Ad Code

លោក​ អ៊ុំ​ រាត្រី​ចូលរួម​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទាំងអស់គ្នា ដើម្បី​ជីវិត​អ្នក និង​សហគមន៍



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ នៅ​សាល​ប្រជុំ​ធំ​សាលា​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ " ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន " ដោយមាន​ការចូលរួម​លោក អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ លោក នាក់ យុ​ទ្ធា អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ខេង ស៊ុំ តំណាង​ក្រុមប្រឹក្សា​ខេត្ត លោក​វរសេនីយ៍ឯក​ស​ប៊ុន​សឿង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​គ្រឿងញៀន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក កងកំលាំង​បី​ប្រភេទ យុវជន​កាយ​រិ​ទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​អ្នក​ពាក់ព័ន្ធ ចំនួន​១៣៧១​នាក់​។



លោក នាក់ យុ​ទ្ធា​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ជាង​៣០​ឆ្នាំនេះ​ សម្តេច​បាន ខិតខំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម បទបញ្ជា​លេខ ០១ ស្តីពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ផែនការ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដំណាក់កាល​ទី​១ ទី​២ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​បន្ត​ឲ្យ​អនុវត្ត​សម្រាប់​ដំណាក់កាល​ទី​៣ ជា​បន្តទៀត ដោយ​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​រួមមាន​ដូចជា​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ អប់រំ​ឲ្យ​មានការ​យល់ដឹង​ពី​ផល​ប៉ះពាល់ និង​គ្រោះ ថ្នាក់​នៃ​គ្រឿងញៀន ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ១.៦៣៨.៤៩៤ នាក់ បាន​ផ្តល់​ការ​ព្យាបាល និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​បាន​ចំនួន ៧.០៥៦​នាក់ បាន​បង្ក្រាប​បទល្មើស​បាន​ចំនួន ២.៨៧០ ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥.៧០២ នាក់ តាម​រយៈ​លទ្ធផល​ការងារ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ថយចុះ​នូវ​រាល់​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​និង​បទល្មើស​ផ្សេងទៀត​នៅក្នុង​សង្គម​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ បង្កលក្ខណៈ ងាយស្រួល​ដល់​រាជរដ្ឋាភិបាល ក្នុង​ការកសាង អភិវឌ្ឍ​ប្រទេសជាតិ​និង​សុខុមាលភាព​ប្រជាពលរដ្ឋ​។



ក្នុង​នោះ​លោក អ៊ុំ រាត្រី ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា លោក​បាន​ធ្វើ​ការ​សរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់​ស្ថាប័ន អង្គភាព​របស់​ខេត្ត​ទាំងអស់ ក៏ដូចជា​បណ្តា​អង្គការ​ដៃគូ វិស័យ​សាសនា វិស័យ​ឯកជន និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ដល់ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង ៣ ដំណាក់កាល​របស់​រាជ​រដ្ឋាភិបាល​នាពេល កន្លងមក និង​បាន​អំពាវនាវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​សូម​បន្ត​ចូលរួម​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​ញៀន​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu