Ad Code

អ្នក​​ជំនាញ​បេតិកភណ្ឌ​សម្រេចយក​ឈើ​គគីរ​ធ្វើ​ពិតាន​នៅ​រោងទង​ប្រាសាទ​អង្គរ​វត្ដ



សៀមរាប​ ៖​ មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា ក្រុមមន្ដ្រី​ជំនាញ​ផ្នែក​បេតិកភណ្ឌ សម្រេច​ជ្រើស​រើសយក​ប្រភេទ​ឈើ​គគីរ ដើម្បី​ធ្វើ​ចម្លាក់​ដំឡើង​ពិតាន​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នៃ​ប្រាសាទ​អង្គរវត្ដ ដោយសារ​ប្រភេទ​ឈើ​នេះ អ្នកជំនាញ​សន្និដ្ឋាន​ស្រដៀង​ថា ​ជា​ពិតាន​ឈើ​ដែល​បាន​បាត់បង់​អស់​ជាច្រើន​រយ​ឆ្នាំ​កន្លងមក។

លោក​លី វណ្ណា ប្រធាន​នាយដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​បទ​បង្ហាញ​ដល់​អ្នកជំនាញ​ជាតិ​និង​អន្ដរជាតិ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​ស៊ី​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​៥ ​ខែមិថុនា​ ឆ្នាំ​២០១៨​នេះ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ខេត្ដ​សៀមរាប។

លោក លី វណ្ណា មានប្រសាសន៍​ថា ឆ្លងតាម​ការពិភាក្សា ​និង​សិក្សា​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​គាំពារ​និង​អភិរក្ស​ប្រាសាទ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី និង អង្គការ​អាដហុក លោក​ថា មន្ដ្រី​ជំនាញ​បាន​សម្រេច​យក​ប្រភេទ​ឈើ​គគីរ​ធ្វើ​ពិតាន​ នៅលើ​រោងទង​ប្រាសាទ​អង្គរវត្ដ។ លោក​បាន​បន្ដថា ប្រភេទ​ឈើ​គគីរ​នេះ អាច​ត្រូវ​ទម្រង់ពិតាន​ចាស់​ដែល​បាន​បាត់បង់​ជាច្រើន​រយ​ឆ្នាំ​។​



លោក​បាន​បន្ដ​ឲ្យ​ដឹង​ថា នៅ​ពេលនេះ​​ ​ជាងចម្លាក់​បាន​ចាប់​ដើម​ឆ្លាក់​ក្បាច់​បណ្ដើរៗ​ហើយ ទៅតាម​ក្បាច់បុរាណ​ដើម​កំណត់ ប៉ុន្ដែ​លោក​មិនដឹង​ពិតាន​ចាស់​របស់​រោងទង​ប្រាសាទ​អង្គរវត្ដ​នោះ ជា​ប្រភេទ​ឈើ​អ្វី ដោយសារ​បាន​បាត់បង់​ជាច្រើន​រយ​ឆ្នាំ​កន្លង ដោយសារ​កត្តា​មនុស្ស​និង​សង្គ្រាម​។ ប៉ុន្ដែ​ទម្រង់​ឈើ​ពីមុន​អាច​ដូច​ឈើ​គគីរ។ លោក​បាន​បន្ដថា​ទៀតថា បន្ទាប់ពី​បាន​ឈើ​គ្រប់​ចំនួន និង​ឆ្លាក់​គ្រប់​ចំនួន មន្ដ្រី​ជំនាញ​នឹង​ចាប់ផ្ដើម​បំពាក់​បំពាក់​ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

អ្នកសម្របសម្រួល​និង​អនុវត្ដ​គម្រោង​នៃ អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក លោកស្រី ជាម ផល្លី ធ្លាប់បាន​ឲ្យ​ដឹងថា គម្រោង​បំពាក់​ពិតាន​ឈើ​ថ្មី​លើ​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នេះ ទទួលបាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ តាំង​សម័យ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងមក​។ គម្រោង​នេះ​បានចាប់ផ្ដើម​សាកល្បង​ហើយ ប៉ុន្ដែ​មិនដឹង​បញ្ចប់​នៅពេលណា​បានទេ ព្រោះ​ពិតាន​ឈើ​ថ្មី​ទាំងនេះ​ឆ្លាក់​តែ​ជាងចម្លាក់​ម្នាក់​គត់​។ តាម​ការ​រៀបរាប់​របស់​លោក​ស្រី ពិតាន​ឈើ​ទាំងអស់​ត្រូវ​ឆ្លាក់​តាម​ទម្រង់​ដើម ដែលមាន​បន្សល់ទុក​តាំង​បុរាណកាល​មក​។ ម្យ៉ាងទៀត ទាំង​សមត្ថភាព​ឆ្លាក់​និង​គុណភាព​រូបចម្លាក់​ក៏ត្រូវ​ទទួលស្គាល់​ដោយ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គ​រដែរ ហើយ​ឈើ​ដែល​ត្រូវ​យកមក​ឆ្លាក់​ធ្វើជា​ពិតាន​គឺ​ប្រភេទ​ឈើ​គគីរ​។ ហេតុផល​ដែល​ជ្រើសរើស​ឈើ​គគីរ ព្រោះថា​ឈើ​ពិតាន​ដែល​បន្សល់​ពី​បុរាណ​និង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សារមន្ទីរ​នៅ​ប្រទេស​បារាំង ក៏​ជា​ប្រភេទ​ឈើ​គគីរ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu