កណ្តាល ៖ ក្រុមចោរឆក់ បួននាក់ ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិ បានចេញធ្វើសកម្មភាពឆក់ទូរស័ព្ទពីម្តាយនិងកូនបីនាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ បានសម្រេច ក៏ត្រូវនគរបាលក្រុងតាខ្មៅ តាមក្របួចជាប់បានម្នាក់ ក្រោយពីមានសំឡេងស្រែកចោរៗរបស់អ្នកដំណើរ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧និង១០នាទីយប់ នៅចំណុចកែងស្តុបអា០៩ ស្ថិតក្នុងភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនល្មើសមានគ្នា០៤នាក់ទី០១ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាសុវណ្ណាភូមិ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និងបក្សពួកបីនាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកឯជនរងគ្រោះមានឈ្មោះទី លីស័ង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ជិះគ្នាបីនាក់ ម្តាយនិងកូន លុះដល់កន្លែងកើតហេតុ ក្រុមចោរឆក់មានគ្នាបួននាក់ ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិ ជិះម៉ូតូម៉ាកសង់សេ១១០ ពណ៌ខ្មៅ បិទស្កុតទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1BF-1574 និង ម៉ូតូមួយគ្រឿងទៀត ម៉ាកSuzuki Nex ពណ៌ក្រហម លាយខ្មៅ មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះបានទូរស័ព្ទដៃម៉ាកiphone06 មួយគ្រឿង ធ្វើឲ្យជនរងគ្រោះស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជុំវិញនោះបាន ជិះដេញតាម ធ្វើឲ្យក្រុមចោរភ័យឆោឡោ និងដកកាំភ្លើងពីចង្កេះបាញ់សំដៅទៅលើប្រជាពលរដ្ឋ និងសមត្ថកិច្ចតែសំណាងល្អ កាំភ្លើងនោះអត់ផ្ទុះ ធ្វើឲ្យប្រជាពលរដ្ឋដេញតាមជាមួយសមត្ថកិច្ចចាប់បានម្នាក់ និងបីនាក់ទៀតបានបើកម៉ូតូ រត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments