បាត់ដំបង ៖ ដូនជី ដែលមានវ័យចំណាស់ម្នាក់ ជាមនុស្សកាន់ធម៌ កាន់អារ្យ បានសម្រេចចិត្តធ្វើអត្តឃាត ដោយអារ.ក សម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត នៅក្នុងថ្លុកឈាម ដោយសារតែខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃ អស់រយៈពេលជាយូរឆ្នាំមកហើយ។
ករណីការធ្វើអត្តឃាតដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើ វត្តភ្នំអណ្តើក ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាកន្លែងពឹងពាក់ ស្នាក់អាស្រ័យ របស់ដូនជីគ្រប់វ័យ រាប់សិបនាក់ និងរហូតល្បីតៗគ្នាថាសម្បូរដោយដូនជីក្រមុំថែមទៀត ដែលការទៅបួសនេះដោយសារតែខ្លះមានវិបត្តិផ្សេងៗគ្នា។
បើតាមការបំភ្លឺពីសាក្សីម្នាក់ ជាដូនជីដូចគ្នា ឈ្មោះ វ៉ាត ម៉ៅ អាយុ៨៣ឆ្នាំ អ្នករស់នៅស្រុកមោងឫស្សី បាននិយាយថា ជនរងគ្រោះដែលជាដូនជីនោះ ឈ្មោះ តុត ញ៉ អាយុ៦៥ឆ្នាំ ជាអ្នករស់នៅខេត្តកណ្តាល ហើយបានមកបួស និងរស់នៅលើខ្នងភ្នំអណ្តើកនេះយូរឆ្នាំមកហើយ ថែមទាំងនៅជាប់នឹងបន្ទប់របស់គាត់ទៀតផង។
សាក្សីដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង៤ល្ងាច ពេលដែលដូនជីទាំងអស់នៅលើភ្នំនេះ ត្រូវឡើងទៅព្រះវិហារដើម្បីសូត្រធម៌ គឺជាពេលដែលស្ត្រីរងគ្រោះធ្វើដំណើរចុះពីព្រះវិហារមកវិញទៅហើយ ដោយគាត់មិនដឹងថា ស្ត្រីរងគ្រោះឡើងទៅម្នាក់ឯងធ្វើអ្វីនោះឡើយ ហើយជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ជាធម្មតា។
សាក្សីបានបន្ថែមថា លុះនៅវេលាម៉ោង ៥ ល្ងាច ក៏មានការចែកសាប៊ូ ថ្នាំដុសធ្មេញដល់ដូនជីគ្រប់រូប ទើបមានដូនជីវ័យក្មេងម្នាក់ បានកាន់របបរបស់ស្ត្រីរងគ្រោះដើរមកដល់បន្ទប់ដើម្បីប្រគល់ឲ្យ ប៉ុន្តែទោះបីជាខំស្រែកហៅ និងគោះទ្វារយ៉ាងណា ក៏មិនមានចម្លើយដែរ ដោយសារតែទ្វារមានដាក់គន្លឹះខាងក្នុង ទើបដូនជីវ័យក្មេងរូបនោះបានលួចមើលតាមប្រហោងបង្អួចទើបមានការឆោឡោឡើងតែម្តង ដោយសារតែឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមទៅហើយ។
ប្រភពមួយចំនួនបានឲ្យដឹងថា ស្ត្រីរងគ្រោះមានជំងឺរបេងប្រចាំកាយអស់រយៈពេលជាយូរមកហើយ ដោយថ្មីៗនេះកាន់តែមានសភាពធ្ងន់ធ្ងរឡើង ម្យ៉ាងទៀតកូនបង្កើតនិងកូនប្រសារទើបតែវិលត្រឡប់ទៅកាន់ខេត្តសៀមរាបវិញហើយដែរ បន្ទាប់ពីបានមកថែទាំជំងឺម្តាយមួយរយៈរួចមក។
នៅយប់នោះដែរ ទាំងលោកស្នងការរង ជេត វណ្ណនី ក៏ដូចជាកំលាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ រួមជាមួយនឹងកំលាំងអធិការដ្ឋាន នគរបាលស្រុកបាណន់បានចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមូលដ្ឋានផងដែរ ព្រមទាំងបានអះអាងថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយនៅដៃខាងស្តាំរបស់ស្ត្រីរងគ្រោះនៅក្តាប់កូនកាំបិតចិត្តបន្លែ គឺមានន័យថា មិនមានការពាក់ព័ន្ធទៅនឹងករណីឃាតកម្មឡើយ៕
Source: Kampuchea Thmey Daily
0 Comments