Ad Code

សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់ ​​​ជំរុញ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ក្រុង​ស្រុក ​បង្កើន​ការ​ពង្រឹង ពង្រីក​សកម្មភាព​ការងារ​ស្នូល​របស់​ខ្លួន



សៀមរាប​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨​​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ធ្វើ​កិច្ចប្រជុំ បូក​សរុប​លទ្ធផល​ការងារ ចុះ​ជួយ​មូលដ្ឋាន​ក្រុង ស្រុក ក្នុង​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​គណៈ​អចិន្ត្រៃយ៍​ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​សៀមរាប ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្ត។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​លើកឡើង​ផងដែរ នូវ​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទុកជា​ត្រីវិស័យ ចង្អុលបង្ហាញ​ដល់​ក្រុមការងារ​គ្រប់​ថ្នាក់​យក​ទៅ​អនុវត្ត ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត នៅតាម​បណ្តា​ក្រុង ស្រុក ឃុំ សង្កាត់ និង បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ បន្ត​ការ​យកចិត្តទុកដាក់​គ្រប់គ្រង​-​កសាង​បន្ថែម​កម្លាំង​សកម្មជន​ប្រកបដោយ​សមត្ថភាព ពង្រឹង ​និង​ពង្រីក​សមាជិកភាព​របស់​ខ្លួន​នៅតាម​មូលដ្ឋាន និង ក្តាប់​ឲ្យ​បាន​នូវ​រាល់​សតិអារម្មណ៍​របស់​សមាជិក និង ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខ។ សម្តេច​ពិជ័យ​សេនា ក៏បាន​បញ្ជាក់​ថា ការអនុវត្ត​ភារកិច្ច តួនាទី​របស់ខ្លួន មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធានា​ឲ្យ​ខាងតែបាន​នូវ​ប្រសិទ្ធភាព និរន្តរភាព ក្នុងការ​គ្រប់គ្រង​រដ្ឋ​បាល​ឃុំ សង្កាត់ និង ការអភិវឌ្ឍ​​មូលដ្ឋាន ការផ្តល់សេវា និង ការ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ហើយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​ពីមុនមក ត្រូវ​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់ ឲ្យ​បាន​ទាន់​ពេលវេលា។ ជាមួយគ្នានេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ជំរុញ​ផង​ដែរ ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន ត្រូវ​បន្ត​នូវ​ប្រពៃណី​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួមគ្នា​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​លំបាក និង សំណូមពរ​របស់​ប្រជាពលរដ្ឋ។ ក្នុងនោះ​សម្តេច​ពិជ័យ​សេនា ក៏បាន​លើកឡើង​អំពី​ស្ថានការណ៍​នយោបាយ​ក្នុង និង ក្រៅប្រទេស សំខាន់ ចំពោះ​រាល់​ល្បិចកល​របស់​ក្រុម​ជន​អគតិ​មួយចំនួន ដែល​បានធ្វើការ​បំភិតបំភ័យ និង ឃោសនា​អកុសល​មិន​ឲ្យ ប្រជាជន ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ។ ក្នុងនោះ​សម្តេច​ក៏បាន​ធ្វើការ​ជំរុញ​ដល់​អាជ្ញាធរ សមត្ថកិច្ច​គ្រប់ ក្រុង ស្រុក បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំខាន់​ក្នុងឱកាស​ដែល​គ្រប់ គណបក្សនយោបាយ ធ្វើការ​ឃោសនា​រក​សំឡេង​គាំទ្រ​គណបក្ស​ខ្លួន និង នៅ​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​កុំ​ឲ្យ​មាន​កើត​នូវ​អំពើហិង្សា សំខាន់​លើ​សុវត្ថិភាព​ចរាចរណ៍​ក្នុងពេលដែល​ពួកគាត់​អញ្ជើញ​ទៅកាន់ ការិយាល័យ​បោះឆ្នោត ក្នុង​ការធានា​សុវត្ថិភាព​ដល់​ពួកគាត់​ផងដែរ។ ក្នុងនោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ ធ្វើការ​ថ្លែងអំណរគុណ ដល់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ និង អស់លោក លោកស្រី ដែល​បាន​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ ខ្លួន ក្នុងការ​គាំទ្រ​រាល់​សកម្មភាព នៃ​ការអភិវឌ្ឍ​​លើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​មូលដ្ឋាន​ភូមិ ឃុំ​សង្កាត់ របស់ គណបក្ស​ប្រជាជន​កម្ពុជា។ ព្រមទាំង​បានធ្វើការ​ក្រើនរំលឹក​ដល់​គ្រប់​ក្រុង ស្រុក ត្រូវ​ធ្វើការ ណែនាំ​ដល់​គ្រប់​គណបក្ស​ឃុំ សង្កាត់ ធ្វើការ​គ្រប់គ្រង និង ពង្រឹង​ពង្រីក​សមាជិក​ភាព​របស់ខ្លួន​នៅតាម​មូលដ្ឋាន ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ និង​ត្រូវ​បន្ត​ការអនុវត្ត​នូវ​តួនាទី ភារកិច្ច ដើម្បី​ធានា​ឲ្យ​ខាងតែបាន​នូវ​ប្រសិទ្ធភាព និរន្តរភាព។

ក្នុងឱកាស​នោះដែរ​ ក៏មាន​ការប្រគល់​លិខិត​ថ្លែងអំណរគុណ ដល់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ និង អស់ លោក លោកស្រី ដែល​បាន​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន ក្នុងការ​គាំទ្រ​រាល់​សកម្មភាព​នៃ​ការអភិវឌ្ឍ៕ ​​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu