Ad Code

អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ បញ្ជាក់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​​​៤​គ្រឿង ​ស្លាប់​ម្នាក់ ​របួស​៧​នាក់



សៀមរាប​ ៖​ លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ ​បាន​មាន​ប្រសាសន៍​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨​​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​គល់ស្ពាន​ក្នុង​ឃុំ​ក្រឡាញ់​រួចមក លោក​ក៏បាន​នាំ​កម្លាំង​ជំនាញ​ចុះទៅ​ដល់​កន្លែង​ហេតុ ​​ឃើញ​រថយន្ត​ចំនួន​៤​គ្រឿង ​បាន​រង​ការខូចខាត គឺ​ទី១​ម៉ាក​កាមរី​ឆ្លាម , ទី​២​ម៉ាក​លុច​ស៊ី​ស RX330 ​ ទី​៣ ម៉ាក​ហាយ​ឡែ​ន​ឌ័រ​ ​​ទី​៤​រថយន្ត​កូរ៉េ​ដឹក​ជ្រូក និង​មាន​មនុស្ស​ប្រុស​ស្រី​បាន​ទទួល​រង​របួស​ធ្ងន់​ស្រាល ហើយ​ក៏បាន​ចាត់ចែង​ឲ្យ​ជួយ​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ខណៈ​ពេល​នោះ​បាន​ទទួល​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​ហេតុ ដែល​ពួកគាត់​អះអាង​ថា រថយន្ត​ដែល​បង្ក​នោះ គឺ​រថយន្ត​កូរ៉េ​ដឹក​ជ្រូក។

លោក​បាន​មានប្រសាសន៍​ទៀត​ថា ​បន្ទាប់ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រួចហើយ ​លោក​បាន​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​ព័ត៌មាន​លម្អិត​ពី​ជនរងគ្រោះ​ ហើយ​ជនរងគ្រោះ​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទីកន្លែង​តែមួយ​នេះ គឺ​កើតឡើង​ចំនួន​២​លើក ដោយ​ខុសពេល​វេលា​គ្នា​ប្រមាណ​១០​នាទី។

លោក​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ មានប្រសាសន៍​ទៀត​ថា តាម​ការបញ្ជាក់​របស់​ឈ្មោះ កែវ សា​រ៉ាវី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មាន​ទីលំនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក Rayno ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 3C-5299 ប្រភេទ​ភ្លៅ​២ បាន​ឆ្លើយ​បំភ្លឺ​ថា ខ្លួន​ជា​អ្នក​បើកឡាន​ឯកជន​ដឹក​ជ្រូក​ចំនួន​៥៣​ក្បាល​ របស់​ក្រុមហ៊ុន ​CP ដឹក​ចេញពី​ជើងភ្នំ​គូលែន ​ដោយ​បើកបរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ពេល​ដល់​កន្លែង​កើតហេតុ វេលា​ម៉ោង​ប្រមាណ ១និង៥០ នាទី​រសៀល រថយន្ត​របស់ខ្លួន​បាន​ដាច់​រ៉ូ​ទីល ក៏​រេ ​ចង្កូច​ទៅខាង​ស្តាំ​ដៃ​ ហើយ​បុក​ប៉ះ​ដៃ​ស្ពាន​កក់​ឆ្មា​ខាងស្តាំ​តែម្តង រួច​រថយន្ត​បាន​ត្រឡប់​ទៅខាង​ឆ្វេង​ដៃ​នៅ​ខាងត្បូង​ផ្លូវជាតិ​៦ ខាងលិច​ស្ពាន​កក់​ឆ្មា ស្ថិត​ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ក្នុង​នោះ​ជ្រូក​បាន​ងាប់​ចំនួន ០៤​ក្បាល។

លោក​វរសេនីយ៍ឯក​ជី​ បេង​ជន ​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ​បន្ទាប់មក​ នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខាងកើត​ស្ពាន​កក់​ឆ្មា​នេះ​ម្ដងទៀត ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​តា​ច្រែង​ ឃុំ​ក្រឡាញ់ ដែល​រថយន្ត​បុក​គ្នា​ចំនួន​៣​គ្រឿង។ បន្ទាប់ពី​ធ្វើការ​វាស់វែង​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​មាន​រថយន្ត​ម៉ាក HIGHT LANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-6692 ពណ៌​ទឹកប្រាក់ ( ខូចខាត​ធ្ងន់​) បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​ព្រោះ​ក្រោយពី​គ្រោះថ្នាក់​គេច​ខ្លួន​បាត់ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​រេ​ច​ង្កូ​ច​ទៅខាង​ឆ្វេង​ដៃ បុក​ជាមួយ​រថយន្ត​ម៉ាក TOYOTA CAMERY (​ឆ្លាម​) ពាក់​ស្លាក​លេខ ភ្នំពេញ​2G-4484 ពណ៌​ទឹកមាស ( ខូចខាត​ធ្ងន់​) បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បាន​រងរបួស​ធ្ងន់​មិនអាច​សួរនាំ​បាន បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​រថយន្ត​HIGHTLANDER បាន​វិល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក LEXUS RX330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-0202 ពណ៌​ទឹកមាស (​ខូចខាត​ស្រាល ) បើកបរ​ដោយ​ឈ្មោះ គី ចំរើន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កំពុង​បើកបរ​ពីក្រោយ​រថយន្ត​ម៉ាក TOYOTACAMERY ក្នុង​ទិសដៅ​ស្របគ្នា។

លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ស្រាល​ចំនួន ០៣​នាក់ , របួសធ្ងន់​ចំនួន ៤​នាក់ និង​ស្លាប់ ០១​នាក់ ក្នុងនោះ​មាន​៖ ១. ឈ្មោះ ស្រី មុំ ភេទ ស្រី មាន​ទីលំនៅ​ភូមិ ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​រងរបួស​ស្រាល , ២.​ឈ្មោះ សូ ណា​ង ភេទ ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បាន​រង​របួស​ស្រាល , ៣. ឈ្មោះ លុយ សេវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បាន​រង​របួស​ស្រាល , ៤.​ឈ្មោះ គាំ ហា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ ស្រុក ស្រីស្នំ ខេត្តសៀមរាប បាន​រង​របួស​ធ្ងន់ , ៥.​ឈ្មោះ គាំ ស៊ី​ឡាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ បាន​រង​របួស​ធ្ងន់ , ៦.​ឈ្មោះ សិ​ម តឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បាន​រងរបួស​ធ្ងន់ , ៧. ឈ្មោះ ជិន សៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ក្រោល ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បាន​រង​របួស​ធ្ងន់ និង ៨.​ឈ្មោះ សៀវ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​តា​ភ្ងា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បាន​រងគ្រោះ​រហូតដល់​ស្លាប់​នៅ​មន្ទីរពេទ្យ។

ចំពោះ​រថយន្ត ខាង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu