ភ្នំពេញ ៖ គម្រោងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈអង្គការចៃកាគ្រោងនឹងចាប់ផ្តើមឡើងក្នុងអំឡុងខែសីហា ឬកញ្ញានេះ ជាមួយនឹងការរៀបចំស្ថានីយបូមទឹកបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនសម្រាប់បូមធូលី ម៉ាស៊ីនចាប់សំរាមដោយស្វ័យប្រវត្តិ។
នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំលើកិច្ចការងាររៀបចំនិងគិតគូរអំពីការពិនិត្យលទ្ធភាព លើគម្រោងទី៤ នៃគម្រោងរួម ការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូរបស់អង្គការចៃកា ដែលកិច្ចប្រជុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្គការចៃកា តំណាងឲ្យរដ្ឋាភិបាលជប៉ុន រួមជាមួយភាគីពាក់ព័ន្ធជាមួយចំនួនទៀត។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹង នៅក្រោយកិច្ចប្រជុំនេះថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិភាក្សាលម្អិតលើផលប៉ះពាល់មួយចំនួន ដែលធ្វើឲ្យរាំងស្ទះ ពុំទាន់អាចឲ្យគម្រោងនេះ អនុវត្តន៍ទៅបាន ដោយសារតែយើងបានគិតគូរអំពីបញ្ហាទាំងនេះលើទីតាំងមួយចំនួន ដែលទើសនឹងទីតាំងគម្រោងនេះ។
លោកបញ្ជាក់ផងដែរថា គម្រោងជំហានទី៤នៃការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូនេះ បានផ្តោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការងាររំដោះទឹក ដែលការងាររំដោះទឹកនេះចែកចេញជាពីរផ្នែក ដែលគោលបំណងធំឬអត្ថប្រយោជន៍ធំ គឺទទួលបាន នៅផ្នែកខាងជើងវត្តភ្នំ នៅក្នុងតំបន់ផ្លូវអមផ្លូវ និងផ្លូវ១៤៧ ដោយចាប់ពីវត្តភ្នំរហូតទៅដល់រង្វង់មូលកួចកាណុង មានផ្ទៃប្រមាណជិត៧០ហិកតា ដែលនឹងត្រូវរៀបចំ និងគិតគូរឲ្យមានជាស្ថានីយបូមទឹកមួយកន្លែង ដែលស្ថានីយបូមទឹកនេះ ជាស្ថានីយទី៥ ស្របតាមមាត់ទន្លេ ហើយមានទីតាំងនៅទល់មុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC)។ នៅក្នុងស្ថានីយបូមទឹកនេះ នឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រគូប មុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។ បន្ថែមពីការរៀបចំស្ថានីយបូមទឹកនេះ នឹងមានការដំឡើងនូវឧបករណ៍ ឬក៏ម៉ាស៊ីនសម្រាប់បូមធូលី ឬសំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះជាចំណែកមួយនៃគម្រោងជំហានទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់នៅគ្រប់ស្ថានីយទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយបូមទឹកផ្សារចាស់ ស្ថានីយព្រះគម្លង់ ស្ថានីយផ្សារកណ្តាល និងស្ថានីយចតុមុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហានទី២មកម្ល៉េះ។ បានន័យថា អាជ្ញាធរបានបន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិ នៅក្នុងស្ថានីយទាំង៤ លើគម្រោងជំហានទី៤នេះ។
លោកបន្តថា អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ សង្កាត់បឹងកក់២។ ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំ ចន្លោះចាប់ពី ២ម៉ែត្រទី២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។ គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហានទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍ និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ហើយនឹងអាចដំណើរការគម្រោងនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments