សិង្ហបុរី ៖ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍ “លីក្វាន់យូរ”, លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសិង្ហបុរី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសនេះ ទទួលបានសន្តិភាពពេញលេញ ហើយឯកឧត្តមក៏បាន ថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលតែងតែគាំទ្រ និងជាដៃគូដ៏ល្អក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលតែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជាដៃគូសហប្រតិបត្តិការដ៏ល្អ ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងពង្រឹងទំនាក់ទំនងក្នុងវិស័យសន្តិសុខកាន់តែល្អប្រសើរនាពេលអនាគត។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី ៦៤ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងកឡុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយថ្នាក់ដឹកនាំ រួមមាន ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ឯកឧត្តម ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី និងឯកឧត្តមបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី និងឥស្សរជនសំខាន់ៗនៃសាធារណរដ្ឋសិង្ហបុរីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments