Ad Code

ឧត្ដមសេនីយ៍ឯក​ឆាយ​គឹម​ខឿន​ ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការ​ខេត្ត



សៀមរាប ​៖​​ នា​រសៀល​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ អម​ដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទិ​ត្យ​ណា​រ៉ុង ​ស្នងការ​នគរបាល​ខេត្ត​ និង​បណ្តា​អស់លោក​ស្នងការ​រង​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ចំនួន​២០០​នាក់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

នៅក្នុង​ពិធី​ត្រួតពិនិត្យ​នោះ លោក​ឆាយ ​គឹម​ខឿន ​ប្រធាន​សេនាធិការ​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​​​សាក​សួរសុខទុក្ខ​ពី​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ផ្តាំ​សួរសុខទុក្ខ​ដល់​កងកម្លាំង។

លោក​ក៏​បាន​មាន​មតិ​ណែនាំ​ផងដែរ ​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍​ទាំងអស់ ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​គោរព​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា កម្លាំង​ទាំងអស់​ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ហាត់ពត់លត់ដំ​សិក្សា​រៀនសូត្រ​នូវ​វិជ្ជាជីវៈ​ជំនាញ​ និង​គោរព​នូវ​វិន័យ​ការចាត់តាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​នគរបាល​ជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​និង​ត្រៀម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុងករណី​ចាំបាច់​ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​រាល់​សភាពការណ៍ ​ដែល​កើតមានឡើង​ជា​យថាហេតុ​ ក៏​ដូចជា​ការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​នូវ​បទល្មើស​គ្រប់​ប្រភេទ​រក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​ជូន​ជាតិ​មាតុភូមិ​​យើង​ផង​ដែរ។

នៅ​ក្នុង​ពិធី​នោះ លោក​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ចំពោះ​កិច្ច ការពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​កិច្ច​ដំណើរការបោះឆ្នោត​ជ្រើ​សរើស​តំណាងរាស្ត្រ នីតិកាល​ទី ៦ នៅ​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​នាពេល​ខាងមុខនេះ​។​

ទន្ទឹម​នឹង​នេះ​ លោក​​ក៏បាន​សំដែង​ការ​កោត​សរសើរ​ផងដែរ​ចំពោះ​កងកម្លាំង​នគរបាល​យើង​ទាំងអស់​ក្នុង​ខេត្ត​ដែល​រយៈកាល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​រក្សាសន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូចជា​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​អន្តជាតិ​ និង​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​នៅ​ក្នុង​ខេត្ត​កន្លង​មកនេះ​។​

លោក​ក៏បាន​ផ្ដាំផ្ញើ​សូម​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​បង្កើន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ល្អ​ទើប​ឈាន​ទៅ​សម្រេច​ជោគជ័យ​លើ​ការងារ​បាន​ល្អ​ប្រសើរ​ និង​មាន​តម្លាភាព។

ក្នុង​ពិធី​ត្រួតពិនិត្យ​នេះ​ផង​ដែរ​ លោក​ឆាយ ​គឹម​ខឿន​ក៏បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យមើល​អគារ​ស្នាក់នៅ​របស់​កង​កម្លាំង​នគរបាល​អន្តរាគមន៍​ដែល​ស្ថិតនៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu