តាកែវ ៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលមានសៀវភៅ ប៊ិច សម្លៀកបំពាក់ ស្បែកជើង ភេសជ្ជៈ គ្រឿងបរិភោគនិងថវិកា ០៥លានរៀល ត្រូវបានប្រគល់ជូនដល់មណ្ឌលកុមាកំព្រាអង្គការសឿន ដែលស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកបបាស ខេត្តតាកែវ។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ក្មួយៗកុមារកំព្រា ប្រជាពលរដ្ឋ ចាស់ជរា អាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាស សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស និងផ្នែកពាក់ព័ន្ធនានាផងដែរ។
លោក អ៊ួន សឿន ដែលជាស្ថាបនិក មណ្ឌលកុមារកំព្រាអង្គការសឿន លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ និងបុគ្គលិកនៅក្នុងអង្គការនេះ។
លោក មែ ស៊ីថន តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការលះបង់ និងក្តីស្រលាញ់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ ជាកុមារកំព្រានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកូនៗកុមារកំព្រាក្រីក្រទាំងអស់។
លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសឲ្យយើងអាចធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរួមគ្នាជួយដល់សង្គមជាតិ និងការអភិវឌ្ឍន៍ភូមិឋានយើង។
លោកបានសំណូមពរឲ្យកូនៗនិងក្មួយៗទាំងអស់ ខិតខំរៀនសូត្រ និងស្តាប់លោកគ្រូអ្នកគ្រូ ដើម្បីអនាគតរបស់កូនៗក្មួយៗកាន់តែល្អប្រសើរ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តការអភិវឌ្ឍ និងបន្តរក្សាភាពសុខសាន្តនៅក្នុងភូមិដ្ឋានយើង។
លោក មែ ស៊ីថន ក្នុងនាមជំនួសមុខជូន លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុនី្ន សូមថ្លែងអំណរគុណលោក អ៊ួន សឿន និងភរិយា ព្រមទាំងសប្បុរសជនទាំងអស់នៅសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលតែងតែជួយឧបត្ថម្ភគាំពារដល់មណ្ឌលកុមារកំព្រាអង្គការសឿន ដែលជាការជួយដល់ការលូតលាស់ និងភាពកក់ក្តៅដល់កុមារទាំងអស់ក្នុងមណ្ឌលនេះ។
នៅចុងក្រោយនៃពិធីនេះ ក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាសបានចូលរួមពិសានំបញ្ចុកជាមួយកូនៗក្មួយៗកុមារកំព្រា និងប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាល និងការប្តេជ្ញាចិត្តរបស់ពលរដ្ឋមានឈ្មោះបោះឆ្នោតទាំងអស់ ដែលប្តេជ្ញាទៅបោះឆ្នោតគ្រាប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments