ភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍនិស្សិតសហការជាមួយមូលនិធិអាស៊ីតែមួយ( One Asia Foundation )របស់ជប៉ុនកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីពីដំណើរឆ្ពោះទៅបង្កើត សហគមន៍អាស៊ីតែមួយដើម្បីរួមគ្នាថែរក្សាសន្តិសភាព និងសន្តិសុខក្នុងតំបន់។
លោកសាស្ត្រាចារ្យ គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិតបានឲ្យដឹងនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលមេរៀនស្តីពីដំណើរឆ្ពោះទៅបង្កើតសហគមន៍អាស៊ីតែ មួយនៅវិទ្យាស្ថានអភិវឌ្ឍន៍និស្សិតថា វគ្គនេះមាននិស្សិតចូលរួមចំនួនជាង២០០នាក់ ដោយបណ្តុះបណ្តាលរយៈពេល៦ខែដោយមានសាស្ត្រាចារ្យខ្មែរ និងបរទេសចូលរួមធ្វើបទបង្ហាញអំពីវប្បធម៌ ភូមិសាស្ត្រ របស់ប្រទេសទាំង៤៥នៅក្នុងតំបន់អាស៊ី ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងដល់និស្សិត ឲ្យកាន់តែមានចំណេះដឹងទូលំទូលាយ។
លោកបានបន្តថា វគ្គបបណ្តុះបណ្តាលនេះ មិនត្រឹមតែនិស្សិតទទួលបានចំណេះដឹងពីស្ថានភាពអភិវឌ្ឍន៍និងស្ថិរភាពសន្តិសុខសង្គម ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក៏ទទួលបានបទពិសោធន៍នៃការអប់រំពីបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ។
លោកបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមធ្វើបទបង្ហាញពីលោកបណ្ឌិត ជុន កុនចុង តំណាងមូលនិធិ អាស៊ីតែមួយបានភ្ជាប់កិច្ចសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថាននៅកម្ពុជាចំនួន៥រួមទាំងវិទ្យាស្ថានអភិវឌ្ឍន៍និស្សិតផងដែរ។
លោកបណ្ឌិត ជុន កុនចុង តំណាងមូលនិធិ អាស៊ីតែមួយបានថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលមេរៀនស្តីពីដំណើរឆ្ពោះទៅបង្កើតសហគមន៍អាស៊ីតែ មួយឲ្យដឹងថា ការយល់ដឹងពីដំណើរឆ្ពោះទៅបង្កើតសហគមន៍អាស៊ីដល់និស្សិត គឺជារឿងចាំបាច់បំផុត ដើម្បីអោយនិស្សិតបានរស់នៅប្រកបដោយសេចក្តីសុខសន្តិភាពទៅថ្ងៃ ខាងមុខទៀត បើទោះបីពួកគេបានរស់នៅប្រទេសខុសគ្នា ប្រកាន់ជំនឿសាសនា និង ការដឹកនាំប្រទេសផ្សេងគ្នាក៏ដោយ។
លោកបានបន្តទៀតថា« បើការរស់នៅក្នុងប្រទេសមួយប្រកបដោយសុខសន្តិ ភាព សប្បាយរុងរឿង យើងមិនអាចបំភ្លេចចោលប្រទេសដែលទុនខ្សោយជាងយើងនោះទេ ដូច្នេះគឺត្រូវរួមគ្នាធ្វើឲ្យប្រទេសទាំងអស់ក្នុងតំបន់អាស៊ីមានសុខសន្តិភាពដូចគ្នា»។
គួរបញ្ជាក់ថា មកដល់ពេលនេះ មូលនិធិ អាស៊ីតែមួយ របស់ជប៉ុន បានបញ្ជ្រាបចំណេះដឹងពីដំណើរឆ្ពោះទៅបង្កើតសហគមន៍អាស៊ីនេះ ដល់និស្សិតនៅតាមសាកលវិទ្យាល័យបានចំនួន៣៣០សាកលវិទ្យាល័យរួចមកហើយទាំងនៅក្នុងទ្វីបអាស៊ី និងនៅតាមបណ្តាទ្វីប មួយចំនួនទៀតក្នុងពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments