ភ្នំពេញ ៖ ឥណ្ឌាសម្រេចផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ដោយបានសម្រេចផ្តល់នៅ សុខន " ឆ្កែ" សម្រាប់ហិតមីនដល់កម្ពុជា និងបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកស្រី ស្រ៊ីម៉ាទី នៀម៉ាឡា ស៊ីថារ៉ាម៉ាន រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានប្រកាសដូច្នេះក្នុងឱកាសដែលលោកស្រី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបនោះថា ក្នុងជំនួបនោះ លោកស្រី ស្រ៊ីម៉ាទី នៀម៉ាឡា ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman)បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកន្លងមក ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជនដែរ ដែលធ្វើឲ្យអ្នកវិនិយោគឥណ្ឌាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបានមានប្រសាសន៍ដែរថា តាមរយៈដំណើរទស្សនកិច្ចនោះ បានពង្រីកទំនាក់ទំនង រវាងកម្ពុជានិងឥណ្ឌាកាន់តែខ្លាំងឡើង។ លោកស្រីក៏បាន ជម្រាបជូន សម្តេចផងដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពិនិត្យមើលលើអ្វីដែលបានចុះហត្ថលេខា ហើយ អ្វីដែលបានចុះហត្ថលេខាហើយនោះឲ្យអនុវត្តបានទទួលផ្លែផ្កាទៅមុខទៀត។ ជាមួយនោះដែរ លោកស្រីក៏បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស យើងទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
លោកស្រី រដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចនូវការផ្ដល់ជំនួយដល់កម្ពុជាលើ វិស័យដោះមីន ក្នុងនោះ ឥណ្ឌានឹងផ្ដល់នូវឆ្កែដើម្បីហិតមីនដល់កម្ពុជា។ លោកស្រីក៏ស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងកងទ័ពឥណ្ឌានិង កងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសឥណ្ឌា ជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជាទទួលបានឯករាជ្យម្ល៉េះ ហើយក៏ជាប្រទេសទីមួយដែលទទួលស្គាល់កម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បន្តមកទៀតឥណ្ឌាក៏បានរួមចំណែកជួយរកសន្តិភាពឲ្យកម្ពុជា រហូតទៅដល់២ដំណាក់កាល ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៤ និងដំណាក់កាលទី២ នៅទសវត្សរ៍ ៨០ និង ៩០។
សម្ដេចតេជោ បានអរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ចំពោះករណីខាងលើហើយក៏ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានផ្ដល់ឲ្យកម្ពុជានូវឆ្កែហិតមីន។ សម្តេចក៏បានសម្តែងនូវការពេញចិត្តនិងសាទរចំពោះកិច្ចសហប្រតិបត្តិការដែលកងទ័ពឥណ្ឌាបានផ្តល់ឲ្យ កងទ័ពកម្ពុជានៅបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ។ សម្ដេចបានមានប្រសាសន៍ថា កងទ័ពឥណ្ឌាមានបទពិសោធន៍និងព័ត៌មានច្រើនដែរ ដូច្នេះការចែករំលែកបទពិសោធន៍ព័ត៌មាននេះ នឹងអាចជួយកាត់បន្ថយហានិភ័យ ទៅដល់កងទ័ព កម្ពុជា។
គួរបញ្ជាក់ថា លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា នេះដើម្បីបំពេញទស្សនកិច្ច ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមិថុនា ឆ្នាំ២០១៨។ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែ មិថុនា នេះ លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជួបពិភាក្សាការងារជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ៕
Source: Kampuchea Thmey Daily
0 Comments