សៀមរាប ៖ ស្ត្រីម្នាក់រស់នៅសង្កាត់ចុងឃ្នៀស បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តសៀមរាប ប្ដឹងឈ្មោះវេង ហ៊ាង និង ប្រពន្ធឈ្មោះភ័ណ្ឌ ថា បាននាំមនុស្សមួយក្រុម ទៅយកទូកកាណូតគាត់ចតទុកនៅផ្ទះ តែមិនបានសម្រេច។
ស្ត្រីឈ្មោះដូ ធីផឹង រស់នៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមិថុនានេះថា សុំប្តឹងពីឈ្មោះវេង ហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ និង ប្រពន្ធឈ្មោះ ភ័ណ្ឌ ទីលំនៅ ភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀសក្រុងសៀមរាប ខេត្តសៀមរាប។
នៅវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ នេះឈ្មោះវេង ហ៊ាងនិងប្រពន្ធឈ្មោះ ភ័ណ្ឌ បាននាំគ្នាមួយក្រុមមកគំរាមយកបាឡាកាណូត ចំនួន៣គ្រឿង ថាជារបស់ដូ យ៊ាំង ថាន់ តាមពិតជារបស់បងបង្កើតដូ យ៊ាំង ថាន់ និងកូនទេ។ ចឹងហើយនាងខ្ញុំសូមប្តឹងពីឈ្មោះវេង ហ៊ាងនិងប្រពន្ធឈ្មោះ ភ័ណ្ឌ ដែលមកគំរាមយកទ្រព្យសម្បត្តិនាងខ្ញុំ និងសូមទាមទារសំណងចំនួន១០០០០ដុល្លារ ជាថ្លៃសងជំងឺចិត្ត។
អាស្រ័យដូចបានរៀបរាប់នៅក្នុងបណ្តឹងខាងលើនេះ សូមលោកព្រះរាជអាជ្ញាមេត្តាទទួលចាត់ការបណ្តឹងរបស់នាងខ្ញុំដោយក្តីអនុគ្រោះផងចុះ។
លោកខៀវ សុផល មេធាវីការពារក្តីឲ្យលោកស្រីឈ្មោះដូ ធីផឹង បានឲ្យដឹងថា ករណីនេះឈ្មោះវេង ហ៊ាងនិងប្រពន្ធឈ្មោះភ័ណ្ឌ បាននាំមនុស្សមួយក្រុមទៅយកទូកកាណូតគាត់ចតទុកនៅផ្ទះគេនោះ គឺជារឿងខុសច្បាប់។ ដូច្នេះលោកសុំស្នើឲ្យខាងតុលាការខេត្តសៀមរាបជួយចាត់ការតាមច្បាប់ផងចុះ។
យ៉ាងនេះក្តី អ្នកព័ត៌មានមិនអាចសុំការពន្យល់ និងបកស្រាយពីលោកវេង ហ៊ាង និងភរិយា ព្រមទាំងក្រុមការងារ ដែលទៅយកកាណូតដល់ផ្ទះពលរដ្ឋនោះបានទេ នៅព្រឹកថ្ងៃទី៣០នេះដោយសារហៅទូរស័ព្ទមិនចូលនៅក្រៅតំបន់សេវា៕
Source: Kampuchea Thmey Daily
0 Comments