Ad Code

ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស ​បាន​ជួយ​អន្តរាគមន៍​ ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៨​នាក់ បាន​ត្រឡប់ មក​កម្ពុជា​វិញ



ភ្នំពេញ​ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍១២​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ថា ស្ថាន​តំណាង​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហ​បូរី និង​ប្រទេស​ចិន ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៨​នាក់ ត្រឡប់​មាតុប្រទេស​វិញ។

តាម​លោក ជុំ សុន្ទរី ករណី​ទី​១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​មាតុភូមិនិវត្តន៍​របស់​អនីតិជន​ខ្មែរ​ចំនួន​៦​នាក់ មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំ​ដល់​១៦​ឆ្នាំ ដែល​ទទួលរង​គ្រោះ​ដោយ​ការជួញដូរ​មនុស្ស ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០១៨​។ ផ្អែក​តាម​អនុស្សរណៈ​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​ប្រឆាំង នឹង​ការជួញដូរ​កុមារ​និង​ស្ត្រី និង​ការជួយ​ដល់​ជនរងគ្រោះ​ដោយ​ការជួញដូរ ក្រសួង​អភិវឌ្ឍន៍​សង្គម​និង​សន្តិសុខ​មនុស្ស​របស់​ថៃ បាន​ជួយសង្គ្រោះ​អនីតិជន​ទាំង​៦​នាក់​នេះ និង​បាន​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល​គាំពារ​សុខុមាលភាព ប៉ាក​ក្រេ​ត នៅ​ទីក្រុង​បាងកក ហើយ​បាន​ជូន​ព័ត៌មាន​ទៅ​ស្ថានទូត​កម្ពុជា ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍។

ករណី​ទី​២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់ មកពី​ខេត្តកំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និង​ព្រះវិហារ ក្នុងនោះ​ពលករ​មាន​ចំនួន​៥​នាក់ និង​ពល​ការិនី​៦​នាក់ ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​១​នាក់​ជា​កុមារ​។ ពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់​នោះ បាន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ចន្លោះ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ។​

ករណី​ទី​៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហ​បូរី បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី ខ្មែរ​១​នាក់ អាយុ​២៥​ឆ្នាំ មកពី​ខេត្តកំពង់ធំ ដែល​បាន​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​សិង្ហ​បូរី ពីថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តែ​មិនអាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​ទីនោះ​បាន​។ ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ និង​ជួយ​ទាមទារ​លិខិតឆ្លងដែន​និង​សំបុត្រ​យន្តហោះ​ពី​ភ្នាក់ងារ​នាំ​ពលករ ហើយ​ពល​ការិនី​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ​២០១៨ ។​
ករណី​ទី​៤. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៩​នាក់ ក្នុងនោះ​ស្ត្រី​៨​នាក់ (​មកពី​ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និង​ព្រៃវែង​) ដែល​ត្រូវបាន​មេខ្យល់​នាំ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​រៀបការ​និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន និង​បុរស​១​នាក់ មកពី​ខេត្តកំពង់ស្ពឺ ដែល​ចូលទៅ​ធ្វើការ​ក្នុងប្រទេស​ចិន​ដោយ​ខុសច្បាប់។

លោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថាន​អគ្គ​កុងស៊ុល​បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ និង​រៀបចំ​ឯកសារ​ធ្វើដំណើរ​ដល់​ពលរដ្ឋ​ទាំង​៩​នាក់ ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu