Ad Code

នៅ​កម្ពុ​ជា​មាន​ការងារ​១០​ប្រភេទ ដែល​ថៅកែ​ពិបាក​ក្នុង​ការ​ជ្រើសរើស​រក​កម្លាំង​ពលកម្ម



ភ្នំពេញ ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន មាន​វិស័យ​សំខាន់ៗ​ចំនួន​១០​ប្រភេទ ដែល​និយោជក​ពិបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។​

ថ្លែង​ក្នុង​ពិធី​បិទ​ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET Day) លើក​ទី​១​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​វិស័យ​សំខាន់ៗ​ទាំង​១០​រួមមាន​៖ ១.​វិស័យ​សណ្ឋាគារ និង​ការ​ស្នាក់នៅ​, ២.​ឡូ​ជី​ស្ទីក និង​ការដឹកជញ្ជូន​, ៣.​សុខាភិបាល​, ៤.​អប់រំ និង​បណ្តុះបណ្តាល​, ៥.​កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​, ៦.​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, ៧.​ព័ត៌មានវិទ្យា​, ៨.​សំណង់​, ៩.​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង និង​១០.​ផលិតកម្ម​កៅស៊ូ និង​ប្លាស្ទិក។

​តាម​លទ្ធផល​អង្កេត​មួយ​ដែល​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ដែល​បាន​ផ្សាយ​កាលពី​ថ្មីៗ​នេះ​បាន​បង្ហាញថា កត្តា​ចម្បង​ដែលនាំឱ្យ​និយោជក​ជួបប្រទះ​ការលំបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម គឺ​បណ្តាលមកពី​បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ​, មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងចំណោម​និយោជក​ក្នុងការ​ជ្រើសរើស​, កង្វះ​បទពិសោធន៍​ការងារ​, និង​បេក្ខជន​ដាក់ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច​។ ជំនាញ​សំខាន់ៗ​ដែល​អ្នកស្វែងរក​ការងារ​មានការ​ខ្វះខាត រួមមាន​៖ ជំនាញ​ភាសាបរទេស​, ជំនាញ​បច្ចេកទេស​, ការបម្រើ​សេវា​អតិថិជន​, ការនិយាយស្តី​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។

លទ្ធផល​នេះ បានបង្ហាញ​ឱ្យឃើញថា ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ​នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជា​បច្ចុប្បន្ន បណ្តាលមកពី​កង្វះ​ជំនាញ​របស់​អ្នកស្វែងរក​ការងារ និង​ទីផ្សារការងារ​ពុំទាន់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​។​

លើសពីនេះ លទ្ធផល​អង្កេត​ក៏បាន​បង្ហាញឱ្យឃើញថា កម្មករនិយោជិត​ដែល​កំពុង​បំពេញការងារ​បច្ចុប្បន្ន​ក៏​ជួបប្រទះ​នូវ​គម្លាត​ជំនាញ​ដែរ ពោលគឺ​មិនមាន​ជំនាញ​គ្រប់គ្រាន់ សម្រាប់​បំពេញ​តាម​តម្រូវការ​ការងារ នៃ​មុខតំណែង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​។ ក្នុងចំណោម​បញ្ហា​ដែលនាំឱ្យ​កើតមានឡើង​នូវ​គម្លាត​ជំនាញ​នេះ គឺ​ដោយសារ​កម្មករនិយោជិត ទើបតែ​ចូលកាន់​មុខតំណែង​ការងារ និង​ការបណ្តុះបណ្តាល​មិនត្រូវ​បានបញ្ចប់​ពេញលេញ​។​
​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុង​មួយឆ្នាំៗ​កម្ពុ​ជាមាន​កំណើន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចូលធ្វើ​ការប្រមាណ ៣​សែន​នាក់ ប៉ុន្តែ​អ្នកស្វែងរក​ការងារ​ធ្វើ​មួយចំនួន​ជួប​ការលំបាក ឬ​មិនអាច​រក​ការងារ​ធ្វើបាន ឬ​ធ្វើ​ការងារ​ដែល​មិនត្រូវ​នឹង​ជំនាញ ឬ​មិន​ពេញចិត្ត​។ រីឯ​និយោជក​វិញ ក៏​ជួបប្រទះ​ការរាំងស្ទះ​មិនអាច​អនុវត្តតាម​ផែនការ​ផលិតកម្ម ការពង្រីក​អាជីវកម្ម ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី ឬ​ផលិតភាព​ទាប​ជាដើម​។​

បើតាម​ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨ បានបង្ហាញ​អំពី​ការវិវត្ត​របស់​ទីផ្សារការងារ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ឱកាស​ការងារ​តាម​ប្រភេទ​នៃ​មុខរបរ រួមមាន​៖ វិស្វករ​ឧស្សាហកម្ម​និង​ផលិតកម្ម​, វិស្វករ​ទូរគមនាគមន៍​, អ្នកឯកទេស​ផ្នែក​វិទ្យុ​សាស្ត្រ និង​ថត​កាំរស្មីអ៊ិច​, អ្នកបកប្រែ​អត្ថបទ​និង​អ្នកបកប្រែ​ផ្ទាល់មាត់​, អ្នកបច្ចេកទេស​ផ្នែក​សេវា​គាំទ្រ​ព័ត៌មានវិទ្យា​, វិស្វករ​គីមី​, អ្នកបញ្ជា​ម៉ាស៊ីន​ចំ​ហ៊ុយ​ទឹក​, ជាង​ធ្វើ​កញ្ចក់​, ជាង​ដំឡើង​បំពង់​ទុយោ​ និង​បំពង់​បង្ហូរ និង​អ្នក​ដំឡើង​ម៉ាស៊ីន​យានយន្ត​។ ជារួម ឱកាស​ការងារ​ល្អ​ភាគច្រើន​ទាមទារ​ឱ្យមាន​ជំនាញ​មធ្យម និង​ខ្ពស់ ពិសេស​អ្នកទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិស្វករ​។​

លោក​បណ្ឌិត​អ៊ិត ​សំហេង​ បាន​បញ្ជាក់​ថា ​កម្ពុជា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង ហើយ​ឈានដល់​អាយុ​ចូលធ្វើការ​ក្នុង​ចំនួន​យ៉ាងច្រើន​ប្រមាណ ៣ សែន​នាក់​ក្នុង​មួយឆ្នាំៗ​។ និន្នាការ​បែបនេះ​នឹង​បន្ត​ក្នុង​រយៈពេល​វែង​ទៅមុខទៀត​យ៉ាងហោច​ក៏​ក្នុង​រង្វង់​៣​ទសវត្សរ៍​ទៀត​។

ទោះបីជា​កត្តា​ប្រជាសាស្ត្រ​បែបនេះ បានផ្តល់​នូវ​ផល​លាភ​ដល់​កម្ពុជា ប៉ុន្តែ​ក្នុងពេល​ទន្ទឹមគ្នា វា​ក៏​ជា​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុងការ​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​គ្រប់គ្រាន់​សម្រាប់ ប្រជាពលរដ្ឋ​ទាំងអស់នេះ​។ ដូច​យើងទាំងអស់គ្នា បានដឹង​ស្រាប់​ហើយ​ថា​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន កម្លាំង​ពលកម្ម​គឺជា​ទ្រព្យ​ដែល​បង្កើត​ចំណូល ដ៏​ចម្បង​បំផុត​របស់ខ្លួន​។​

ចំពោះ​សេដ្ឋកិច្ចជាតិ​វិញ កម្លាំង​ពលកម្ម គឺជា​កត្តាផលិតកម្ម​ដ៏​សំខាន់​នៅក្នុង​គ្រប់​វិស័យ​។ ដូច្នេះ​ប្រសិនបើ​កម្លាំង​ពលកម្ម​គ្មាន​ការងារ​ធ្វើ គឺជា​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ និង​សង្គមជាតិ​ទាំងមូល ដោយសារ​ប្រជាពលរដ្ឋ​យើង​មិនអាច​ទាញយក​ផល​ពី​ប្រភព​ទ្រទ្រង់​ជីវភាព​ដ៏​សំខាន់​នេះ ដែល​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​និង​គ្រួសារ​របស់ខ្លួន មិនអាច​ងើប​ផុតពី​ភាពក្រីក្រ​ឬ​អាច​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​វិញ ហើយ​រីឯ​សេដ្ឋកិច្ចជាតិ​វិញ​មិនបាន​ប្រើប្រាស់​ធនធាន​កម្លាំង​ពលកម្ម​ទាំងនេះ ដើម្បី​រួមចំណែក​ក្នុង​ផលិតកម្ម​ទំនិញ និង​សេវា​ឡើយ​។​

លោក​បាន​បន្ថែមថា ក្នុង​រយៈពេល​ល​១​អាណាតិ្ត​ចុងក្រោយ​នេះ ក្រសួង​ការងារ​បាន​ខិតខំ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ លើ​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ចូលរួម​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ទាំង​ក្នុងស្រុក និង​តំបន់​។​

ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានន​ដាក់​ឲ្យ​អនុវត្ត​នូវ​នយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ដែល​ផ្តោត​អាទិភាព​លើ​ការពង្រឹង​គុណភាព ការបង្កើន​លទ្ធភាព​ទ​ទួលបាន​ការបណ្តុះបណ្តាល ប្រកបដោយ​សមធម៌ ការលើកទឹកចិត្ត​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​ការលើកកម្ពស់​អភិបាលកិច្ច ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​គោ​នយោបាយ​ជាតិ​នេះ មាន​ចក្ខុវិស័យ​លើកកម្ពស់​ជីវភាព​រស់​នៅ សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ បង្កើនបាន​នូវ​កម្លាំង​ពលកម្ម ឬ​ធនធានមនុស្ស​កម្ពុ​ជា ប្រកបដោយ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ ផលិតភាព​ខ្ពស់ និង​មាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយជីវិត​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu