Ad Code

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​ទស្សនកិច្ច​ទីបញ្ជាការ​កងពលតូច​លេខ​៧០



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីបញ្ជាការ​កងពលតូច​លេខ​៧០ ហើយ​ទស្សនកិច្ច​នេះ មានការ​ទទួល​ស្វាគមន៍​ផ្ទា​ល់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ ព្រមទាំង​មេបញ្ជាការរង​នាយទាហាន ពលទាហាន​យ៉ាង​ច្រើន។

សូមបញ្ជាក់ថា ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រះរាជាណាច​កម្ពុជា រយៈពេល​៥​ថ្ងៃនេះ (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨) ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាម​កម្មវិធី ឯកឧត្តម ប្រធាន​គណៈប្រតិភូ នឹង​អញ្ជើញ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃ​បន្ទាប់ គណៈប្រតិភូ នឹង​អញ្ជើញ​ទៅ​ទស្សនា​នៅ​ទីតាំង​មួយចំនួន​។ អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា ឯកឧត្តម ប្រធាន​គណៈប្រតិភូ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​បន្ត​ជួប​សម្តែង​ការគួរសម​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សម្រាប់​កម្មវិធី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ នឹង​អញ្ជើញ​ជា​អធិបតី​រួមគ្នា ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​យោធា​រួមគ្នា​កម្ពុជា​-​ចិន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ​ថ្ងៃ​បន្ទាប់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ WEI FENGHE និង​គណៈប្រតិភូ នឹង​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu