Ad Code

អ្នក​នាំ​ពាក្យ​ថា ​សម រង្ស៊ី មាន​តែ​ម្យ៉ាង ​គឺ​ទទួល​ស្គាល់ ហើយ​ទទួលយក​កំហុស



ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើកឡើងថា ទណ្ឌិត សម រង្ស៊ី មានតែ​ម្យ៉ាង គឺ​ទទួលស្គាល់​កំហុស ហើយ​ទទួលយក​កំហុស​នោះ​ទៅ​តែប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ ហក់​ខ្លាំង​ត្រូវ​ខ្លាំង ហក់​តិច​ត្រូវ​តិច​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ តាមរយៈ​សា​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​លើកឡើង​ពី​ការ​បែរ​រក​ការចរចា​របស់​ទណ្ឌិត សម រង្ស៊ី និង​ខណៈ​មាន​សេណារីយោ​លើកឡើង​ពី​ការចង់​ឲ្យ​មាន​ការ​ធ្វើប្រជាមតិ លុបចោល​បរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទ​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

លោក សុខ ឥសាន លើកឡើងថា នយោបាយ​ឈ្នះ​ឈ្នះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុ សែន បង្កើតឡើង ដើម្បី​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​រលំរលាយ ដើម្បី​បញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំមក​នូវ​សន្តិភាព​ទាំងស្រុង​ជូន​ជាតិ​មាតុភូមិ​កម្ពុជា និង​ប្រជាជន​កម្ពុជា ដើម្បី​នាំមក​នូវ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​មកវិញ និង​ជីវភាព​រស់នៅ​ប្រកបដោយ​ប្រជាធិបតេយ្យ និង​មាន​ការគោរព​សិទ្ធិមនុស្ស ដែល​បាន​បាត់បង់​ទៅនោះ ដូចដែល​ប្រជាជន​កម្ពុជា បានទទួល​គ្រប់គ្នា​តាំងពី​ឆ្នាំ​១៩៧៩​មក ប៉ុន្តែ​នយោបាយ​ឈ្នះ​ឈ្នះ មិនត្រូវ​បាន​យកមកអនុវត្ត​នៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងមាន​ការគោរព​តាម​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឡើយ អាច​អនុវត្ត​ត្រឹម​នយោបាយ​បង្រួបបង្រួម​ជាតិ និង​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ ដើម្បី​នាំមក​នូវ​ប្រក្រតីភាព​ស​ង្គ​ម​ទ្បើង​វិញ​តែប៉ុណ្ណោះ​។​

តាម​លោក សុខ ឥសាន ជាការ​គួរ​ឲ្យ​សោកស្តាយ ដែល​នយោបាយ​ទាំងនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​បង្កើតឡើង ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ បែរជា​ត្រូវ​រលាយ​សាបសូន្យ​ទៅវិញ ដោយសារ​ស្នាដៃ​របស់​ទណ្ឌិត សម រង្សី និង​ក្រុម​អតីត​មេដឹកនាំ​អតីត​បក្សប្រឆាំង ធ្វើ​ឲ្យ​ពួកនេះ​ជាប់ពិរុទ្ធ ដោយសារ​ល្មើសច្បាប់​ធ្ងន់ធ្ងរ ហើយ​នយោបាយ​បង្រួបបង្រួម​ជាតិ និង​វប្បធម៌​សន្ទនា ត្រូវ​បំផ្លាញចោល​ទៀត​។ លោក​បន្តថា “​ឥឡូវ​ដល់​រើខ្លួន​មិន​រួច បែរជា​ងាក​មករក​ចរចា ដើម្បី​បានរ​ស់មាន​ដង្ហើម​ឡើងវិញ ដែលជា​ករណី​មិនអាច​ជាដាច់ខាត មានតែ​ត្រូវ​ទទួលស្គាល់​ការពិត ហើយ​សុខចិត្ត​ទទួល​យកទៅ​តែប៉ុណ្ណោះ អត់​មាន​អានុភាព​ណា​អាចជួយ​បានឡើយ​។ នៅក្នុង​សង្គម​នីតិរដ្ឋ ជន​ណា​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​ទទួល​ត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង​ជា​ចាំបាច់​។ ដូច្នេះ​ការ​លើកយក​នយោបាយ​ឈ្នះ​ឈ្នះ មក​ដាក់​ជា​របៀបវារៈ​នាពេលនេះ គឺជា​ឧបាយកល​ទុច្ចរិត ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​តែប៉ុណ្ណោះ​”​។​

ចំណែក​ការចង់​ឲ្យ​មាន​ការធ្វើប្រជាមតិ លុបចោល​បរិច្ឆេទ​នៃ​ការបោះឆ្នោត​នោះ លោក សុខ ឥសាន បញ្ជាក់ថា វា​គ្រាន់តែ​ជា​ឧបាយកល​រំលោភ​រដ្ឋធម្មនុញ្ញ ដើម្បី​ជួយ​យឹតយោង​ពួក​ក្បត់ជាតិ ឲ្យ​រួចខ្លួន​ប៉ុណ្ណោះ ដូច្នេះ​រាល់​ការលើកឡើង ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ដែល​ចង់​បំផ្លាញ​ការបោះឆ្នោត គឺជា​បញ្ហា​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។ លោក​បន្តថា សេណារីយោ ដែល​លើកឡើង គឺ​គ្រាន់តែ​ជាការ​ឆ្កួត​លីលា​តែប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា “​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ចង់​ហក់លោត​អី​ទៀត ហក់លោត​ទៅ បាន​មួយ​សេរី តែ​មិនអាច​បោក​បញ្ឆោត​គណបក្ស​ប្រជាជន​កម្ពុជា​បានជា​ដាច់ខាត ទោះ​តាម​រូបភាព ខ្លឹមសារ និង​ទម្រង់​ណាក៏ដោយ អត់​បាន​ផល​ទេ មានតែ​ម្យ៉ាង គឺ​ទទួលស្គាល់​កំហុស ហើយ​ទទួលយក​កំហុស​នោះ​ទៅ​តែប៉ុណ្ណោះ​។ បើ​មិន​ដូច្នោះ​ទេ ហក់​ខ្លាំង​ត្រូវ​ខ្លាំង ហក់​តិច​ត្រូវ​តិច​តាម​សំណូមពរ​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu