Ad Code

លួច​កុំព្យូទ័រ​គេ​បាន​ហើយ​យក​ទៅ​លក់ ​ពេល​ត្រឡប់​មក​វិញ​ម្ចាស់​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន



ភ្នំពេញ​ ៖​ បុរស​២​នាក់ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ក្រោយ​ពី​បានធ្វើ​សកម្មភាព​ចូលក្នុង​ផ្ទះ​គេ​លួច​យក​ម៉ាស៊ីន​កុំព្យូទ័រ​១​គ្រឿង​ កាលពី​ម៉ោង​៣​រសៀល នា​ថ្ងៃអាទិត្យ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ក្រុម​ជនសង្ស័យ​​​ ១​ឈ្មោះ ម៉ន មិត្ត អាយុ​១៩​ឆ្នាំ​គ្មាន​មុខរបរ​ពិតប្រាកដ​ស្នាក់​ នៅផ្ទះ​ជួល​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​។ ២ ឈ្មោះ សន ពិសី អាយុ​៣២​ឆ្នាំ មុខ​របរ មិន​ច្បាស់លាស់ មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី។

លោក​គង់ សុភ័ក្ត្រ អាយុ​២៥​ឆ្នាំ ជា​ជនរងគ្រោះ​និង​ជាដើម​បណ្តឹង បាន​និយាយ​ថា​ ៖ ​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​ផ្ទះ​របស់គាត់ តែ​ពេលនោះ​គាត់​ក៏បាន​ចូលទៅក្នុង​បន្ទប់ទឹក​មួយ​ភ្លែត​ ចេញ​មកវិញ​ស្រាប់តែ​បាត់​កុំព្យូទ័រ​ ប្រភេទ​​​លែ​ប​ថប ១​គ្រឿង​ម៉ាក Accer ហើយក៏​បាត់​ពួកគេ​ពីមុខ​ផ្ទះ​របស់គាត់​ដែរ​។​

​សាក្សី​នៅក្បែរ​ខាង​ក៏បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជា​អ្នក​ចូលទៅ​លួច​យក​ម៉ាស៊ីន​កុំព្យូទ័រ នោះ ​ដោយ​ឈ្មោះ សន ពិសី ជា​អ្នកបើកបរ​ម៉ូតូ​និង​ឈ្មោះ​ម៉ន មិត្ត ជា​អ្នក​ចូលទៅ​លួច​យក​ដល់​ក្នុងផ្ទះ​។

ក្រោយ​ប៉ូលិស​សាកសួរ ពួកគេ​បាន​សារភាព​ប្រាប់ថា ម៉ាស៊ីន​កុំព្យូទ័រ​ខ្លួន​បាន​លួច​យកមែន​ពេល​លួចបាន​យកទៅលក់​អោយគេ​តាម​រូបភាព​ដាក់បញ្ចាំ​នៅ​ម្តុំ​ក្តាន់​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ លុះ​ពេល​ត្រឡប់មកផ្ទះ​វិញ​ក៏ត្រូវ​ជនរងគ្រោះ​ប្តឹង​ប៉ូលិស អោយមក​ឃាត់ខ្លួន​តែម្តង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu