Ad Code

ពានរង្វាន់​បាល់ទាត់​សម្តេច​ចក្រី ហេង សំរិន បើក​ចុះបញ្ជី​ក្រុម​ចូលរួម​ប្រកួត​ឆ្នាំ​ទី​២



ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លើក​ទី​២ ឆ្នាំ​២០១៨ បាន​ប្រកាស​បើក​ចុះបញ្ជី​ឈ្មោះ​ក្រុម​ចូលរួម​ប្រកួត​ពី​ពេលនេះ​តទៅ​ហើយ ដោយ​ទទួល​តែ​ក្រុម​ចូលរួម​ចំនួន​២៣​ក្រុម​ប៉ុណ្ណោះ ខណៈ​ការប្រកួត​នឹង​ប្រើប្រាស់​ទីលាន​ចំនួន​២​ផ្សេងគ្នា ហើយ​ដំណើរការ​រយៈពេល​ប្រមាណ​ជា​៣​ខែ​។

​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ប្រកួត​បា​ន​បញ្ជាក់ថា​ ការប្រកួត​ពានរង្វាន់​បាល់ទាត់​សម្តេច​ចក្រី ឆ្នាំ​ទី​២​នេះ​នឹង​ដំណើរការ​ពី​ថ្ងៃ​ទី​២៦ ខែសីហា ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ទីលាន​ស្មៅ​សប្ប​និមិត្ត​ឯកជន KMH នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ចុះឈ្មោះ​ក្រុម​ចូលរួម​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីលាន​បាល់ទាត់ KMH ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​រោង​ចក្រ​ដំបូល​ខៀវ​)។



តំណាង​គណៈកម្មការ​ប្រកួត​បាន​បញ្ជាក់​ថា​ ក្លិប​ចំនួន​៣២ នឹង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នេះ (​អាទិភាព​សម្រាប់​អ្នកដាក់ពាក្យ​បាន​មុន​)​។ សម្រាប់​ក្រុម​ដែល​មាន​ចំណាប់អារម្មណ៍​ ឬ​ ចង់​ដឹង​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ ០៧៧ ៨៦៦ ០៧៧/ ០៩៣ ៧៩៤ ៩៤៧/ ០១៥ ២៩២ ៩៩១​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់​សម្តេច​ចក្រី​ឆ្នាំ​ដំបូង​កាលពី​ឆ្នាំ​២០១៧ មាន​ក្រុម​ចូលរួម​ចំនួន​១៨​ក្រុម​ដោយ​ចែកជា​ពូ​ល​ផ្សេងៗ​គ្នា​ដើម្បី​ប្រកួត​ជម្រុះ​។ ជា​លទ្ធផល​ក្រុម​ជើងឯក​បាន​ទៅ​ក្រុម​អាណាចក្រ​បៃតង ដែល​កាលនោះ​ទទួល​បាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១ និង​ប្រាក់​រង្វាន់ ២៤,០០០,០០០ រៀល ហើយ​ក្រុម​សម្ព័ន្ធ​យុវជន​ម៉ូ​ស្លី​ម​ដែល​ទទួល​បាន​ជើងឯក​រង​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​គ្រឿង និង​ទឹកប្រាក់​ចំនួន​១២,០០០,០០០ រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ពិស្ណុការ ទទួលបាន​ទឹកប្រាក់​៦,០០០,០០០​រៀល ហើយ​ក្រុម​Old Town Garden ទទួលបាន​ពានរង្វាន់ Fair Play​។

​កាលពី​ឆ្នាំ​ដំបូង​លោក ធុល នាង ទីប្រឹក្សា​ផ្ទាល់​សម្តេច ហេង សំរិន និង​ជា​ប្រធាន​គ្រប់គ្រង​ការប្រកួត​ធ្លាប់​បាន​លើកឡើង​ថា ​ប្រកួត​នេះ​ផ្តោត​ទៅ​លើ​យុវជន​កម្ពុជា គឺ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូលរួម​នោះ​ទេ ព្រោះ​ឲ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព​។ គណៈកម្មការ​រំពឹង​ថា ​ការប្រកួត​ពាន​មួយ​នេះ ជួយ​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ក្លាយទៅជា​កីឡាករ​អាជីព អាច​ចូលរួម​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu