ប្រទេសកូរ៉េខាងជើងត្រូវបានគេបំបែកចេញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមេដឹកនាំគីមជុងអ៊ុនបានចែករំលែកចំណុចពិសេសមួយក្នុងឆាកពិភពលោកនៅសប្តាហ៍នេះនៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសសិង្ហបូរីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ។
ឪពុកនិងជីតារបស់គាត់បានរឹតបន្តឹងការធ្វើដំណើរទៅក្រៅប្រទេសរបស់ពួកគេទៅកាន់ប្លុកកុម្មុយនិស្តឬប្រទេសមិនចូលបក្សសម្ព័ន្ធដោយឪពុករបស់គាត់ឈ្មោះគីមជុងអ៊ីលមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការជិះយន្តហោះ។
ប៉ុន្តែលោកគីមបានបង្ហាញពីសមត្ថភាពក្នុងការបង្ហាញឈ្មោះល្បីរន្ទឺលើឆាកសកលលោកទាំងមិនដែលចាកចេញពីប្រទេស ហើយនាំប្រទេសរបស់គាត់ទៅកាន់ចំណុចកំពូលនៃនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមកនិងធ្វើឲ្យភាពតានតឹងកើនឡើង។
រហូតមកដល់ឆ្នាំមុន ជនជាតិអាមេរិកលេចធ្លោជាងគេបំផុតដែលគាត់បានជួបគឺតារាបាល់បោះ Dennis Rodman ដែលគាត់បានបង្កើតទំនាក់ទំនងមិត្តភាពទាំងគេមិននឹកស្មានដល់។
ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រទេសសិង្ហបុរីបានរៀបចំកិច្ចប្រជុំជាលើកដំបូងដែលមិនធ្លាប់មានរវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិកដែលកំពុងកាន់តំណែង។
កាលពីឆ្នាំមុន លោកគីមបានហៅលោកត្រាំថា “មនុស្សវិកលចរិត” ប៉ុន្តែឥឡូវនេះគាត់ទំនងជាបានទទួលយកវិធីសាស្ត្រការទូតថ្មីមួយដែលមានលក្ខណៈគួរសមនិងគួរឲ្យទាក់ទាញនៅក្នុងកិច្ចប្រជុំពីរលើកជាមួយមេដឹកនាំចិនលោកស៊ីជីនភីងនិងលោកមូនចេអ៊ីនរបស់កូរ៉េខាងត្បូង។
តម្លៃគ្រួសារ
លោកគីមគឺជាសមាជិកទី៣នៃរាជវង្សរបស់គាត់ដែលគ្រប់គ្រងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនិងបានទទួលមរតកអំណាចក្នុងឆ្នាំ២០១១នៅពេលគាត់ស្ថិតក្នុងវ័យ២០ឆ្នាំ។
នៅពេលនោះ គាត់ត្រូវបានគេចាត់ទុកថាមិនបានសាកល្បង ងាយរងគ្រោះនិងត្រូវសម្របសម្រួលដោយបុគ្គលជាន់ខ្ពស់។ ប៉ុន្តែគាត់បានបង្កើតនូវអំណាចផ្តាច់ការរបស់គាត់ទាំងក្នុងគណបក្សពលករដែលកំពុងកាន់អំណាចនិងយោធាហើយកម្ចាត់អ្នកដែលចាត់ទុកថាជាគូសត្រូវ។
ជនរងគ្រោះជាន់ខ្ពស់បំផុតគឺជាពូរបស់គាត់និងជាអ្នកប្រៀនប្រដៅឈ្មោះ Jang Song Thaek ដែលត្រូវបានប្រហារជីវិតភ្លាមៗក្នុងឆ្នាំ២០១៣។
ហើយកាលពីឆ្នាំមុន បងប្រុសរបស់គាត់ឈ្មោះ Kim Jong Nam ត្រូវបានគេធ្វើឃាតដោយឥតលាក់លៀមនៅពេលថ្ងៃជាមួយនឹងសារធាតុគីមីដ៏សាហាវនៅពេលដែលគាត់ដើរក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងគូឡាឡាំពួរដែលការវាយប្រហារនោះត្រូវបានអ្នកវិភាគភាគច្រើននិយាយថាអាចជាស្នាដៃរបស់ទីក្រុងព្យុងយ៉ាង។
ផ្ទុយទៅវិញ ប្អូនស្រីរបស់គាត់ឈ្មោះ Kim Yo Jong បានក្លាយទៅជាទីប្រឹក្សាជិតស្និទ្ធបំផុតរបស់គាត់ដែលជានិច្ចកាលបានចូលរួមក្នុងក្រុមការងាររបស់គាត់អំឡុងពេលដំណើរការទូតរបស់គាត់និងធ្វើជាបេសកជនរបស់គាត់ទៅកាន់កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូងក្នុងខែកុម្ភៈ។
ប្រធានាធិបតីរក្សាសីលធម៌
ក្រុមសិទ្ធិមនុស្សបាននិយាយថា ការរំលោភបំពានមានច្រើននៅកូរ៉េខាងជើងដែលជាកន្លែងមានអ្នកទោសចន្លោះពី៨០,០០០នាក់ទៅ១២០,០០០នាក់ស្ថិតក្នុងជំរំឃុំឃាំងនយោបាយ។
ប៉ុន្តែលោកគីមក៏មានបំណងចង់ធ្វើឲ្យមានភាពទន់ភ្លន់ផងដែរជាពិសេសក្នុងការឃោសនា។
មិនដូចជាឪពុករបស់គាត់ដែលកម្រញញឹមឬនិយាយជាសាធារណៈនោះទេ, រូបភាពដែលបង្ហាញយ៉ាងច្បាស់អំពីលោកគីមជុងអ៊ុនគឺបង្ហាញពីរូបរាងទន់ភ្លន់ ការសើចនិងការនិយាយលេងជាមួយមន្ត្រី ទាហាននិងជនស៊ីវិលក្នុងកំឡុងពេលធ្វើទស្សនកិច្ចក៏ដូចជាការថ្លែងសុន្ទរកថាទៅកាន់សមាជិកគណបក្សផងដែរ។
គាត់បានយកគំរូតាមជីតា គីម អ៊ីលស៊ុង ដែលបង្ហាញមុខមាត់ ម៉ូដសក់ សំលៀកបំពាក់និងរបៀបនិយាយជាសាធារណៈ។
ភាពប្រណីត
មិនដូចជីតារបស់គាត់ដែលភាពយុវជនត្រូវបានគ្របដណ្ដប់ដោយការតស៊ូប្រឆាំងជប៉ុននោះទេ លោកគីមបានដឹកនាំជីវិតដ៏ប្រណីត។
គាត់ជាកូនរបស់ប្រពន្ធទីបីរបស់ឪពុកគាត់ដែលជាអ្នករបាំកូរ៉េដើមកំណើតជប៉ុនឈ្មោះ Ko Yong Hui ដែលត្រូវបានគេជឿថា ស្លាប់ដោយសារជំងឺមហារីកសុដន់ក្នុងឆ្នាំ២០០៤។
ភាគច្រើននៃប្រវត្តិដំបូងរបស់គាត់នៅតែត្រូវបានហ៊ុំព័ទ្ធទៅដោយភាពអាថ៌កំបាំងដូច្នេះមនុស្សជាច្រើនមិនដឹងទេសូម្បីតែកាលបរិច្ឆេទកំណើតពិតប្រាកដរបស់គាត់ក៏មិនច្បាស់លាស់ដែរ។
គាត់ត្រូវបានគេនិយាយថា គាត់បានដឹងថា គាត់នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងចាប់តាំងពីខួបកំណើត៨ឆ្នាំរបស់គាត់មកម្ល៉េះនៅពេលដែលគាត់បានទទួលឯកសណ្ឋានឧត្តមសេនីយ៍ហើយយោធាកំពូលរបស់ប្រទេសនេះបានឱនក្បាលចំពោះគាត់។
លោកគីមត្រូវបានបញ្ជូនទៅរៀននៅប្រទេសស្វីសជាកន្លែងដែលគាត់ត្រូវបានមើលថែរក្សាដោយម្ដាយមីងឈ្មោះ Ko Yong Suk និងស្វាមី។
បុគ្គលិកសាលារៀននិងមិត្តភក្តិដែលត្រូវបានគេរាយការណ៍ថាមិនបានដឹងថាគាត់ជាសមាជិកនៃគ្រួសារកាន់អំណាចរបស់កូរ៉េខាងជើងនោះគឺបានចងចាំគាត់ថាជាក្មេងប្រុសដែលអៀនខ្មាសហើយចូលចិត្តជិះស្គីនិងលេងបាល់បោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments