ប៉ៃលិន ៖ រឿងរ៉ាវដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយសារតែកូនប្រុសបង្កើតម្នាក់ បានលើកដៃទាញពូថៅសម្លាប់ម្តាយខ្លួនឯង បណ្តាលឲ្យស្លាប់ និងប្អូនបង្កើតប្រុសស្រី ចំនួនពីរនាក់ទៀត ឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបឋមនៅមណ្ឌលសុខភាពភ្នំព្រាល ព្រោះតែរឿងរ៉ាវក្នុងគ្រួសារបន្តិចបន្តួច និងការបែកថ្នាំរបស់ជនសង្ស័យ។ ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមលោក ហុង ហេង នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុចំនួន៣ថ្ងៃ ជនសង្ស័យជាកូន បានមកសុំកូនរបស់ខ្លួន ដែលផ្ញើទុកឲ្យម្តាយ(ជនរងគ្រោះ) ជាអ្នកចិញ្ចឹម យកទៅមើលថែខ្លួនឯងវិញ ប៉ុន្តែត្រូវម្តាយ ដែលជាជនរងគ្រោះមិនឲ្យ ព្រោះតែជនសង្ស័យជាមនុស្សចិញ្ចឹមខ្លួនឯងមិនរស់ និងជាមនុស្សដែលញៀនថ្នាំខ្លាំងផងដែរ។
លោកនាយប៉ុស្ដិ៍ បានបន្តថា ៖ លុះនៅថ្ងៃកើតហេតុ ប្រហែលជាជនសង្ស័យមានគំនុំ រឿងកាលពីថ្ងៃមុន បានជាប្រើអំពើហិង្សាទៅម្តាយ ដោយកាប់នឹងពូថៅ បណ្តាលឲ្យចំក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់នៅនឹងកន្លែង ចំណែកប្អូនៗ បានឃើញហេតុការណ៍ ក៏នាំគ្នាទៅជួយ ប៉ុន្តែត្រូវបានជនសង្ស័យដេញកាប់ដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពផងដែរ។
បើតាមលោកអនុសេនីយ៍ទោ រី តារ៉ា អធិការរង នៃអធិការដ្ឋានស្រុកសាលាក្រៅ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ករណីខាងលើនេះ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ជនសង្ស័យ ដោយស្លាប់នឹងកន្លែង ព្រោះត្រូវជនសង្ស័យជាកូនកាប់នឹងពូថៅ , ទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាប្អូនបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ។
លោក បានបន្តថា ៖ ករណីនេះគឺបណ្តាលមកពីជនសង្ស័យ ដែលត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចមានការគុំកួន លុះរហូតមកដល់វេលា កើតហេតុខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្កហិង្សា ដោយចេតនាលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនៃអធិការនគរបាលស្រុកសាលាក្រៅ ធ្វើការឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរបង្អែកខេត្តប៉ៃលិន ដោយសពជនរងគ្រោះជាម្តាយ ត្រូវបានសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments