតនោះ គឺជាការស្រែកនៅក្រៅប្រទេសអត់ប្រយោជន៍ ហើយគ្មានប្រសិទ្ធភាពនោះឡើយ។
គួរំឭកថា លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ធ្វើពហិកាមិនទៅបោះឆ្នោត ក្រោមសារថា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីចំអកទៅនឹងការបោះឆ្នោត ដែលមានគណបក្សជិត ២០ចូលរួមនោះ។
លោក សម រង្ស៊ី បានសន្មត់ថា អ្នកណាមិនទៅបោះឆ្នោត គឺបង្ហាញការគាំទ្រចំពោះគណបក្សសង្គ្រោះជាតិ ហើយអ្នកណាទៅបោះឆ្នោត គឺបង្ហាញការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។ យ៉ាងណាក៏ដោយ លោក មានជំនឿយ៉ាងខ្លាំងថា ប្រជាពលរដ្ឋភាគច្រើន ជាពិសេសអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នឹងមិនទៅបោះឆ្នោត តាមការអំពាវនាវរបស់លោក។
នៅក្នុងវេទិកាសាធារណៈ នៅប្រទេសកាណាដា កាលពីថ្ងៃទី២០ខែឧសភានេះ អតីតប្រធានគណបក្ស្រឆាំងរូបនេះ បាននិយាយថា បើអ្នកមិនទៅបោះឆ្នោត មានចំនួនច្រើនជាងអ្នកទៅបោះឆ្នោត គឺស្មើនឹងជ័យជម្នះ បានទៅលើគណបក្សសង្គ្រោះជាតិ។
ជាការពិតណាស់ សាធារណជនមួយចំនួន ដែលបានស្តាប់ឮការបកស្រាយរបស់លោក សម រង្ស៊ី នេះ គេអាចសើចស្ទើរតែរយះមាត់ ដូចត្រីសណ្តាយជាមិនខាន។
បើគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោលហើយ ហើយមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត របស់គណកម្មការរៀបចំការការឆ្នោតផង តើធ្វើម៉េចអតីតគណបក្សប្រឆាំងមួយនេះ ឈ្នះឆ្នោតទៅកើត?
ចុះគណបក្សផ្សេងទៀត អត់មានអ្នកគាំទ្រ និងបោះឆ្នោតឱ្យទេឬ? ប្រសិនបើអតីតគណបក្សសង្គ្រោះជាតិ អះអាងដូច្នេះ មានន័យថាគណបក្សនេះបន្លំ ឬលួចសន្លឹកឆ្នោត។ ប៉ុន្តែ គណបក្សដទៃទៀតសំណាងហើយ ដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលនោះ។
ណ្ហើយចុះ កាសែតកម្ពុជាថ្មីយល់ឃើញថា លោក សម រង្ស៊ី គួរឈប់ធ្វើព្យុះភ្លៀង ហើយឈប់ប្រៀបធៀបការបោះឆ្នោតនៅប្រទេសផ្សេង ជាមួយប្រទេសកម្ពុជាទៀតទៅ ពីព្រោះគ្មាននរណាម្នាក់ស្តាប់លោកនោះឡើយ ដូចជាសុភាសិតខ្មែរដែលនិយាយថា៖ «ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទំនេរ» ដូច្នេះដែរ៕ (បទវិចារណកថា ដោយ កាសែតកម្ពុជាថ្មី)
Source: Kampuchea Thmey Daily
0 Comments