ភ្នំពេញ ៖ តារាចម្រៀងប្រុសលោក ជុំ លីណូ ស្របពេលដែលបច្ចុប្បន្នកំពុងតែស្នាក់នៅច្រៀង-សម្តែងលើទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិកនោះ មានប្រភពពីអាណិកជនខ្មែររស់នៅទីនោះ បង្ហើបថា គ្រាដែលតារាប្រុសរូបនេះ លេចវត្តមាននៅទីនោះ ទើបបានប្រមាថរយៈពេល១តែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រនិងស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីអ្នកគាំទ្រនៅទីនោះ។
បើតាមប្រភពព័ត៌មានដែលផ្តល់ឲ្យពីក្រៅប្រទេសបាននិយាយថា លោក ជុំ លីណូ ខណៈពេលនេះលោកកំពុងតែទទួលបានការលើកទឹកចិត្តច្រើនពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះតាមរយៈការផ្តល់ឱកាសឲ្យតារារូបនេះចូលរួមកម្សាន្តសប្បាយឬជួបជុំនៅតាមខ្នងផ្ទះនីមួយៗក្រោយពេលបញ្ចប់ការងារច្រៀងនៅកម្មវិធីប្រគំតន្ត្រី។
ប្រភពបន្តថា តារាចម្រៀងរបស់ខ្មែរលោក ជុំ លីណូ គឺជាតារាដែលមានប្រជាប្រិយភាពនិងមានការរាក់ទាក់ខ្ពស់ដោយមិនប្រកាន់ចរិតឫកពាឆ្មើងឆ្មៃនោះឡើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ លោកក៏ទទួលបានការគាំទ្រលើទឹកដមសំឡេងនៃការច្រៀង និងតាមរយៈក្បាច់រាំពិសេសៗដែលធ្វើឲ្យរាល់ការប្រគំតន្ត្រីនៅទីនោះ ទទួលបានការអញ្ជើញចូលរួមទស្សនាកម្សាន្តសប្បាយពីសំណាក់អាណិកជនខ្មែរ។
គូររម្លឹកថា អតីតតារាចម្រៀងប្រុសស្ថិតក្នុងផលិតកម្មសាន់ដេលោក ជុំ លីណូ ខណៈពេលអាជីពសិល្បៈក្នុងស្រុកកាន់តែមានសន្ទុះទីផ្សារគាំទ្រ និងប្រជាប្រិយភាពគួរឲ្យកត់សម្គាល់នោះ ក៏ស្រាប់តែក្តាប់បានឱកាសចេញទៅច្រៀងនិងសម្តែងនៅលើទឹកដីប្រទេសមហាអំណាចនិងសម្បូរលុយសហរដ្ឋអាមេរិកដោយពុំត្រូវបានប្រភពណាម្នាក់ដឹងឡើយ។
ប្រាប់កម្ពុជាថ្មីតាមរយៈសារអេឡិចត្រូនិក(ឆាតហ្វេសប៊ុក)នាកពេលកន្លងមកលោក ជុំ លីណូបាននិយាយឲ្យដឹងទាំងភ្ញាក់ផ្អើលថា បច្ចុប្បន្នលោកកំពុងតែស្នាក់នៅលើទឹកប្រទេសអាមេរិក ហើយដំណើរចេញទៅនេះគឺមានរយៈពេលជិត១ខែមកហើយដែរ។ មូលហេតុដែលលោកមិនបញ្ចេញព័ត៌មានអំឡុងពេលចេញទៅ ឬគ្រាជាប់សម្ភាសន៍នោះ ក៏ព្រោះតែមិនចង់ឲ្យមហាជនយល់ថាលោកអួត។
តារាចម្រៀងប្រុសលោក ជុំ លីណូ បានបន្តថា ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមានឱកាសមកច្រៀងនៅអាមេរិកដើម្បីចែករំលែកការសប្បាយដល់បងប្អូនខ្មែរយើងរស់នៅទីនោះ។ ម្យ៉ាងទៀតរឿងដែរសំខានគឺអរគុណដល់ពុក ម៉ែបងប្អូនដែលបានគាំទ្រនិងទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះតារាចម្រៀងខ្មែរដែលកំពុងតែស្នាក់នៅសម្តែង-ច្រៀងទីនោះ។
លោក ជុំ លីណូ បញ្ជាក់ទៀតថា សម្រាប់រយៈពេលនៃការច្រៀង-សម្តែងនោះគឺមាន៣ខែទើបត្រូវបានផុតកំណត់និងវិលត្រឡប់មកស្រុកកំណើតវិញ។ ចំណែកឯតារាចម្រៀងដែលរួមដំណើរជាមួយគ្នានោះគឺមាន២រូបផ្សេងទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments