ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋជិត៣០០គ្រួសារ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលបានអណ្តូងទឹកស្អាតចំនួន១០ពីមូលនិធិអណ្តូងទឹករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលការប្រគល់អណ្តូងទឹកនេះបានធ្វើឡើងដោយការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ពីសំណាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារមួយចំនួនទៀត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់អណ្តូងទាំងនេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រគល់អណ្តូងទឹកនេះ គឺការធ្វើបុណ្យជាមួយប្រជាពលរដ្ឋនិងជាការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងតាមរយៈការឱ្យក្រុមការងារ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្ដែង និងដោះស្រាយតម្រូវការបម្រើប្រជាពលរដ្ឋទៅតាមលទ្ធភាព។ ជាក់ស្ដែង ដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលនៅតំបន់ឆ្ងាយពីប្រភពទឹក មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេស នៅរដូវប្រាំង ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់អោយក្រុមការងារមូលនិធិអណ្តូងទឹករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ធ្វើជូនប្រជាពលរដ្ឋនៅទីនេះអាស្រ័យផលដើម្បីបង្កភាពងាយស្រួលនិងបំពេញសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ ម្នាក់ៗបានសំដែងនូវក្តីរំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អណ្តូង ពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញនូវសេចក្តីត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ ហើយពួកគាត់ម្នាក់ៗបានប្តេជ្ញាចិត្ត បន្តគំទ្របោះឆ្នោតជូនសម្តេចតេជោជាបន្តទៀត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចំរើនទៅមុខទៀត។
សូមបញ្ជាក់ថា អណ្តូងដែលជាអំណោយរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែ បានធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន១ពាន់អណ្តូង។ ហើយ រយៈពេល៥ឆ្នាំមកនេះក្រុមការងារខួងរួចរាល់បានចំនួន៤៧៧អណ្តូងហើយ រួមទាំងអណ្តូងដែលដាក់អោយប្រើប្រាស់ជាផ្លូវការបានចំនួន ៣៩៦ អណ្តូងរួចមកហើយ។
ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សម្រាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។ លើសពីនោះ បើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
Source: Kampuchea Thmey Daily
0 Comments