Ad Code

​​ក្រុមហ៊ុនថ្នាំលាប​ TOA នឹងបើកដំណើការរោងចក្រនៅកម្ពុជា នៅធមាសទី១ ឆ្នាំ២០១៩



​ភ្នំពេញ​៖ លោកស្រី​ ធី​ទី​ហ្គា​ន ម៉ាង​កង​ នាយក​ទីផ្សារ​ក្រុមហ៊ុន​ ធី​អូ​អេ​ ប្រចាំ​ប្រទេស​កម្ពុជា ឡាវ​និង​មី​យ៉ាន់​ម៉ា​ បាន​អះអាងថា​ នៅ​ឆ្នាំក្រោយ​ក្រុមហ៊ុន​ នឹងមាន​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច ​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​ សម្រាប់​ផលិត​ថ្នាំលាប​តូ​អា​ ខណៈ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នាំចូល​ផលិតផលទាំងនេះ មកពី​ប្រទេស​ថៃ​។

លោកស្រី​បានប្រាប់យ៉ាងដូច្នេះ ខណៈពេលដែល ​ក្រុមហ៊ុន​ ធី​អូ​អេ (TOA) ​បាន​នាំយក​នូវ​ផលិតផល​របស់ខ្លួន ​ដែល​នាំចូល​មកពី​ប្រទេស​ថៃ​ រួមមាន​ថ្នាំលាប​ពណ៍​​ និង​ថ្នាំលាប​សម្ភារៈ​ផ្សេងៗ​ទៀត ​មកដាក់តាំង​បង្ហាញ​ជូន​ដល់​ប្រជា​ពលរដ្ឋ ​នៅក្នុង​ពិធី​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​ និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣ នៅ​កោះ​ពេជ្រ​។​

​នៅក្នុង​ពិធី​តាំងពិព័រណ៍​ ​ក្រុមហ៊ុន​ ធី​អូ​អេ (TOA) ​បានយកផលិតផល​ ដាក់តាំង​បង្ហាញ​ ​រួមមាន​ថ្នាំលាប​ពណ៍ ថ្នាំលាប​ដែក លាប​ឈើ ថ្នាំលាប​ការពារ​កុំ​ឲ្យ​កណ្តៀរ​ស៊ី ថ្នាំលាប​ជញ្ជាំង​ដែលមាន​ស្នាម​ប្រេះ​ឲ្យ​ស្នើ​ល្អ ម៉ាស៊ីន​លាយថ្នាំ​ពណ៍​ ដែល​អាច​លាយ​បាន​គ្រប់​ពណ៍​។​



"​ការមកចូលរួមដាក់​តាំង​ផលិតផល​ នៅក្នុង​ពិព័រណ៍​នេះ ​ដោយសារ​ពិព័រណ៍​នេះ​គឺជា​ពិ​ព័ន​ណ៍ ​ដែលមាន​ការដាក់​តាំង​គ្រឿងសំណង់ ​និងអចលនទ្រព្យ​។ ​ដូចនេះ​វា​សមស្រប​ទៅនឹង​ផលិតផល​ របស់​ក្រុមហ៊ុន​ ​ដែលជា​ផ្នែក​សំណង់​មួយ​ដែរ​ ព្រោះថា​ ថ្នាំលាប​ម៉ាក​តូ​អានេះ ​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ សម្រាប់​អតិថិជន​នៅ​ប្រទេស​កម្ពុជា ​សម្រាប់​យកទៅ​លាប​លំអ​លំនៅដ្ឋាន អគារ​ការិយាល័យ សំណង់​ផ្ទះល្វែង បុរី​ និង​ខុន​ដូ​ជាដើម​។" លោកស្រី ​ធី​ទី​ហ្គា​ន ម៉ាង​កង​ បន្ថែមឲ្យដឹង ហើយបន្តទៀតថា៖ "ដូចនេះ​អតិថិជន​ដែល​មក​ទស្សនា​ពិព័រណ៍​នេះ​ អាច​ឃើញ​នូវ​ផ​លិត​ផល​របស់​យើង​ដោយផ្ទាល់​ភ្នែក ​ហើយ​ទទួលបាន​នូវ​ការប្រឹក្សា​ ពី​អ្នកជំនាញ​របស់​យើង​ ដើម្បី​ឲ្យ​ពួកគាត់​កាន់​តែមាន​ភាពជឿជាក់​ ទៅលើ​គុណភាព​និង​ប្រសិទ្ធភាព​ ថ្នាំលាប​របស់យើង​ថែមទៀត​។​"​

លោកស្រី​ បាននិយាយដោយជឿជាក់ថា​ ដោយសារ​មានការ​គាំទ្រ ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​នេះហើយ ​ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ធី​អូ​អេ​ មានការ​រីកចំរើន​ ​ជាកស្តែង​នៅក្នុង​១​ឆ្នាំៗ ​ក្រុមហ៊ុន​លក់បាន​ក្នុង​រង្វង់​ប្រមាណ​ ១២​លាន​បាត​។​

 

​លោកស្រី​ ធី​ទី​ហ្គា​ន ម៉ាង​កង​ បាន​បញ្ជាក់បន្ថែមថា រោងចក្រផលិត​ថ្នាំលាប​តូ​អា នៅកម្ពុជា ​គ្រោង​នឹង​សាងសង់​រួចរាល់​ នៅ​ខែមីនា​ឆ្នាំ​២០១៩​ខាងមុខនេះ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ​៧​លាន​ដុល្លារ​អាមេរិក​ ដោយ​ប្រើប្រាស់​កម្មករប្រមាណ​ ៣​ពាន់​នាក់​។​

​លោកស្រី​បាន​បន្ថែមថា​ ការសម្រេច​បើក​រោងចក្រ​នៅ​កម្ពុជា​នេះ​ គឺ​ដោយសារតែ​សេច​កិច្ច​ប្រទេស​កម្ពុជា មាន​ការរីកចំរើន​ខ្ពស់​ ហើយ​តម្រូវការ​ទីផ្សារ​ថ្នាំលាប​នៅ​កម្ពុជា​ ក៏​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រោះតែ​វិស័យ​សំណង់ផ្ទះ​ល្វែង បុរី អគារ​ខ្ពស់ៗ ​និង​ខុន​ដូ​កាន់តែ​រីកដុះដាល​។​

​គួរ​បញ្ជាក់ថា​ ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​ និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣​នេះ ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៨ ​នៅ​កោះ​ពេជ្រ​ដោយមាន​ការដាក់​តាំង​បង្ហាញ ​ផលិតផល​សំណង់​ជាច្រើន​ ពី​សំណាក់ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ប្រមាណ​ជាង​១៥០​ក្រុមហ៊ុន​ មកពី​ជុំវិញ​ពិភពលោក​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu