ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ បានសន្យាពន្លឿនការអនុវត្ដការងារលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅ តាមបណ្ដោយច្រកព្រំដែនប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
ការសន្យានេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ស្ដីពី«កិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល» នៅសណ្ឋាគារ ភ្នំពេញដែលដឹកនាំដោយ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងភាគីថៃ ដឹកនាំដោយ លោកសាស្ដ្រាចារ្យ Dr. Piyasakol Sakolsata yadorn រដ្ឋមន្ដ្រីក្រសួងសុខភាពសាធារណៈ។
កិច្ចប្រជុំនេះ បានធ្វើឡើង យោងតាមអនុស្សរណៈយោគយល់គ្នា ដែលចុះហត្ថលេខា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងបាងកកប្រទេសថៃ ក្នុងគោលបំណង ពិនិត្យឡើងវិញ និងពិភាក្សាអំពីវឌ្ឍនភាពនៃ ការអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា រួមមាន ការពិនិត្យលើកត្ដាប្រឈម នៃការអនុវត្ដកម្មវិធីកិច្ចសហប្រតិបត្ដិការអភិវឌ្ឍវិស័យសុខាភិបាល កម្ពុជា-ថៃ (២០១៧-២០១៩),ពិភាក្សាទិសដៅអនុវត្ដបន្ដ ក្នុងការពង្រឹងកិច្ចសហការទ្វេភាគី ក្នុងវិស័យសុខាភិបាលកម្ពុជា-ថៃ និងពិភាក្សាជាបឋមទៅលើផ្នែកផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្ដិការនាពេលអនាគត។
ភាគីទាំងពីរ បានទទួលស្គាល់សមិទ្ធផល នៃកិច្ចសហប្រតិបត្ដិការ ដែលក្នុងនោះរួមមាន៖ ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្ដ ល្អៗ និងមេរៀនជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺដែលបានលេចឡើងថ្មី និងលេចឡើងវិញ រវាងខេត្ដ ដែលនៅជាប់ព្រំដែន ក្នុងរយៈពេល១ឆ្នាំកន្លះ នៃការអនុវត្ដកិច្ចព្រមព្រៀងខាងលើនេះ។
សមិទ្ធផលនៃកិច្ចសហប្រតិបត្ដិកាអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា ខាងលើមានដូចជា៖
១. ការអង្កេតតាមដាន ការការពារ និងត្រួតពិនិត្យជំងឺឆ្លងនៅតាមតំបន់ព្រំដែនរួមមាន ជំងឺដែលមានលេចឡើងថ្មី និងលេចឡើងវិញ (ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
ការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមបណ្ដោច្រកព្រំដែន និងការលើកកម្ពស់យុទ្ធសាស្ដ្រសុខាភិបាលតែមួយ។
២.ការពង្រឹងសមត្ថភាពបុគ្គលិកវេជ្ជសាស្ដ្រ និងសុខភាពសាធារណៈ (ការពង្រឹងធនធានមនុស្សវិស័យសុខាភិបាល ក្នុងការផ្ដល់សេវា ការថែទាំ និងការគ្រប់គ្រងជំងឺឆ្លង ព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោល លើជំនាញ អេពីដេមីសាស្ដ្រ៣. ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនជំងឺ (ពង្រឹងប្រព័ន្ធបញ្ជូនជំងឺកម្ពុជា)និង៤. បង្កើតមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព (សហប្រតិបត្ដិការនៃការបង្កើតមន្ទីរពេទ្យ សម្ព័ន្ធមេត្រីភាព)។
លើសពីនោះ ភាគីទាំងពីរ បានព្រមព្រៀងបន្ដកិច្ចសហប្រត្ដិការ ដោយពន្លឿនការអនុវត្ដ សកម្មភាពនានាដូចជា យុទ្ធសាស្ដ្រសុខាភិបាលតែមួយ យន្ដការសហប្រតិបត្ដិការ និងយន្ដការនៃការឆ្លើយតបគ្រោះអាសន្ន រួមទាំងនិយតកម្មសុខភាពអន្ដរជាតិ (IHR) ២០០៥ និងក្រុមឆ្លើយតបបន្ទាន់កម្ពុជា (RRT) រួមទាំងក្រុមការងារអង្កេតតាមដាន និងឆ្លើយតបបន្ទាន់ថៃ(SRRT). បន្ថែមពីលើនេះ ភាគីទាំងពីរ បានព្រមព្រៀងបន្ដការអនុវត្ដសកម្មភាព អាទិភាពពិសេស រវាងខេត្ដឧត្ដរមានជ័យ និងសុរិន្ទផងដែរ។
ព្រមជាមួយគ្នានោះ ក្រសួងសុខាភិបាលទាំងពីរ បានព្រមព្រៀងបន្ដពង្រឹងសមត្ថភាពលើការត្រួតពិនិត្យជំងឺឆ្លង ដោយតាមរយៈការចែករំលែកព័ត៌មាន ដោយប្រើបច្ចេកវិទ្យា ថ្មីសមរម្យ រួមទាំងបានព្រមព្រៀងបន្ដកិច្ចពិភាក្សា លើកិច្ចសហប្រតិបត្ដិការផ្នែកផ្សេងៗទៀត និងពង្រីកវិសាលភាពខែគោលដៅ ដោយរួមបញ្ចូលកម្មវិធីសុខាភិបាលនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍកម្ពុជា-ថៃ ជុំទីពីរ (២០២០-២០២២) ដែលនឹងត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការដឹកនារួមលើកក្រោយនាឆ្នាំ២០១៩ នៅប្រទេសថៃ។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃនៅកម្ពុជា គឺនៅថ្ងៃទី១៤-១៥ ខែមិថុនា ដោយកាលពីម្សិលមិញ គឺកិច្ចប្រជុំឧត្ដមមន្ដ្រី ដែលធ្វើឡើងក្រោមវត្ដមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញធ្វើជាសហប្រធានជាមួយនឹងភាគីថៃ ដើម្បីដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំ កិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលនៃប្រទេសទាំងពីរនេះ៕
Source: Kampuchea Thmey Daily
0 Comments