ភ្នំពេញ ៖ តារាសម្តែងធ្លាប់តែលេចធ្លោ និងមានរូបសង្ហាលោក យូ ឌីស្កូ ស្របពេលដែលជំងឺរបស់ លោកកំពុងត្រូវបានព្យាបាលនៅក្រៅប្រទេសនោះ ពេលនេះតារាប្រុសរូបនេះ បានទម្លាយសារមួយប្រយោគធ្វើឲ្យមហាជនស្លុតចិត្តអាណិតលោកស្ទើរគ្រប់គ្នាតែម្តង។
គេចាំបានថា បន្ទាប់ពីធ្លាក់ខ្លួនឈឺជាច្រើនខែរហូតព្យាបាលអស់លុយពីខ្លួននោះ តារាសម្តែងប្រុសលោក យូ ឌីស្កូ បច្ចុប្បន្នគឺស្ថិតក្នុងសភាពស្លេកស្លាំងពោលគឺមានតែស្បែកគ្រប់ឆ្អឹង។ ប៉ុន្តែអ្វីជាក្ដីសង្ឃឹមឡើងវិញនោះ គឺកាលយប់ថ្ងៃទី១៤ ខែឧសភា កន្លងមក លោកបានចេញទៅធ្វើការផ្លាស់ប្ដូរក្រលៀននៅប្រទេសឥណ្ឌាដើម្បីបន្តជីវិតរស់ និងបន្តលើអាជីពសិល្បៈឡើងវិញ។
ចំពោះថវិកាដែលត្រូវចំណាយខ្ទង់ជាង៥ម៉ឺនដុល្លារក្នុងការដោះដូរក្រលៀនពីសំណាក់តារាប្រុសលោក យូ ឌីស្កូ ពេលនេះគឺបានមកពីការចូលរួមឧបត្ថម្ភនិងបរិច្ចាគពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយក៏មានថវិការបស់ទេវតាទាំងពីរអង្គរផងដែរ ក្រោយពីមានការប្រកាសអំពាវនាវ រកមូលនិធិសង្គ្រោះជីវិតលោក យូ ឌីស្កូ តាមរយៈសមាគមសិល្បករខ្មែរ។
ដោយឡែកងាកមកចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក យូ ឌីស្កូ អំឡុងពេលលោកកំពុងសម្រាកព្យាបាលជំងឺឯក្រៅប្រទេសឯណោះវិញ លោកបានសរសេរប្រយោគមួយឃ្លាដោយខ្លីថា ពេលនេះជីវិតមួយនេះឯកាខ្លាំងណាស់ តើអាចឲ្យកម្លាំងចិត្ត និងកំដរខ្ញុំបន្តិចបានទេ។
តាមរយៈការបញ្ចេញប្រយោគខ្លីរបស់លោក យូ ឌីស្កូនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការចាប់អារម្មណ៍ខ្លាំង និងបង្ហាញពីអារម្មណ៍អាណិតអាសូរដល់លោកយូឌីស្កូ។ មិនតែប៉ុណ្ណោះក៏មានការផ្តល់កម្លាំងចិត្តជាច្រើនពីមហាជនក៏ដូចជាអ្នកសិល្បៈរួមអាជីពជាមួយគ្នាផងដែរ។
សូមបញ្ជាក់ថា លោកយូ ឌីស្កូ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដោយសារលោកមានជំងឺ ក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments