ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពេលដែលបុរសម្នាក់នេះ បើកបរម៉ូតូលឿនពេលយប់ ហើយដោយយកចង្កូតមិនទាន់ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវយ៉ាងពេញទំហឹងនិងបានអូសម៉ូតូតាមផ្លូវជាច្រើនម៉ែត្រនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវម៉ៅសេទុង កែងនឹងមហាវិថីសហព័ន្ធរុស្សី ទល់មុខនឹងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ វេង វិចិត្រ អាយុ២៣ឆ្នាំ ជាបុគ្គលិកចាក់សាំង នៅស្ថានីយសូគីម៉ិច នៅមុខផ្សារឃ្លាំងរំសេវ ស្នាក់នៅជាមួយបងថ្លៃនៅម្តុំផ្សារដីហុយ មានស្រុកកំណើត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងប្រពន្ធស្នាក់នៅខេត្តកំពង់ស្ពឺ ទើបពពោះកូនដំបូងបានបីខែ។
បើតាមសាក្សីដែលជាសន្តិសុខយាមនៅមុខអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GF-6494 ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែទាក់ដៃចង្កូតនឹងក្បាលពុះចែកទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកបរដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ ចំណែកម៉ូតូដួលអូសជាង៥០ម៉ែត្រ ភ្លាមៗនោះ រថយន្តសង្គ្រោះខាងគ្លីនិកឯកជន ព្យាយាមដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតដែរ តែអកុសល ដឹកដល់ពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទង ហៅសាច់ញាតិមកទទួល និង ដឹកយកទៅធ្វើបុណ្យនៅស្រុកខាងប្រពន្ធតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់យកម៉ូតូត្រឡប់ទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments