ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលជាការប្រកួតសម្រាប់សប្តាហ៍ទី៣ លើកទី២ អ្នកប្រដាល់ខ្មែរឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ និង យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ពួកគេទាំងពីរនាក់ រកបាន៣ពិន្ទុបន្ថែមដូចគ្នា ។ យុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានប្រើពេលមិនដល់៣ទឹកទេ បានផ្តួលអ្នកប្រដាល់ថៃPhat Thou អោយសន្លប់ក្នុងទឹកទី៣។
តាមពិតPhat Thou គេធ្វើសន្លប់ទេ ដោយចង់ស៊ីឡាកលើយុគយក្សផ្លែ បន្ទាប់ពីយក្សផ្លែ បានទាត់ថែមលើគេត្រូវមុខមួយជើង ពេលគេដួលខូចជំហរប្រកួតនោះ។ ប៉ុន្តែទាំងគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមិនអោយ Phat Thou ឈ្នះនោះទេ ដោយសារតែការទាត់ថែមរបស់យក្សផ្លែនោះ មានលក្ខណៈស្រាលត្រូវតិចប៉ុណ្ណោះ មិនសមនឹង Phat Thou សន្លប់នោះឡើយ។ ដូច្នេះហើយ ទើបអាជ្ញាកណ្តាលផ្តល់ជ័យជម្នះអោយយុគ យក្សផ្លែឈ្នះ Phat Thou នោះ។
ជាមួយនឹងជ័យជំនះនេះ បានធ្វើអោយយុគ យក្សផ្លែ ទទួលបាន៦ពិន្ទុក្នុងដៃ ក្នុងការប្រកួត២លើក ដែលប្រកួតជម្រុះលើកទី១ គេវាយឈ្នះថៃដោយពិន្ទុ បាន៣ពិន្ទុ និងលើកទី២នេះ គេឈ្នះថៃក្នុងទឹកទី៣ បាន៣ពិន្ទុបន្ថែមទៀត។
ចំពោះ ឡុង ជិន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធវិញ គេក៏ផ្តួលអ្នកប្រដាល់ថៃ Phat Seila អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ដែរ ក្នុងការប្រកួតជម្រុះខ្សែក្រវាត់ជើងឯកខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម វគ្គសន្សំពិន្ទុលើកទី២នេះដែរ ។ Phat Seila បានបោះបង់ការប្រកួត បន្ទាប់ពីត្រូវឡុង ជិន ទាត់អោយខូចជើងនោះ។
ឡុង ជិន ជាមួយនឹងជ័យជម្នះនេះ គេក៏ទទួលបាន៦ពិន្ទុដែរ ក្នុងការប្រកួតជម្រុះពីរលើកនេះ ដែលលើកទី១គេផ្តួលថៃអោយសន្លប់ក្នុងទឹកទី១ ហើយលើកទី២នេះ បានផ្តួលថៃឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣ ។
សេក គឹមរួន ស្មើ Phat Srakeo ឯ យុគ យក្សគីល ចាញ់ប្រេស៊ីល
សេក គឹមរួន អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះPhat Srakeo នៅក្នុងកម្មវិធីប្រដាល់Ganzberg Top Fighter នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នាយប់ថ្ងៃទី១៦មិថុនា២០១៨នោះ បានទទួលលទ្ធផលត្រឹមស្មើពិន្ទុប៉ុណ្ណោះ ។
សេក គឹមរួន និង អ្នកប្រដាល់ថៃ Phat Srakeo ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០ គីឡូក្រាម ។Phat Srakeo នេះ ជាអ្នកប្រដាល់ថៃចំណូលថ្មី តែគេមានស្នៀតគុនល្អមិនចាញ់គឹមរួននោះទេ ទើបបានស្មើគ្នាជាមួយសេក គឹមរួននេះ ។
ចំណែក យុគ យក្សគីល អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ប្រេស៊ីល Victor Houto ។ ពួកគេទាំងពីរជួបប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម ។ អ្នកប្រដាល់ប្រេស៊ីល Victor Houto នេះ ចេះមួយចប់តែម្តង ដែលធ្វើអោយយុគ យក្សគីល ចូលមិនចុះ ចូលត្រូវអ្នកប្រដាល់ប្រេស៊ីលចាប់កៀបអុកជង្គង់តែម្តង ។ ជាមួយនេះ យក្សគីល ចាញ់ទាំងការទាត់ថែមទាត់ ដោយត្រូវ Victor Houto ទាត់ដល់កញ្ចឹងក ប្រមាណ ពីរបីលើក គ្រាន់តែយក្សគីលគេលើដៃបិទទាន់នោះ កុំអីសន្លប់មុនទឹក៥ទៅទៀត ។
ដោយឡែក អ្នកប្រដាល់ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ ប្រកួតឈ្នះ ហ៊ឹម សារ៉ាន់ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុ ។ ចំណែក អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ឈ្នះ ឈិន ក្វាន់ង៉ុយ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ដោយពិន្ទុដែរ ៕
ម៉ន សាម៉េត ចាញ់ Phat Ngenthong
អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានវាយចាញ់ អ្នកប្រដាល់ថៃ Phat Ngenthong ដោយពិន្ទុ ក្នុងការជួបប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កាលពីព្រឹកថ្ងៃអាទិត្យទី១៧មិថុនា២០១៨ នៅលើសង្វៀនBoostrong Fighter On Fire របស់SEA-TV ។
Phat Ngenthongនេះ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនៅស្រុកថៃក្នុងប្រភេទទម្ងន់៥៧ គ.ក្រនេះដែរ ។គេធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយ ដោយវាយឈ្នះឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក្នុងទឹកទី៣ ឈ្នះឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ដោយពិន្ទុ ហើយគេក៏ធ្លាប់វាយចាញ់សុខ ធី ក្លិបសៅយ៉ាន់នាគាដោយពិន្ទុ ចាញ់ប៉ោ ភារិទ្ធ ក្លិបក្រសួងកសិកម្ម ក្នុងទឹកទី៣ និង ឈ្នះបឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ។
ម៉ន សាម៉េត ចាញ់ទាំងកម្លាំងស៊ុហ្វ ចាញ់ទាំងទិចនិចប្រកួត ដែលក្រោយបញ្ចប់ការប្រកួតប្រាំទឹក សាម៉េត ចាញ់ Phat Ngenthong ដោយពិន្ទុដាច់ ។ និយាយរួម អ្នកប្រដាល់ថៃរូបនេះ វាយខ្លាំង និងមានក្បាច់គុនល្អ ។
លួន សុខខេង អ្នកប្រដាល់ក្លិបអាស៊ីកីឡា ដែលបានសុំឡើងទូទាត់បំណុលជាមួយធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធនោះ គឺបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ។ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។
ជើងចាស់ទាំងពីរនាក់នេះ ធ្លាប់បានប៉ះគ្នា៤លើកហើយកន្លងមក ដោយសុខខេងឈ្នះបានតែមួយលើកប៉ុណ្ណោះ ក្នុងការជួបគ្នាលើកដំបូង ហើយដែល៣លើកចុងក្រោយសុខខេង ចាញ់ធីតុងហ៊ីទាំង៣លើក ។
តាំង សីហា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ប្រកួតចាញ់សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ ក្នុងការជួបគ្នាទម្ងន់៦០គីឡូក្រាម ៕
រឿង សារ័ត្ន ឈ្នះ Ou Ranou ខណះលាភ រដ្ឋា ឈ្នះ A Norn
រឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង លាភ រដ្ឋា អ្នកប្រដាល់ នៃក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានវាយឈ្នះថៃដោយពិន្ទុដូចគ្នា ក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់ថៃ កាលពីព្រឹកថ្ងៃអាទិត្យទី១៧មិថុនា២០១៨ នៅលើសង្វៀនWurkz របស់SEA-TV ។
រឿង សារ័ត្ន គេប្រកួតឈ្នះអ្នកប្រដាល់ថៃឈ្មោះ Ou Ranou ដោយពិន្ទុ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ។ Ou Ranou ត្រូវសារ័ត្ន វាយអោយអាជ្ញាកណ្តាលរាប់៨ ពីរដងក្នុងទឹកទី២ម្តង និងក្នុងទឹកទី៣ម្តង ដោយសារត្រូវនឹងកណ្តាប់ដៃរបស់សារ័ត្ន ។
ចំពោះ លាភ រដ្ឋា គេបានវាយឈ្នះអ្នកប្រដាល់ថៃឈ្មោះA Norn ដោយពិន្ទុដែរ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ លាភ រដ្ឋា ឈ្នះ A Norn ដោយលំបាកដែរទេ ដោយសារអ្នកប្រដាល់ថៃរូបនេះ គេល្អនិងខ្លាំង ព្រមទាំង រហ័សរហួន ។ តែយ៉ាងណា លាភ រដ្ឋា គេវាយបុកខ្លាំងជាង ចេញច្រើនជាង និងវាយចំគោលដៅល្អជាង។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សុខ សុវណ្ណ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតឈ្នះ ជ័យ ស៊ីនេត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ដោយពិន្ទុ។ នឿន សាវឌី អ្នកប្រដាល់ក្លិបអេភូថងកីឡា ប្រកួតចាញ់ ទី ពន្លែត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ ក្នុងការជួបគ្នាប្រភេទទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments