នាយករដ្ឋមន្ត្រីសង្គមនិយមអេស្ប៉ាញលោក Pedro Sanchez កាលពីថ្ងៃពុធ បានបង្ហាញនូវរដ្ឋាភិបាលគាំទ្រសហភាពអឺរ៉ុបថ្មីមួយ ដែលមានស្ត្រីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយមានរដ្ឋមន្ត្រីជាស្ត្រីចំនួន១១រូប និងបុរសចំនួន៦រូប។
នាយកប្រតិបត្តិថ្មីដែលជ្រើសតាំងដោយបុរសវ័យ៤៦ឆ្នាំរូបនេះដែលបានបណ្តេញលោក Mariano Rajoy ចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រមុនក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តមួយគឺរួមមានទាំងអវកាសចរ Pedro Duque ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រផងដែរ។
លោកស្រី Nadia Calvino ដែលជាអ្នកគ្រប់គ្រងថវិកាសហភាពអឺរ៉ុបគឺនឹងក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហើយអតីតប្រធានសភាអឺរ៉ុបលោក Josep Borrell នឹងក្លាយរដ្ឋមន្ត្រីការបរទេស។
លោក Sanchez បាននិយាយថា នាយកប្រតិបត្តិរបស់គាត់គឺជា “ការឆ្លុះបញ្ចាំងពីអ្វីដែលល្អបំផុតនៅក្នុងសង្គម” ដែលជាសង្គមមួយត្រូវបានលោករៀបរាប់ថា មានសមាសភាពស្ត្រីនិងបុរស វ័យចំណាស់និងវ័យក្មេងដែលបានចាក់ឫសគល់នៅក្នុងសហភាពអឺរ៉ុប។
ប៉ុន្តែវាក៏ជារដ្ឋាភិបាលសំឡេងភាគតិចមួយផងដែរព្រោះគណបក្សសង្គមនិយមមានសមាជិកសភាត្រឹមតែ៨៤រូបប៉ុណ្ណោះនៅក្នុងសភាដែលមាន៣៥០អាសនៈ។
ដូច្នេះ រដ្ឋាភិបាលនឹងត្រូវជួបប្រទះពេលវេលាដ៏លំបាកមួយក្នុងការគ្រប់គ្រងប្រទេសអេស្ប៉ាញដោយពឹងផ្អែកលើសំឡេងឆ្នោតនៃគណបក្សឆ្វេងនិយម Podemos ព្រមទាំងគណបក្ស Basque និងតំណាងរាស្ត្រជាតិនិយមកាតាឡានដែលគាំទ្រញត្តិសម្តែងការមិនទុកចិត្តរបស់គាត់។
ក្រុមថ្មីរបស់លោក Sanchez នេះត្រូវបានបង្ហាញដល់ស្តេច Felipe ទី៦កាលពីព្រឹកថ្ងៃពុធ។ ខណៈដែល Brexit កំពុងប្រមូលផ្ដុំហើយនៅពេលនេះអ៊ីតាលីកំពុងដឹកនាំដោយរដ្ឋាភិបាលប្រឆាំងអឺរ៉ុបនោះ, នាយកប្រតិបត្តិថ្មីរបស់អេស្ប៉ាញគឺគាំទ្រសហភាពអឺរ៉ុបយ៉ាងច្បាស់លាស់៕ AFP
Source: Kampuchea Thmey Daily
0 Comments