អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រសួងបាននាំអ្នកការទូតមួយក្រុមមកផ្ទះពីទីក្រុង Guangzhou នៃប្រទេសចិនវិញដោយសារតែការព្រួយបារម្ភថា ពួកគេរងគ្រោះរបួសខួរក្បាលដ៏អាថ៌កំបាំងមួយដែលហេតុការណ៍ស្រដៀងគ្នានេះបានប៉ះពាល់ដល់បុគ្គលិកអាមេរិកនៅប្រទេសគុយបារួចទៅហើយ។
អ្នកនាំពាក្យ Heather Nauert បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបានបញ្ជាក់ថា បុគ្គលិករដ្ឋាភិបាលម្នាក់បានទទួលរងនូវឧប្បត្តិហេតុផ្នែកវេជ្ជសាស្ត្រនៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសចិននោះ, ក្រសួងបានបញ្ជូនក្រុមការងារមួយដើម្បីទៅពិនិត្យបុគ្គលិកនិងសមាជិកគ្រួសារនៅស្ថានកុងស៊ុលរបស់ខ្លួន។
លោកស្រី Nauert បានថ្លែងថា “ជាលទ្ធផលនៃដំណើរការត្រួតពិនិត្យ ក្រសួងបានបញ្ជូនបុគ្គលមួយចំនួនសម្រាប់ការវាយតម្លៃបន្ថែមនិងការវាយតម្លៃដ៏ទូលំទូលាយនៃរោគសញ្ញានិងការរកឃើញរបស់ពួកគេនៅសហរដ្ឋអាមេរិក”។
លោកស្រីបានបន្តថា “អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនឹងបន្តធ្វើការវាយតម្លៃពេញលេញដើម្បីកំណត់ពីមូលហេតុនៃរោគសញ្ញាដែលបានរាយការណ៍និងថាតើ ការរកឃើញនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងអ្នកដែលធ្លាប់ទទួលរងផលប៉ះពាល់ពីមុនឬអាចមិនទាក់ទងគ្នាទាំងស្រុងដែរឬក៏អត់”។
កាសែត New York Times បានរាយការណ៍នៅថ្ងៃពុធថា ក្រសួងការបរទេសបានជម្លៀសពលរដ្ឋអាមេរិកយ៉ាងតិចពីរនាក់ដែលបានធ្លាក់ខ្លួនឈឺបន្ទាប់ពីឮសំឡេងចម្លែកៗនៅក្នុងប្រទេសចិន។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន បុគ្គលិករដ្ឋាភិបាលអាមេរិកចំនួន២៤នាក់និងសមាជិកគ្រួសារនៅប្រទេសគុយបាបានបង្ហាញពីរោគសញ្ញាដែលស្រដៀងគ្នាទៅនឹងអ្នកដែលប៉ះទង្គិចនិងរបួសខួរក្បាលកម្រិតស្រាល។
ជំងឺក្នុងចំណោមអ្នកការទូតអាមេរិកនៅទីក្រុង Havana បានបង្កើនភាពតានតឹងរវាងគូសត្រូវសង្គ្រាមត្រជាក់ទាំងពីរ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments