Ad Code

ប៉ូលិស​អន្តោប្រវេសន៍​ ចុះ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ក្នុង​ខណ្ឌដូនពេញ​បាន​១៥​នាក់



ភ្នំពេញ ​៖​ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ប្រតិបត្តិការ​បន្ត​ធ្វើ​ការ​ឆែកឆេរ​ជនជាតិ​បរទេស​ជាពិសេស​ជនជាតិ​វៀតណាម​ ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៥​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​១១​នាក់ ​កាលពី​រសៀល​ថ្ងៃទី​០៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១២ ​ផ្លូវ​លេខ​៩០ ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ ​​តាម​ផ្ទះ និង​ហាង​កាហ្វេ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​រួចមក​ កម្លាំង​ជំនាញ​បាន​រកឃើញ មានដូចជា​ជនជាតិ​វៀតណាម​១៥​នាក់ ក្នុងនោះ​មាន​ស្រី​១១​នាក់ ប្រុស​៤​នាក់​ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ពាក់ព័ន្ធ​នឹង​ករណីនេះ​ផង​ដែរ​ សមត្ថកិច្ច​ក៏បាន​ធ្វើការ​អំពាវនាវ​ និង​សុំ​អោយ​ជន​បរទេស ​ដែល​ស្នាក់នៅ​ និង​ធ្វើការ ​សុំច្បាប់ ​គោរព​ច្បាប់ ប្រទេស​កម្ពុជា​ផង បើ​ពុំ​នោះ​ទេ សមត្ថកិច្ច នឹង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​។​

សមត្ថកិច្ច​ក៏បាន​ធ្វើការ​អំពាវនាវ ដល់​ម្ចាស់ រោងចក្រ សហគ្រាស និង​សិប្បកម្ម ការដ្ឋាន នានា ទាំងអស់​អោយ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូល​មក​ដោយ ខុសច្បាប់​មក​ធ្វើការ​បន្ត​ទៀត​នៅក្នុង​ការដ្ឋាន​ និង​សិប្បកម្ម របស់​ខ្លួន បើ​ពុំ​នោះ​ទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង។

យោងតាម​មាត្រា​២៩ ច្បាប់​ស្តីពី​អន្តោប្រវេសន៍ បាន​ចែងថា ជនបរទេស​ណា ដែល គ្មាន​ការ​អនុញាត ហើយ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឬ​ ល្បិច​ផ្សេង ទៀត​ដែល ផ្ទុយ​ពី​បទ​បញ្ញត្តិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី​បី ខែ​ដល់ ៦​ខែ មុន​និង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស ដូចគ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឬ ជួយ​លាក់បាំង​ក្នុងការ​បញ្ចូល ជនបរទេស ដែល​គ្មាន​ការអនុញាត មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ច រូប​ណា ដែលជា​អ្នកសមគំនិត​ ឬ​ ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី ១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ ធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ឬ​ មិន គោរព​បទបញ្ជា ត្រូវ ទទួល ការ​ផ្តន្ទាទោស ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភារៈ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹបអូស ទុកជា​សម្បត្តិ​រដ្ឋ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu