កំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថា នៅក្នុងឆ្នាំនេះ សម្តេចមានគម្រោងបន្ទាន់ដើម្បីដាក់ស្នើឲ្យប្រទេសចិនគាំទ្រចំពោះគម្រោងកសាងផ្លូវតភ្ជាប់ពីច្រកថ្មដា ខេត្តពោធិ៍សាត់ ទៅកាន់កោះកុង និង ពីថ្មដា ទៅកាន់សំឡូត ដើម្បីភ្ជាប់ព្រំដែនកម្ពុជា ដែលមានប្រវែងមិនដល់២០០ គីឡូម៉ែត្រ ដែលចំណាយថវិកាប្រមាណ២០០ លានដុល្លារ។
សម្តេចតេជោបន្តថា តំបន់នោះសុទ្ធតែជាតំបន់ដែលមានការប្រយុទ្ធគ្នា។ ប៉ុន្តែ ឥឡូវតាំងពីម៉ាឡៃមកដល់ប៉ៃលិន មកដល់សម្លូតយើងមានផ្លូវហើយ ពីពោធិ៍សាត់ទៅដល់ថ្មដាយើងមានផ្លូវហើយ ។ ប៉ុន្តែរវាងថ្មដា និង សម្លូត រវាងថ្មដា និង កោះកុង យើងមិនទាន់មានផ្លូវក្រាលកៅស៊ូនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៦ ប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្គ្រង ខេត្តសៀមរាប កាលពីព្រឹកទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅខេត្តកំពង់ធំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះជំនួយឧបត្ថម្ភរបស់មិត្តចិនដែលបានជួយកសាងផ្លូវស្ពាននៅកម្ពុជាដែលមានប្រវែងជាង ៣០០០ គីឡូម៉ែត្រ ដែលបានកំពុងសាងសង់ និង សាងសង់រួច។ សម្តេចតេជោក៏បានរំលឹកផងដែរថា មុននេះសម្តេចបានលើកឡើងថា យើងនិងមានផ្លូវចំនួន ២ ខ្សែ បន្ថែមទៀត ដែលតភ្ជាប់ពីកំពង់ធំ ទៅក្រចេះ ឆ្លងកាត់ស្រុកសណ្តាន់ ហើយត្រូវធ្វើស្ពានឆ្លងកាត់ទន្លេគង្គ ទៅទីរួមខេត្តក្រចេះ ដែលមានប្រវែងតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះដែលបច្ចុប្បន្នយើងធ្វើដំណើរលើសពាក់កណ្តាល ផ្លូវនេះស្ថិតនៅជាអាទិភាពគម្រោងដាក់ស្នើទៅសាធារណរដ្ឋប្រជាមានិតចិន និងផ្លូវមួយខ្សែទៀតតភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ។ ក៏ប៉ុន្តែសុំបងប្អូនមេត្តាអធ្យាស្រ័យ អំពីការដែលមិនទាន់មានលទ្ធភាពសាងសង់ទៅបាន។ តាមពិតក្រុមហ៊ុនសាងសង់បានធ្វើការសិក្សារួចហើយត្រូវចំណាយអស់ថវិកាប្រមាណជាង ១០០ លានដុល្លារ។ ក៏ប៉ុន្តែសុំបងប្អូនពិចារណាមើលតើយើងគួរសាងសង់ទេ ព្រោះវាទាក់ទងទៅចរន្តទឹក និង ការធ្វើចរាចរណ៍ផ្លូវទឹករបស់ប្រជាជនដែលអាចធ្វើឲ្យប្រជាជនជេរយើង នេះមិនទាន់គិតពីចរន្តត្រីឆ្លងកាត់ផង ។ ដូចនេះផ្លូវនេះត្រូវបានផ្អាកសិនដើម្បីសិក្សាឲ្យអស់លទ្ធភាពអំពីផលប៉ះពាល់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពចំពោះសមិទ្ធផលនេះ ក៏ប៉ុន្តែក៏ត្រូវផ្អែកលើដៃគូយុទ្ធសាស្ត្ររបស់យើងផងដែរ។ កំណើនសេដ្ឋកិច្ចរបស់ចិន ការរីកលូតលាស់របស់ប្រទេសចិនមិនមែនសម្រាប់តែប្រទេសចិនមួយទេ គឺបានរួមចំណែកជួយដល់ប្រទេសជាច្រើននៅលើពិភពលោកនេះ។ ឥណទានដែលចិនបានផ្តល់ សម្រាប់អនុវត្តគំរោង ផ្លូវមួយ ខ្សែក្រវាត់ កម្ពុជាក៏បានទទួលនូវផលប្រយោជន៍ពីគម្រោងនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ផ្លូវជាតិលេខ៦ និងក្លាយទៅជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តទេសចរណ៍។ សម្តេច សង្ឃឹមថាខេត្តកំពង់ធំនិងមានការពង្រាយរោងចក្រមកកាន់ទីនេះ ហើយក៏ជាខេត្តទេសចរណ៍មួយដ៏ទាក់ទាញផងដែរ ព្រោះប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក។ សម្តេចសង្ឃឹមថា និងមានសណ្ឋាគារធំៗបន្តកើតឡើងដើម្បីបម្រើទេសចរណ៍។ សម្តេចបន្តថា ខេត្តកំពង់ធំនេះ ពីមុនជាកន្លែងដែលគេទៅផុត មកហួស តែឥឡូវទេសចរអាចមកពីភ្នំពេញ មកពីសៀមរាប និងស្នាក់នៅខេត្តកំពង់ធំ ដើម្បីទស្សនាប្រាសាទសំបូរព្រៃគុក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងទៅកាន់បងប្អូនប្រជាជនដែលចូលរួមក្នុងពិធីនោះថា យើងនឹងបន្តរួមដំណើរជាមួយគ្នាតទៅទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសមួយនេះ។ សម្តេចក៏បាន ថ្លែងអំណរគុណលោកយាយ លោកតា បងប្រុសបងស្រី ដែលបានរួមដំណើរជាមួយសម្តេចកាលពី ៣០ ឆ្នាំមុនមកដល់បច្ចុប្បន្ន ដែលបានរំដោះជាតិចេញពីរបបប្រល័យពូជសាសសន៍ ប៉ុល ពត និង ទប់ស្កាត់មិនឲ្យ ប៉ុល ពត ត្រឡប់មកវិញ និងនាំប្រទេសមកមានសុខសន្តិភាពគឺសុទ្ធតែមានការរួមចំណែក របស់បងប្អូនទាំងអស់ ។ សម្តេចបន្តថាបងប្អូនអាចធ្វើការប្រៀបធៀបពីអ្វីដែលបងប្អូនមាននៅពេលនោះ ជាមួយនិងអ្វីដែលបងប្អូនមាននៅពេលនេះ បើទោះបីថា អ្នកខ្លះ មិនទាន់គ្រប់គ្រាន់ តាមបំណងរបស់ខ្លួន តែយើងខិតខំបំពេញឲ្យវា ព្រោះយើងមិនអាចធ្វើបានតែម្តងនោះទេ វាត្រូវការពេលវេលា។
ជាមួយនេះ សម្តេចបន្តថា ដើម្បីធានានូវសន្តិភាពនិងការអភិវឌ្ឍ ងាយស្រួលទេ គឺបងប្អូនដែលគ្រប់អាយុបោះឆ្នោត ទៅបោះឆ្នោះឲ្យគណបក្សប្រជាជនកម្ពុជាគឺធានាបានហើយ សន្តិភាព និងការអភិវឌ្ឍ នេះមិនមែនជាការធានាលេងៗ ទេតែវាជាការធានាពិតប្រាកដ ព្រោះអ្វីៗវាបានមានរួចស្រេចទៅហើយ វានៅតែការចូលរួមរក្សាសន្តិភាពនេះឲ្យបាន តែប៉ុណ្ណោះ។ សម្តេចតេជោបន្តទៀតថា ពិតហើយមានអ្នកខ្លះមិនទាន់ស្កប់ស្កល់ និងនៅមានការថ្នាំងថ្នាក់ទង្វើរបស់មន្ត្រីនៅថ្នាក់ក្រោម តែក៏មិនត្រូវខឹងគោវាយរទេះទេ កូនវាមានតក់មាននាល ដូចនេះមន្ត្រីខូចមួយមិនត្រូវវាយតម្លៃមនុស្សទាំងអស់បានទេ ខឹងមន្ត្រីម្នាក់ ជេរ ហ៊ុន សែន វាមិនត្រឹមត្រូវទេ។
សម្តេចតេជោសង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្តទៀត ដោយបោះឆ្នោតឲ្យគណបក្សប្រជាជនលេខរៀងទី២០ បានសេចក្តីថា យើង ឈ្នះ ឈ្នះ ដែលរក្សា បាននូវសុខសន្តិភាព ដែលមានដូចសព្វថ្ងៃ។
លោក ស្យុង ប៉ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ផ្លូវលេខ ៦ ដែលសម្ពោធដាក់ឲ្យដំណើរការ នាពេលនេះមានសារសំខាន់ណាស់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកទូតចិនបានមានប្រសាសន៍ថា មួយឆ្នាំមុន លោកនិងសម្តេចតេជោចូលរួមពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវការនៃផ្លូវជាតិលេខ៦ អា។ ការបើកឲ្យប្រើប្រាស់ផ្លូវការផ្លូវ ជាតិលេខ៦ ប្រវែង ២៥០ គីឡូម៉ែត្រ បង្ហាញឲ្យឃើញថា ការលើកកម្រិតនិងកែលម្អផ្លូវគន្លឹះមួយក្នុងចំណោមបណ្ដាញផ្លូវជាតិដ៏សំខាន់និងមមាញឹកបំផុតក្នុងប្រទេសកម្ពុជាត្រូវបាន បញ្ចប់ដោយរលូន ដែលធ្វើឲ្យតំណភ្ជាប់គមនាគមន៍ពីរាជធានីភ្នំពេញទៅកាន់តំបន់ភាគពាយ័ព្យ ដូចជារាជធានីបុរាណសៀមរាបជាដើមនោះទទួលបានការលើកកំរិត បន្ថែមទៀតហើយនឹងដើរតួនាទីសំខាន់និងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមតំបន់បណ្ដោយផ្លូវជាតិមួយនេះផងដែរ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា ចិននិងកម្ពុជាជាអ្នកជិតខាងល្អមានលក្ខណៈជាប្រពៃណី និង ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរឈរ លើគោលការណ៍មិត្តភាពជាប្រពៃណីដែលជាជ្រៅទំនុកចិត្តនយោបាយកម្រិតខ្ពស់និងប្រយោជន៍រួមដ៏ទូលំទូលាយធ្វើការគោរពគ្នាយោគយល់គ្នានិងគាំទ្រគ្នាទៅវិញទៅមក។ ក្នុងវិស័យសេដ្ឋកិច្ចនយោបាយសង្គមវប្បធម៌កិច្ចការតំបន់អន្តរជាតិដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់វិស័យឲ្យបោះជំហានទៅកម្រិតថ្មីមួយទៀតចិននិងកម្ពុជាបានក្លាយទៅជាសហគមន៍រួមវាសនាតែមួយនិងជាគំរូនៃការកសាងទំនាក់ទំនងអន្តរជាតិបើកថ្មីដែលប្រកបទៅដោយការគោរពគ្នាទៅវិញទៅមកភាពយុត្តិធម៌និងការប្រើប្រយោជន៍រួមគ្នា។
លោកបន្តថា សប្បាយរីករាយដែលបានឃើញថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅបានទទួលសមិទ្ធផលសំខាន់ៗគួរឲ្យកត់សម្គាល់។ នេះមិនគ្រាន់តែនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនកម្ពុជានោះទេ ថែមទាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ទៀតផង ហើយក៏បានទទួលការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ។ ដរាបណាសន្តិភាពស្ថេរភាពនិងកិច្ច អភិវឌ្ឍន៍នៅបន្តរក្សាបានកម្ពុជាពិតជានឹងមានអនាគតរុងរឿងដ៏ត្រចះត្រចង់។
ឆ្នាំនេះជាខួបលើកទី ៤០ នៃកំណែទម្រង់បើកចំហររបស់ប្រទេសចិនក៏ជាខួបទី៦០នៃទំនាក់ទំនងការទូតចិន-កម្ពុជា ផងដែរ ភាគីចិននឹងគាំទ្រយ៉ាងរឹងមាំសម្រាប់ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងសភាពការណ៍ផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជាជារៀងរហូតហើយមានតំណាងសាខាជាមួយនឹងភាគីកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់វិស័យដូចជាការកសាងក្រវាត់និងផ្លូវដែលនឹងគាំទ្រកម្ពុជាពន្លឿនការអភិវឌ្ឍដើម្បីនាំសុភមង្គលកាន់តែច្រើនជូនប្រជាជននិងនាំគ្នាជំរុញកិច្ចការប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជាបោះជំហានទៅឃើញថ្មីមួយទៀត៕
Source: Kampuchea Thmey Daily
0 Comments