Ad Code

ជាប់គុក​១​ឆ្នាំ​ពីបទ​គ្រឿងញៀន​ ចេញ​មក​វិញ​ប្រកប​របរ​ដដែល​ប៉ូលិស​ចាប់ខ្លួន​ទៀត



កណ្តាល ​៖ ​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ម្នាក់ ​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ ខ​ណៈធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ ព្រហស្បតិ៍ ០៩​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​០០​នាទី នៅ​ចំណុច ភូមិ ត្រពាំង​ឈូក ឃុំព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឃាត់ខ្លួន​ឈ្មោះ លី យ៉ាក់​កូប ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ​ស៊ីឈ្នួល​កាប់​គោ ទីលំនៅ​បច្ចុប្បន្ន​ភូមិ បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល រយៈពេល​០១​ឆ្នាំ ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ នៅ​ឆ្នាំ​២០១៦​។​ វត្ថុ​តាង​ចាប់​យក​រួមមាន ១/ ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់​តូច។ ២ / ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ និង ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

លោក​អធិការ​បញ្ជាក់ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ ជនសង្ស័យ​ឈ្មោះ លី យ៉ាក់​កូប បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ លី យ៉ាក់​កូប បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់ តម្លៃ ៤០,០០០៛ (​បួន​ម៉ឺន​រៀល​) ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ភូមិ ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យក​ទៅ​រំលែក​លក់​បន្ត​ក្នុង​០១​កញ្ចប់​តូច តម្លៃ​២០,០០០៛។

ដោយ​ទទួល​បាន​ការ​ឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ ឆែកឆេរ លំនៅឋាន​របស់​ឈ្មោះ លី យ៉ាក់​កូប នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​លោក មេភូមិ , លោកនាយ​ប៉ុស្តិ៍ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ត្រួតពិនិត្យ ឆែកឆេរ រកឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់ , ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu