រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ១គ្រឿងជិះបុកគូថរថយន្តពីក្រោយដែលចតនៅចិញ្ចើមផ្លូវជាតិមិនបានដាក់សញ្ញាសម្គាល់ត្រឹមត្រូវយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗមួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨A ទល់មុខផ្ទះ ង៉ែត លី លក់កង់ ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
នគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាន ពណ្ណរិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ទូរស័ព្ទដៃ (ស្លាប់នៅនឹងកន្លែងកើតហេតុ)ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម c១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-៣៧៣២។ រីឯរថយន្តដែលចតចោលនោះម៉ាកTOYOTA HILUX VIGO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៨២៣២ ម្ចាស់រថយន្តត្រូវបានគេស្គាល់ឈ្មោះ ម៉ោញ សៀងប៉ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរ លក់ដូរ។
បច្ចុប្បន្ន វត្ថុតាងទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តចុះមកធ្វើការអន្តរាគមន៍ និងវាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments