មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក បានផ្អាកដោយគ្មានកំណត់ពេលនៃសមយុទ្ធរួមគ្នាធំៗជាមួយកូរ៉េខាងត្បូងដែលនេះជាការធ្វើតាមការសន្យារបស់លោកប្រធានាធិបតីដូណាល់ត្រាំក្នុងការបញ្ឈប់សមយុទ្ធយោធាបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។
ការសម្រេចចិត្តនេះបានកើតឡើងបើទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានព្រមានថា កិច្ចប្រឹងប្រែងសន្តិភាពនៅតែប្រឈមនឹងហានិភ័យហើយការដាក់ទណ្ឌកម្មត្រូវបានរក្សារហូតដល់ទីក្រុងព្យុងយ៉ាងរុះរើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានប្រាប់ AFP ថា “សមយុទ្ធយោធាសំខាន់ៗត្រូវបានផ្អាកដោយមិនកំណត់ពេលនៅលើឧបទ្វីបកូរ៉េ”។ លោក ត្រាំ កាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់សមយុទ្ធសង្គ្រាមជាមួយសម្ព័ន្ធមិត្តសន្តិសុខកូរ៉េខាងត្បូងរបស់ខ្លួនប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់ទេថានៅពេលណាទើបការផ្អាកនេះនឹងចាប់ផ្តើម”។
កងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយជាទម្លាប់បានហាត់សមអ្វីៗទាំងអស់ទាក់ទងនឹងការវាយលុកពីកូរ៉េខាងជើង។
ក្រុងព្យុងយ៉ាងជាធម្មតាមានប្រតិកម្មខ្លាំងក្លា។ បន្ទាប់ពីការធ្វើសមយុទ្ធកាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងលើប្រទេសជប៉ុនដែលបង្កឲ្យមានការព្រួយបារម្ភជាសកល។
លោក ត្រាំ បានស្វែងរកជ័យជម្នះចាប់តាំងពីកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីជាទីដែលគាត់និងលោកគីមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដែលក្នុងនោះលោកគីមបានប្តេជ្ញាថានឹងធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
ថ្លែងទៅកាន់មន្ត្រីកូរ៉េខាងត្បូង ជប៉ុននិងចិនអំពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនោះនៅក្នុងដំណើរទស្សនកិច្ចក្នុងតំបន់មួយ លោក Pompeo បាននិយាយថា ក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តចំពោះបញ្ហាកូរ៉េខាងជើង។
គាត់បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធបរមាណូរបស់ខ្លួនថា “យើងជឿថាលោកគីមជុងអ៊ុនយល់ពីភាពបន្ទាន់នេះ យើងត្រូវធ្វើឲ្យបានឆាប់រហ័ស”៕ AFP
Source: Kampuchea Thmey Daily
0 Comments