Ad Code

រក​ឃើញ​អ្នក​ខ្លាំង​ពីរ​រូប​ទៀត ក្នុង​ការ​ប្រកួត​ជម្រុះ​ជើងឯក​TV5 Knock Out Series​ទម្ងន់​៦០​គ​.​ក្រ



អ្នក​ប្រដាល់​សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប និង កំពែង ខ្មៅ​អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ពួកគេ​ពីរ​នាក់​នេះ ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​២ ជើងឯក​TV5 Knock Out Series​ទម្ងន់​៦០​គ​.​ក្រ​បន្ត​ទៀត ក្រោយពី​ពួកគេ​ទាំងពីរ​បាន​វាយ​ឈ្នះ​លើ​ដៃគូ ក្នុង​ការ​ប្រកួត​ជម្រុះ​សប្តាហ៍​ទី​២ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ លើ​សង្វៀន ​TV5 ព្រែកកំពឹស។

សេក ចៅ​ជូត គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ ។​ផាន់ រះ គេ​ចាញ់​សេក ចៅ​ជូត មិនជា​ឯកច្ឆ័ន្ទ​នោះទេ គឺ​ចាញ់​៤​ទល់​១ ដោយ​ចៅក្រម​៤​រូប ក្នុងចំណោម​៥​រូប បានផ្តល់​ពិន្ទុ​អោយ​ចៅ​ជូត​ឈ្នះ និង​១​រូប​ផ្តល់​ពិន្ទុ​ឲ្យ​ផាន រះ​ឈ្នះ ។
ដូច្នេះ ផាន រះ គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើម​កំពូល​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​ត្រឹម​ដំណាក់កាល​ទី​១​នេះ ។ ឯ សេក ចៅ​ជូត គេ​ត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​២​ទៀត ។​

ចំណែក កំពែង ខ្មៅ គេ​បាន​យកឈ្នះ​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១​នេះដែរ ។ ឡូញ វ៉ាន់ឌី​វាយ​ចាញ់ កំពែង ខ្មៅ ដាច់​តែម្តង​គឺ​៥​ទល់​០ ដែល​ចៅក្រម​ទាំង​៥​រូប​បានផ្តល់​ពិន្ទុ​អោយ​កំពែង ខ្មៅ​ឈ្នះ​ទាំងអស់គ្នា ។​
​ដូច្នេះ កំពែង ខ្មៅ គេ​នៅ​បន្ត​ការប្រកួត​នៅក្នុង​ដំណាក់កាល​ទី​២​បន្តទៀត ឯ​សៀន វិបុល ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​

គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ចម្រាញ់​រក​កីឡាករ​ដែល​ខ្លាំង​នោះ នឹង​ធ្វើជា​៣​ដំណាក់កាល ដោយ​ក្នុងចំណោម​៣២​នាក់ ក្នុង​ដំណាក់​ទី​១​ចម្រាញ់​ទុក​១៦​នាក់ ដំណាក់កាល​ទី​២ ទុក​៨​នាក់ ដែលជា​អ្នកឈ្នះ​សម្រាប់​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ពានរង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ។

ចំពោះ ការប្រកួត​ជាល​ក្ខ​ណះ​អន្តរជាតិ​ជាតិ ដែលជា​ការជួបគ្នា​រវាង​ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​ឈ្មោះ​Thai Oulan ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​នោះ គឺ​ជ័យ​ជំនះបាន​ទៅលើ​ឡុង សុ​ភី។

Thai Oulan វាយ​ចាញ់​ឡុង សុ​ភី ដាច់​តែម្តង ដោយ​ត្រូវ​សុ​ភី​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ចាញ់​ជង្គង់​របស់​សុ​ភី​ដាច់ ពោលគឺ​គេ​ចូល​មិន​ចុះ​ជាមួយ​ជង្គង់​និង​ជើង​ទាត់​ធាក់​របស់​ឡុង សុ​ភី បាន​នោះឡើយ ។​ដោយសារតែ​មានះ​ចូល​កៀក​នេះហើយ ទើប Thai Oulan​ត្រូវ​សុ​ភី​ចាប់​អុក​នឹង​ជង្គង់​ចំ​ចុងដង្ហើម ធ្វើ​ឲ្យ​សន្លប់​លែង​ក្រោក​ក្នុង​ទឹក​ទី​២​នោះ។

ចំណែក ឡុង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​វាយ​ឈ្នះ​សេក វណ្ណៈ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក្នុង​ទឹក​ទី​៤។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu