Ad Code

ប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៤ ស្តីពី “​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត”



ភ្នំពេញ ៖ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៤ (4th JCC) ស្តី​ពី “​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (MVRI)” នៅ សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ៨​រោច ខែ​ជេ​ស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨។



ពិធី​នេះ​ប្រព្រឹត្ត​ឡើង ដោយមាន​ការចូលរួម​ពី​លោក តា​ណា​កា កូតា​រ៉ូ អនុប្រធាន​តំណាង​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា សម​ភាគី​ដែល​ជា​សមាជិក​របស់​គម្រោង និង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​អន្តរក្រសួង​មកពី អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ និង​ក្រុម​អ្នកជំនាញការ​គម្រោង JICA ដែល​អ្នកចូលរួម​ប្រជុំ​សរុប​ទាំងអស់​ប្រមាណ ៥០​នាក់។



គោលបំណង នៃ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៤ នៃ​គម្រោង​នេះ គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​លើ​សមិទ្ធផល​របស់​គម្រោង ដែល​សម្រេចបាន​កន្លង​មក និង​ដើម្បី​ធ្វើការ​អនុម័ត​លើ​សកម្មភាព​បន្ទាប់​នៅពេល​ខាងមុខ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម រួមមាន​ការចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ប្រកបដោយ​ភាព​រលូន មាន​សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ពេលវេលា​ផ្តល់​សេវា និង​កាត់បន្ថយ​ភាព​ស្មុគ​ស្មាន ក្នុង​ការផ្តល់សេវា។



គម្រោង​នេះ​ ក៏​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ ប្រមូល​ចំណូល​ពន្ធ​រដ្ឋ ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​ចូលរួម​កាត់បន្ថយ​បទល្មើស​នៃ​ការប្រើប្រាស់​យានយន្ត​ខុសច្បាប់​។ ការរៀបចំ​ពង្រឹង​នូវ​បទដ្ឋាន​គតិយុត្តិ និង​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​ប្រព័ន្ធ​ក៏ត្រូវ​បានរួម​បញ្ចូល​ក្នុង​ក្នុង​គម្រោង​នេះ​ផងដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu