ប្រមុខក្រុមឧទ្ទាមយេមែន បានជំរុញឲ្យកងកម្លាំងរបស់គាត់ប្រយុទ្ធប្រឆាំងនឹងកងទ័ពគាំទ្ររដ្ឋាភិបាលដែលកំពុងបើកវាយលុកមួយជាមួយការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីដណ្តើមយកមជ្ឈមណ្ឌលជំនួយដ៏សំខាន់ Hodeida មកវិញ ខណៈពេលដែលអង្គការសហប្រជាជាតិអំពាវនាវឲ្យកំពង់ផែសមុទ្រក្រហមមួយនេះត្រូវបន្តបើកចំហ។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានសម្លាប់មនុស្សចំនួន៣៩នាក់កាលពីថ្ងៃព្រហស្បតិ៍, មួយថ្ងៃបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារដើម្បីដណ្តើមយកទីក្រុងដែលគ្រប់គ្រងដោយពួកឧទ្ទាម Huthi ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់មកវិញ។
ប្រភពយោធាបាននិយាយថា ក្រុមចម្រុះបានវាយប្រហារទីតាំងឧទ្ទាមខណៈដែលការប្រយុទ្ធគ្នាបានឆាបឆេះនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីព្រលានយន្តហោះ Hodeida នៃភាគខាងត្បូងទីក្រុង។
យោងតាមទូរទស្សន៍ Al-Masirah របស់ក្រុមឧទ្ទាមបានផ្សាយថា មេដឹកនាំក្រុមឧទ្ទាមលោក Abdel Malek Al-Houthi បានជំរុញឲ្យកងកម្លាំងរបស់ខ្លួនត្រូវប្រឈមមុខជាមួយនឹងកងកម្លាំងផ្តាច់ការហើយបានព្រមានថា ពួកគេនឹងចាប់យកតំបន់ដែលត្រូវបានដណ្តើមដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលមកវិញហើយនាំយកអ្នកប្រយុទ្ធជាច្រើនចូលទៅក្នុងសមរភូមិនេះ។
លោកបន្ថែមថា “ឆ្នេរសមុទ្រភាគខាងលិចនឹងក្លាយជាវាលដ៏ធំមួយសម្រាប់ពួកឈ្លានពាន”។
ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់លើប្រតិបត្តិការយោធានិងបានអំពាវនាវឲ្យកំពង់ផែដែលគ្រប់គ្រងដោយក្រុមឧទ្ទាមរួមជាមួយរដ្ឋធានី Sanaa ចាប់តាំងពីឆ្នាំ២០១៤មកនោះត្រូវបើកចំហ។
អង្គការសហប្រជាជាតិបានព្រមានប្រឆាំងនឹងការវាយលុកមួយនៅ Hodeida ពីព្រោះកំពង់ផែនេះជាច្រកចូលសម្រាប់ការនាំចូល៧០ភាគរយរបស់យេមែនខណៈដែលប្រទេសនេះកំពុងរងគ្រោះដោយគ្រោះទុរ្ភិក្សរួមទៅហើយបន្ទាប់ពីសង្គ្រាមអស់រយៈពេល៣ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបាននិយាយថា ផ្លូវទឹកនៃសមុទ្រក្រហមនៅតែបើកចំហសម្រាប់ការដឹកជញ្ជូន៕ AFP
Source: Kampuchea Thmey Daily
0 Comments