ការរំលូតកូន ដែលសមាជិកសភាអាហ្សង់ទីន បានបោះឆ្នោតកាលពីថ្ងៃសុក្រដើម្បីធ្វើឲ្យវាក្លាយទៅជារឿងស្របច្បាប់គឺត្រូវបានហាមឃាត់នៅក្នុងប្រទេសប្រហែល២០នៅទូទាំងពិភពលោកខណៈដែលប្រទេសផ្សេងទៀតមានច្បាប់រឹតត្បិតខ្លាំង។
នេះគឺជាស្ថានភាពនៅទូទាំងពិភពលោក:
បម្រាមទាំងស្រុង
ប្រទេសម៉ាល់តាដែលកាន់សាសនាកាតូលិកលើសលប់គឺជាប្រទេសសហភាពអឺរ៉ុបតែមួយគត់ដែលបានហាមឃាត់ការរំលូតកូនទាំងស្រុងដោយដាក់ពន្ធនាគារចន្លោះពេលពី១៨ខែដល់៣ឆ្នាំប្រសិនបើធ្វើខុសច្បាប់។
ការរំលូតកូនក៏ត្រូវបានហាមឃាត់នៅក្នុងប្រទេសអង់ដូរ៉ា វ៉ាទីកង់និងសានម៉ារីណូផងដែរ។ ប្រទេសទាំងនេះគឺស្ថិតនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ។
នៅទូទាំងពិភពលោកមានការហាមឃាត់ទាំងស្រុងនៅកុងហ្គោប្រាហ្សាវីល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋដូមីនីក អេហ្ស៊ីប អែលសាល់វ៉ាឌ័រ ហ្គាបុង ហ្គីណេប៊ីសៅ ហៃទី ហុនឌូរ៉ាស់ ឡាវ ម៉ាដាហ្គាស្ការ ម៉ារីតានី នីការ៉ាហ្គ័រ ហ្វីលីពីន ប៉ាលូ សេណេហ្គាល់និងស៊ូរីណាម។
នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ការរំលូតកូនបាននាំឲ្យស្ត្រីត្រូវផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
រឹតត្បិត
ប្រទេសជាច្រើនបានអនុញ្ញាតឲ្យមានការរំលូតកូនក្នុងករណីដែលជីវិតរបស់ម្តាយត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់។
ប្រទេសទាំងនោះរួមមានអាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្គាតេម៉ាឡា អ៊ីរ៉ាក់ កូតឌីវ័រ លីបង់ មីយ៉ាន់ម៉ា ប៉ារ៉ាហ្គាយ ស៊ូដង់ខាងត្បូង ស៊ីរី អ៊ូហ្គង់ដា វេណេហ្ស៊ូអេឡា វេសប៊េងឬហ្គាហ្សានិងយេមែន។
ការរំលូតកូននៅប្រទេសអាហ្សង់ទីនបច្ចុប្បន្នគឺខុសច្បាប់លើកលែងតែក្នុងករណីរំលោភឬនៅពេលដែលជីវិតឬសុខភាពរបស់ស្ត្រីស្ថិតក្នុងហានិភ័យប៉ុណ្ណោះ។
នៅប្រទេសប្រេស៊ីល ច្បាប់នេះអនុញ្ញាតឲ្យរំលូតតែក្នុងករណីរំលោភសេពសន្ថវៈ គ្រោះថ្នាក់ដល់ជីវិតរបស់ម្តាយឬទារកបាត់បង់ផ្នែកខ្លះឬទាំងអស់នៃខួរក្បាលប៉ុណ្ណោះ។
កាលពីខែកញ្ញាឆ្នាំមុន ប្រទេសឈីលីបានលុបចោលបំរាមយ៉ាងតឹងរ៉ឹងដែលបានចូលជាធរមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅពេលដែលប្រធានាធិបតី Michelle Bachelet បានចុះហត្ថលេខាលើច្បាប់នេះ។
នៅថ្ងៃទី២២ខែឧសភា បំរាមការរំលូតកូនអាយុកាលជាច្រើនទសវត្សរ៍បានចូលក្នុងតុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង។
សម្ពាធឲ្យមានការផ្លាស់ប្តូរ
ស្ត្រីមកពីទ្វីបអឺរ៉ុបនិងអាមេរិកខាងជើងបានទទួលអត្ថប្រយោជន៍ពីច្បាប់សេរីបំផុតដោយមានករណីលើកលែងមួយចំនួន។
មិនដូចជានៅប្រទេសខ្លះក្នុងចក្រភពអង់គ្លេសទេ ការរំលូតកូនក៏ខុសច្បាប់ផងដែរនៅក្នុងខេត្តអៀរឡង់ខាងជើងលើកលែងតែជីវិតម្តាយកំពុងស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី៧ខែមិថុនា តុលាការកំពូលចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងប្រកាសថា ច្បាប់រំលូតកូនអៀរឡង់ខាងជើងគឺមិនប្រឆាំងជាមួយនឹងច្បាប់សិទ្ធិមនុស្សទេប្រសិនបើមិនមានបច្ចេកទេសខាងនីតិវិធីដែលនេះជាអ្វីត្រូវបានអ្នកធ្វើយុទ្ធនាការសាទរថាជាជ័យជម្នះ។
នៅចុងខែឧសភា អ្នកបោះឆ្នោតជាង៦៦ភាគរយនៅក្នុងប្រទេសអៀរឡង់ដែលកាន់សាសនាកាតូលិកគឺបានបោះឆ្នោតភ្លូកទឹកភ្លូកដីដើម្បីលុបបំបាត់ច្បាប់រំលូតកូនដ៏តឹងរ៉ឹង។
នៅសហរដ្ឋអាមេរិក ការរំលូតកូន ត្រូវបានធ្វើឲ្យស្របច្បាប់នៅទូទាំងប្រទេសក្នុងឆ្នាំ១៩៧៣ ប៉ុន្តែរឿងនេះស្ថិតនៅក្រោមសម្ពាធចាប់តាំងពីលោក Donald Trump ក្លាយជាប្រធានាធិបតីដោយមានអ្នកសាធារណរដ្ឋខ្លះស្វែងរកការរឹតបន្តឹង៕ AFP
Source: Kampuchea Thmey Daily
0 Comments